ជាមួយនឹងស្នេហ៍មុខ ភាពម៉ឺងម៉ាត់ និងទេពកោសល្យនយោបាយកាន់តែខ្លាំង ប្រជាប្រិយភាពរបស់លោកស្រីមីសែលអូបាម៉ា ញ៉ាំងឱ្យមានសន្ទុះថ្មីមួយ ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់ស្វាមី លោកស្រី ។ទម្ងន់សេដ្ឋកិច្ចនៅចោទខ្លាំងលើតុល្យភាពរបស់លោកបារ៉ាក់ អូបាម៉ា ដែលធ្វើការតស៊ូយ៉ាងស្វិតស្វាញទល់នឹងគូប្រជែងនៃគណបក្សសាធារណរដ្ឋលោកមីត រ៉ូមនី សម្រាប់ការបោះឆ្នោតនាថ្ងៃទី៦ វិច្ឆិកា ខាងមុខនេះ ។
ក៏ប៉ុន្តែស្ត្រីទីមួយដែលពីមុនចូលឡូកឡំតិចតួចក្នុងនយោបាយនោះ ពេលនេះបានហក់ចូលហើយប្រើរាល់ថាមពល ដើម្បីការចាញ់ ឬការឈ្នះរបស់ស្វាមីលោកស្រី ដែលរៀបការជាមួយគ្នារយៈពេល២០ឆ្នាំមកហើយ ។លោកស្រីមី សែល អូបាម៉ាមានវត្តមានលើគ្រប់រណសិស្ស ដើម្បីប្រមូលមូលនិធិពីបណ្តាអ្នកគាំទ្រប្រធានាធិបតី និងដើម្បីគូសបញ្ជាក់ពីភាពខុសគ្នារវាងស្វាមីលោកស្រី និងគូប្រជែងសាធារណរដ្ឋ ឬបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោកបារ៉ាក់ អូបាម៉ា ចាប់តាំងពីលោកចូលកាន់សេតវិមានមក ។បណ្តាមនុស្សជំនិតរបស់ប្តីប្រពន្ធលោកអូបាម៉ា ក៏កត់សម្គាល់ឃើញផងដែរថា លោកស្រីមីសែល អូបាម់ា អាយុ៤៨ឆ្នាំ ជានារីស្រស់សោភាបានហក់ចូលប្រឡូកនយោបាយខ្លាំងជាង កាលពី៤ឆ្នាំមុន ។
លោកស្រីបានដឹកនាំកិច្ចប្រជុំប្រមូលមូលនិធិចំនួនដល់ទៅ៧៣លើក ចាប់តាំងពីខែមេសាមក ដែលនេះជាការងារសំខាន់ សម្រាប់ទប់ទល់នឹងលោកមីតរ៉ូមនី ដែលក្នុងមួយខែៗប្រមូលបានប្រាក់ជួយទ្រទ្រង់ដល់ការឃោសនាបោះឆ្នោតបានជាច្រើនសិបលានដុល្លារ ។ ម្យ៉ាងវិញទៀត ភរិយាប្រធានាធិបតីចប់អាណត្តិបានចូលរួមក្នុងកិច្ចប្រជុំនយោបាយចំនួន២២ ហើយលោកស្រីជាប្រមុខនៃការផ្តួចផ្តើមគំនិត «IT TAKES ONE» សំដៅបង្ហាញដល់បណ្តាអ្នកគាំទ្រថា ទោះបីជាការចូលរួមវិភាគទានតូចៗក្តីទីបំផុតប្រមូលផ្តុំគ្នាទៅបានច្រើនដែរ ។
លោកស្រីមីសែល អូបាម៉ា បានលេចមុខតាមទូរទស្សន៍ជាទៀងទាត់ នៅជាប់ជាមួយបណ្តាយុវនារីស្បែកខ្មៅអាេមរិក ដែលជាកត្តា នៃជ័យជម្នះរបស់លោកអូបាម៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០០៨ ។ ឧទាហរណ៍ លោកស្រីធ្លាប់ចូលរួមក្នុងកម្មវិធីទូរទស្សន៍របស់ JAY LENO រួមជាមួយកីឡាការិនី ជើងឯកអូឡាំពិកខាងកាយសម្ព័ន្ធនាង GABBY DOUGLAS ជាដើម។ទស្សនាវដ្តី FORBES របស់អាេមរិកក្នុងចំណាត់ថ្នាក់នារី១០០រូប ដែលមានឥទ្ធិពលជាងគេបំផុតលើពិភពលោក ឆ្នាំ២០១០ មានឈ្មោះលោកស្រីមីសែល អូបាម៉ា ដែរ ដោយរៀបរាប់ពាក្យសរសើរលោកស្រីដ៏អស្ចារ្យ គឺ«លោកស្រីជាបដិមានៃពិភពម៉ូដ និងជាមាតាកីឡារបស់កូនស្រី២នាក់ ហើយលោកស្រីជាហ្សាក់គី កេណ្ណឺឌី ជាមួយនឹងសញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យ HARVARD គួបផ្សំនឹងវប្បធម៌ល្អ ដែលប្រមូលក្នុងសង្កាត់ទាំងឡាយនាភាគខាងត្បូង ក្រុងស៊ីកាហ្គោ» ។
លោកស្រីមីសែលជានិច្ចជាកាល ចៀសវាង ការប្រយុទ្ធខាងនយោបាយដោយផ្ទាល់ ហើយលោកស្រីប្រមូលបានប្រជាប្រិយភាពដោយសារយុទ្ធនាការទាំងឡាយដែលមានផលប្រយោជន៍ជាសាធារណៈដូចជាយុទ្ធនាការរបស់លោកស្រី ប្រឆាំងជំងឺធាត់ ឬដើម្បីជួយដល់បណ្តាគ្រួសារអតីតយុទ្ធជន ។ ជាលទ្ធផលលោកស្រីមានប្រជាប្រិយភាពខ្លាំងជាងស្វាមី ។ បើតាមការស្ទាបស្ទង់មតិរបស់ GALLUP មនុស្ស៦៦% ក្នុងចំណោមមនុស្សដែលគេសាកសួរកាលពីខែឧសភាគាំទ្រលោកស្រីទល់នឹង៤៥% ប៉ុណ្ណោះ សម្រាប់ប្រធានានាតី ៕


ចែករំលែកព័តមាននេះ