ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​កម្ពុជា​​សរុប​​ប្រមាណ​១០០​នាក់ ​ទទួល​អាហារូប​ករណ៍​​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​ប្រកាស​​ព័ត៌​​មាន​របស់​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ចុះ​ថ្ងៃទី​១៧ សីហា ២០១២ ឱ្យ​​ដឹង​ថា ចាប់ពី​ខែ​កញ្ញា​​ទៅ​ ​និស្សិត​​អាហារូប​ករណ៍​​កម្ពុជា​ប្រមាណ​​១០០​នាក់ នឹង​ចាក​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ។ ជា​​រៀង​រាល់​ឆ្នាំ​ ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ទីភ្នាក់ងារ​​សាកល​វិទ្យា​ល័យ​​នៃ​បណ្តា​ប្រទេស​ប្រើ​​ប្រាស់​ភាសា​​បារាំង (AUF) បាន​ផ្តល់​អាហារូប​ករណ៍​​ដល់​បណ្តា​និស្សិត​​ឆ្នើម​កម្ពុជា ​ដើម្បី​ឱ្យ​ពួក​គេ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ឬ​ថ្នាក់​បណ្ឌិត​នៅតាម​​សាកល​វិទ្យា​ល័យ ឬ​សាលា​ធំៗ​​នៅ​ប្រទេស​បារាំង ។

​ក្នុង​ចំណោម​​និស្សិត​ជ្រើសរើស​​នៅឆ្នាំ​នេះ មាន​ប្រមាណ​២០​នាក់​ទទួល​អាហារូប​ករណ៍​​របស់​រដ្ឋា​ភិបាល​​​បារាំង ដើម្បី​ទៅ​បន្ត​ការ​សិក្សា​លើ​មុខ​វិជ្ជា​​​​ផ្សេងៗ​ជាច្រើន​មាន​ដូចជា ស្ថាបត្យកម្ម  ច្បាប់ សេដ្ឋ​កិច្ច-គ្រប់​គ្រង វិទ្យា​សាស្ត្រ​វិស្វ​កម្ម វិទ្យា​សាស្ត្រ​អប់រំ ទេស​ចរណ៍ ​​និង​សិល្បៈ​​ថត​រូប​ជាដើម។ ​ចំណែក​និស្សិត​​កម្ពុជា​១៧​នាក់​ទៀត​បាន​ទទួល​អាហារូប​ករណ៍​ Eiffel ផ្តល់​ដោយ​​ក្រសួង​ការ​បរទេស​​បារាំង ​ដែល​នឹង​អនុ​ញ្ញាត​ឱ្យ​ពួក​គេ​​បន្ត​ការ​សិក្សា​​ថ្នាក់​បរិញ្ញា​បត្រ​​ជាន់​ខ្ពស់​ ។ និស្សិត​ដែល​ត្រូវ​​ចេញ​ដំណើរ​នៅ​ពេល​នេះ ​នឹង​ទៅ​ជួប​ជុំ​ជា​មួយ​និស្សិត​កម្ពុជា​​ជា​ច្រើ​នាក់​ទៀត ដែល​​កំពុង​រៀន​​បន្ថែម ​ផ្នែក​វេជ្ជ​សាស្ត្រ និង​ឱសថ​​​សាស្ត្រ​​ក្នុង​រយៈ​ពេល​១ទៅ​២​ឆ្នាំ​នៅ​តាម​​មណ្ឌល​សុខ​​ភាព​សាកល​វិទ្យា​ល័យ​នានា​​នៅ​ប្រទេស​បារាំង (នៅ​ឆ្នាំ​២០១២ មាន​និស្សិត​ពេទ្យ​៣៥​នាក់​ទទួល​អាហារូប​ករណ៍នេះដែរ) ។

​ស្ថានទូត​​បារាំង​បន្ត​ថា ក្រៅ​​ពី​នេះ​ប្រទេស​បារាំង​គាំទ្រ​ដល់​​អាហារូ​ប​ករណ៍​​ផ្សេងៗ​​ទៀត​ដែល​អនុ​ញ្ញាត​ឱ្យ​និស្សិត​​និយាយ​ភាសា​បារាំង ​ចេញ​ទៅ​បន្ត​ការ​សិក្សា​​នៅតាម​គ្រឹះស្ថាន​​ឧត្តម​​សិក្សា​ល្បី​ល្បាញ​ជា​អន្តរ​ជាតិ​នៅ​ប្រទេស​បារាំង ឬ​នៅ​រដ្ឋ​ណា​មួយ​ក្នុង​ចំណោម​រដ្ឋ​​ប្រើ​ប្រាស់​ភាសា​បារាំង​ទាំង​៥៦ ។ ជាក់​ស្តែង​​មានអាហា​រូប​ករណ៍​​ថ្មី​ប្រមាណ​៥០​​ត្រូវ​បាន​ផ្តល់​​ជូន​ដល់​និស្សិត ដើម្បី​​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង​ និង​ប្រទេស​ប្រើ​ប្រាស់​​ភាសា​បារាំង​​ផ្សេងៗ​ទៀត​​តាម​រយៈ​កិច្ច​សហ​​ប្រតិ​បត្តិ​ការ​​ជា​មួយ​ទីភ្នាក់​ងារ AUF ​ដែល​ជា​អង្គ​​ការ​អន្តរជាតិ​​មួយ​មាន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​​ និង​ស្រាវ​ជ្រាវ​​ចំនួន​៧៨៦​នៅ​ប្រទេស​​៩៨​ជា​សមាជិក ។ ក្រៅពី​នេះ ​មាន​និស្សិត​​កម្ពុជា​៣​នាក់​បាន​ទទួល​អាហារូប​ករណ៍​ Erasmus Mundus ដែល​ឧបត្ថម្ភ​​ដោយ​សហ​ភាព​អឺរ៉ុប​​ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​បារាំង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕