ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិ​យោ​គិន​​អាច​ចូល​មើល​ព័ត៌​មាន​​ និង​ទិន្ន​ន័យ​ទីផ្សារ​​មូល​បត្រ​​បាន​​តាម​ប្រព័ន្ធ​អីុនធើរ​ណេត​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថ្មី​ៗ​នេះ​​ក្រុម​ហ៊ុន​​ទី​ផ្សារ​​មូល​បត្រ​​កម្ពុជា​បាន​បង្កើត​​នូវ​សេវា​ផ្តល់​ព័ត៌​មាន​ទាក់​ទង​នឹង​ទីផ្សារ​មូល​បត្រ​​តាម​ប្រព័ន្ធ​​អីុន​ធើរ​ណេត​​ដែល​អនុ​ញ្ញាត​​ឱ្យ​​វិនិ​យោគិន​ចូល​មើល​ទិន្ន​ន័យ​ និង​ព័ត៌​មាន​​ទី​ផ្សារ​​ទាន់​ពេល​វេលា​​នៃ​ការ​ជួញ​ដូរ​​មូល​បត្រ​​តាម​រយៈ​​កុំ​ព្យូទ័រ​​ ទូរស័ព្ទ​​ដៃ​ទំនើប​ ឬ​ក៏ Notepads បាន​គ្រប់​​ពេលវេលា និង​គ្រប់​ទី​កន្លែង​ដែល​មាន​​ប្រព័ន្ធ​អីុន​ធើរ​ណេត ។ ដើម្បី​ផ្តល់​​​ភាព​ងាយ​ស្រួល​ដល់​វិនិ​យោ​គិន​ ​ក្នុង​ការ​ទទួល​បាន​ទិន្ន​ន័យ​​ និង​ព័ត៌​មាន​​ទីផ្សារ​ទាន់​ពេលវេលា​​ជា​មួយ​នឹង​សេវា​ដ៏​ពិសេស​នេះ​វិនិ​យោគិន​​នឹង​​អាច​មើល​ឃើញ​បញ្ជា​ទិញ-លក់​បច្ចុ​ប្បន្ន ការ​ផ្តល់​​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន​​ចុះ​បញ្ជី និង​ផ្សារ​មូល​បត្រ​កម្ពុជា ថ្លៃ​ភាគ​ហ៊ុន​ និង​តម្លៃ​​សន្ទស្សន៍​នា​ពេល​កន្លង​មក ​ព្រមទាំង​​ព័ត៌​មាន​ផ្សេងៗ​​ពាក់​ព័ន្ធ​នឹង​​ភាគ​​ហ៊ុន​ និង​​ក្រុម​ហ៊ុន​​ចុះ​បញ្ជី ។

​​កញ្ញា គឹម ​សុផានីតា ដែល​​ជា​មន្ត្រី​​ប្រតិ​បត្តិ​​ផ្នែក​​ទិន្ន​ន័យ​​ទីផ្សារ និង​សន្ទស្សន៍​​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​ទីផ្សារ​បាន​ថ្លែង​​តាម​ទូរស័ព្ទ​​ប្រាប់​​កោះ​សន្តិ​ភាព​​ឱ្យ​​ដឹង​ថា សេវា​ផ្តល់​ព័ត៌​មាន​​ទី​ផ្សារ​តាម​ប្រព័ន្ធ​អីុន​ធើរណេត​មាន​សារ​សំខាន់​​ណាស់​សម្រាប់​​វិ​និយោគិន​ដែល​អាច​ឱ្យ​ពួក​គេ​​ងាយ​ស្រួល​ទទួល​បាន​ទិន្ន​ន័យ​ និង​ព័ត៌​មាន​​ទាក់​ទិន​​នឹង​ទីផ្សារ​មូល​បត្រ​​ទាន់​ពេលវេលា​នៅ​ក្រុម​ហ៊ុន​​ទីផ្សារ​មូល​បត្រ​កម្ពុជា ។ វាជា​សក្តានុ​ពល​​មួយ​ដែល​អាច​​ជំរុញ​​ឱ្យ​​សាធារណៈ​​ជន​ទូទៅ​ ជា​ពិសេស​វិនិ​យោ​គិន​តែម្តង ​អាចយល់​ដឹង និង​ងាយ​ស្រួល​​តាម​ដាន​ព័ត៌​មាន​​ទាំង​អស់​ទាក់​ទង​នឹង​ទីផ្សារ​​មូល​បត្រ​តាម​រយៈ​សេវា​​ថ្មី​នេះ ។

​កញ្ញា គឹម សុផានីតា បាន​​បញ្ជាក់ថា ​វិនិ​យោគិន​​ដែល​ជា​អតិថិ​ជន​របស់​​ក្រុម​ហ៊ុន​​មូល​បត្រ​អាច​ទៅ​ចុះ​ឈ្មោះ​​​របស់​ខ្លួន​ដោយ​​ផ្ទាល​់​​នៅ​ក្រុម​ហ៊ុន​​​មូល​បត្រ​​ជា​មុន​​សិន ទើប​អាច​​ប្រើ​ប្រាស់​​​សេវា​​ផ្តល់​ព័ត៌​មាន​តាម​ប្រព័ន្ធ​​​អីុនធើរណេត​​នេះ​បាន ។ ​យោង​តាម​​សេ​ចក្តី​​ជូន​ដំណឹង​​របស់​ក្រុម​ហ៊ុន​មូល​បត្រ​ កាល​ពី​ថ្ងៃទី​១៤ សីហា ​បាន​ឱ្យ​ដឹង​ថា ពេល​នេះ​មាន​​​ក្រុម​ហ៊ុន​​ចំ​នួន​៧​​ក្នុង​ចំណោម​​ក្រុម​ហ៊ុន​១២​​ដែល​ជា​សមា​ជិក​​​បាន​បំពេញ​នីតិវិធី​រួច​រាល់​ជា​មួយ​ក្រុម​​ហ៊ុន​ទីផ្សារ​​មូល​បត្រ​កម្ពុជា ​ក្នុង​ការ​ទទួល​សិទ្ធិ​ផ្តល់​​ព័ត៌​មាន​ទាំង​នេះ​​ជូន​ដល់​អតិថិ​ជន​​របស់​ខ្លួន​ដែល​មាន​គណ​នេយ្យ​​ជួញ​ដូរ​ហើយ​​ក៏​មាន​ក្រុម​ហ៊ុន​ដទៃ​ទៀត​​កំពុងត្រៀម​​រៀបចំ​បំពេញ​​នីតិវិធី​​របស់​ខ្លួន​ផង​ដែរ ៕