ខេត្តកំពង់ធំ ៖ រថយន្ដម៉ាក HINO ចំណុះ៣តោនកន្លះ បើកដោយឈ្មោះហ៊ត ចិត្ដ ភេទប្រុស អាយុ២៣ឆាំ្ន រស់នៅភូមិថ្មី ឃុំកៀមសង្កែ ស្រុកសូនិគមន៍ ខេត្ដសៀមរាប ដឹកទំនិញគ្រប់មុខសំពីងសំពោងចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្ដសៀមរាប លុះមកដល់ចំណុចភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន អ្នកបើកបរងងុយដេកពេកងោកមួយភាំង ក៏បណ្ដាលឱ្យជ្រុលចង្កូតធា្លក់ថ្នល់ត្រាំក្បាលចូលទៅក្នុងទឹក កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ សីហា ២០១២, លុះព្រឹកឡើង ទើបយករថយន្ដ២គ្រឿងទៀតទៅសាងអីវ៉ាន់បានអស់។
ប្រភពព័ត៌មានពីស្ដ្រីឈ្មោះហម យីម អាយុ៣៥ឆ្នាំ ជាអ្នកលក់ដូរនៅកន្លែងកើតហេតុឱ្យដឹងថា គ្រួសាររបស់គាត់មានសមាជិកទាំងអស់ចំនួន៥នាក់ ប្ដីគាត់មានជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែករូបគាត់ដេកនៅជាមួយនឹងកូនៗ៣នាក់ទៀត កំពុងតែលង់លក់ស្រួលក្នុងដំណេក ស្រាប់តែឮសំឡេងក្ដាំងឡើងដូចរន្ទះបាញ់អ៊ីចឹងភ័យលោះព្រលឹងក៏នាំគ្នាស្ទុះក្រោកឡើងទាំងស្រឡាំងកាំងឃើញរថយន្ដបុករោងលក់ដូររបស់គាត់ដាច់អស់មួយចំហៀងចូលទៅក្នុងទឹកសំណាងល្អណាស់ នៅខ្វះតែកន្លះមែត្រប៉ុណ្ណោះ ជីវិតម៉ែកូនគាត់ទាំង៤នាក់ ច្បាស់ជាស្លាប់គ្មានសល់នោះទេ ធ្វើឱ្យរបស់របររបស់គាត់មួយចំនួនធំដូចជាស្រា ទឹកក្រូច នំចំណី គ្រឿងកញ្ចប់ គ្រឿងកំប៉ុងត្រូវខូចខាតតែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ