នាង Mika Miyazatoទទួលបានពាន LPGA Tourជាលើកដំបូងរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះជើងឯកកម្មវិធី Safeway Classicកាលពីថ្ងៃអាទិត្យទី ១៩ខែសីហាកន្លងមកនេះ ។ ព្រឹត្តិការណ៍ប្រកួតដែលមានទឹកប្រាក់រង្វាន់សរុប១លាននិង៥សែនដុល្លារអាមេរិកនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Pumpkin Ridge Golf Clubស្ថិតក្នុងទីក្រុង North Plainsរដ្ឋ Oregonសហរដ្ឋអាមេរិក ។
Miyazatoវ័យ២២ឆ្នាំឆ្លងកាត់ការប្រកួត៣ជុំធ្វើបានលទ្ធផលសរុប១៣អាន់ឌ័រ ២០៣។ នេះគឺជាពានជើងឯកលើកទី១បន្ទាប់ពីនាងដណ្តើមបានចំណាត់លេខ២ក្នុង២កម្មវិធីកាលពីដើមឆ្នាំ។នាងបានថ្លែងថា៖«វាជាសុបិនមួយដែលបានមកប្រកួតនៅទីនេះនិងឈ្នះពានរបស់សមាគម LPGA Tour ។ សម្រាប់ខ្ញុំ វាជាក្តីសប្បាយដ៏ធំបំផុត »។ នាងបានបន្តថា៖«ចាប់ផ្តើមរដូវកាល ការប្រកួតរបស់ខ្ញុំមិនបានល្អនោះទេ ។ ខ្ញុំបានព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ។ ការលេងរបស់ខ្ញុំមកដល់ពេលនេះកាន់តែមានភាពប្រសើរខ្លាំងឡើងហើយ ។ តាមរយៈជ័យជម្នះរឹតតែធ្វើឱ្យខ្ញុំមានទំនុកចិត្តកាន់តែខ្លាំងលើបច្ចេកទេសប្រកួតរបស់ខ្លួនឯង »។
ការដណ្តើមបានពានជើងឯកលើកនេះនាំឱ្យនាង Mika Miyazatoទទួលបានទឹកប្រាក់រង្វាន់២២៥ពានដុល្លារអាមេរិកខណៈកីឡាការិនីកូរ៉េខាងត្បូង Inbee Parkដែលបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ២ស្ទួនជាមួយនាង Brittany Lincicome ទទួលបានទឹកប្រាក់ក្នុងម្នាក់ៗជាង១១៨ពានដុល្លារ។ ពួកគេទាំង២នាក់ឆ្លងកាត់៣ជុំប្រកួតធ្វើបានលទ្ធផលស្មើគ្នាគឺ ១១អាន់ឌ័រ ២០៥ ។
ចំណែកម្ចាស់ជើងឯក U.S. Women’s Openនាង So Yeon Ryuបញ្ចប់៣ជុំប្រកួតធ្វើបានលទ្ធផលសរុប ១០អាន់ឌ័រ ២០៦ស្ថិតនៅចំណាត់ថ្នាក់លេខ៤ស្ទួនជាមួយនាង Cristie Kerr និងនាង Haeji Kangនាំមុខ១ស្ត្រូកលើកីឡាការិនី Sydnee Michaelsដែលបញ្ចប់ការប្រកួតស្ថិតនៅចំណាត់ថ្នាក់លេខ៧ ។កីឡាការិនីលំដាប់ទី១ពិភពលោកយ៉ានី សេងធ្វើមិនបានល្អទេក្នុងការប្រកួតលើកនេះ ។ ឆ្លងកាត់៣ជុំប្រកួត នាងធ្វើបានលទ្ធផលសរុបតែ៦ អាន់ឌ័រ ២១០និងដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ១១ប៉ុណ្ណោះ ។
កាលពីខែកុម្ភៈ នាងទទួលបានជោគជ័យទាំងស្រុងនៅក្នុងការប្រកួតការពារជើងឯក LPGA Thailandរបស់ខ្លួននៅប្រទេសថៃ។ គេនៅចាំបានថា ពីរឆ្នាំមុន នាងគឺជាកីឡាការិនីដែលនាំមុខគេនៅក្នុងសមាគម LPGA Tour ដោយបានយកឈ្នះពានជើងឯក៧លើកបន្តបន្ទាប់គ្នា ៕
ចែករំលែកព័តមាននេះ