ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនាន់​​ថ្មី​កសាង​​ប្រា​សាទ​ពី​បេ​តុង​​នៅ​ស្រុក​​ព្រះ​ស្តេច

13 ឆ្នាំ មុន

​ខេត្ត​ព្រៃ​វែង​​ ៖ ប្រា​សាទ​​ថ្មី​​មួយ​កំពុង​​តែ​លេច​​រូប​រាង​ឡើង​​ដោយ​កសាង​​ពី​បេ​តុង​​​ មាន​ឈ្មោះ​ថា «​ប្រា​សាទ​ព្រះ​ពុទ្ធ​​អង្គ​រយ​ពាន់» ។ ​ប្រា​សាទ​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​​ព្រំ​សូ​រិយា​​រាម ហៅ​គោក​សំពៅ ក្នុង​ភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​​ ខេត្ត​ព្រៃ​វែង ​ដោយ​​ព្រះ​ចៅ​អធិការ​​វត្ត​នោះ​ជា​អ្នក​ផ្តួច​ផ្តើម​កសាង ។

ព្រះតេជគុណឥន្ទ​សិរី​ ​ព្រំ ទូច​ ចៅ​អធិការ​វត្ត​​ មាន​ថេរ​ដី​កាកាល​ពី​ថ្ងៃ​ទី​១៦ សីហា​ ថា «​ប្រា​សាទ​​ព្រះ​ពុទ្ធ​អង្គ​រយ​ពាន់»​​​បាន​កសាង​​នៅ​ថ្ងៃ​១៥​កើត​ ខែ​អាសាឍ ឆ្នាំ​ខាល ត្រូវនឹង​​​ខែ​សីហា ​ឆ្នាំ​២០១០ ។ ​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ សីហា​ ២០១២ ប្រា​សាទ​ដែល​មាន​ទំហំ​ប្រហែល​៣០ម៉ែត្រ​​បួន​ជ្រុង​​នេះ ​កសាង​បាន​៤០​ភាគ​រយ​ហើយ ។ ប្រា​សាទ​នេះ​រៀប​ជញ្ជាំង​​​​យក​ក្បាច់​ភ្ញី​លំនាំ​ប្រា​សាទ​អង្គរ​តូច និង​ប្រា​សាទ​បន្ទាយ​ស្រី។ ​ក្រៅ​ពី​នេះកសាង​រូប​ពុទ្ធ​បដិ​មា​​អង្គ​ធំ​ទាំង​​៨​ទិស​ នៅ​កណ្តាល​ប្រា​សាទ ព្រះ​ពុទ្ធ​បដិ​មា​ជុំ​វិញ​ជញ្ជាំង​​ប្រា​សាទ​ទាំង​បួន​ទិស​ ក្នុង​១​ទិស​៤​ព្រះ​អង្គ ហើយ​កំពុង​ឆ្លាក់​ និង​ចាក់​ពុម្ព​ក្បាច់​ភ្ញី ​រូប​អប្សរា។  មាន​ពុទ្ធ​​បរិស័ទ​មួយ​ចំនួន​ក៏​បាន​ជាវពុទ្ធ​បដិ​មា​​​​​​​​​​​​​​​​មក​ដាក់​ក្នុង​ប្រាសាទ​ជា​បន្ត​បន្ទាប់​ដែរ ។

ចំពោះ​ប្រាក់​សម្រាប់​កសាងប្រា​សាទ​​ «​ព្រះ​ពុទ្ធ​​អង្គ​រយ​ពាន់»​ព្រះ​ចៅ​​អធិការ​ឱ្យ​ដឹង​ថា បាន​មក​ពី​ព្រះ​អង្គ​ស្វែង​រក​​ការ​បរិច្ចាគ​នានា​ ព្រម​ទាំង​​ការ​ចូល​រួម​​ពី​លោក​គ្រូ​ក្មេង​ ឬ​ហៅ​តា​សក់​វែង ដែល​ស្នាក់​នៅ​វត្ត​​ ហើយ​ព្យាបាល​ជំងឺ​ដល់​​ពុទ្ធ​បរិស័ទ​​ក្នុង១​ថ្ងៃ​​រាប់​រយ​​នាក់​​បាន​ប្រាក់​​ជា​សគុណ​។ ចំណែក​ពេល​វេ​លា​នៃ​ការ​សាង​សង់​​ប្រា​សាទ គឺ​​មិន​​កំណត់​​ទេ អា​ស្រ័យ​លើ​​មាន​ប្រាក់​សម្រាប​់​​​់​ផ្គត់​ផ្គង់ ។
ព្រះ​ចៅ​អធិការ​វត្ត​​ព្រំ​សូ​រិយា​រាម ​មាន​ថេរ​ដីកា​​ថា ព្រះ​អង្គ​មាន​កំណើត​ទី​២​នៅ​ថ្ងៃ​ទី​៧ មករា ១៩៧៩ ​ហើយ​បាន​ចូល​សាង​​​ផ្នួស​នៅ​ឆ្នាំ​១៩៨២ នៅ​វត្ត​ស្វាយ​ឧត្តម​ ក្នុង​ភូមិ​ពានី​ ឃុំ​ល្វា​ ស្រុក​ព្រះ​ស្តេច​ ។ រហូត​​​​មក​ដល់​ឆ្នាំ​១៩៩២​ ព្រះ​អង្គ​បាន​ទៅ​គង់​នៅ​វត្ត​ព្រំ​សូរិយា​រាម ហៅ​វត្ត​គោក​សំពៅវិញ ។

ដោយ​នឹក​គុណ​ថ្ងៃ​៧​ មករា និង​គុណ​បំណាច់​​ប្រមុខ​​​រាជ​រដ្ឋា​ភិបាល​ខិត​ខំ​កសាង​សន្តិ​ភាព និង​បង្រួប​បង្រួម​ជាតិ ព្រម​ទាំង​​កសាង​​​សង្គម​ជាតិ​មាន​ការ​​រីក​ចម្រើន​លើ​គ្រប់​វិស័យ ទើប​ព្រះ​អង្គ​សម្រេច​​​​កសាង​ប្រា​សាទ «​ព្រះ​ពុទ្ធ​អង្គ​រយ​ពាន់» ជូន​ទុក​ជា​សមិទ្ធ​ផល​​ថ្មី និង​​ជា​កេរ​ដំណែល​​ត​ទៅ​​អ្នក​ជំនាន់​ក្រោយ ។ បើ​​តា​ម​​លោក​តា នៅ នន់ គណៈ​កម្មការ​អាចារ្យ​​វត្ត​គោក​សំពៅ ប្រាប់​កោះ​សន្តិ​ភាព​​ថា វត្ត​នេះ​ កសាង​ក្នុង​អំឡុង​ឆ្នាំ​១៨១៣ ប៉ុន្តែ​​​បាន​បាត់ព្រះ​នាម​​ព្រះ​​ចៅ​អធិការ​​​អស់​ហើយ នៅ​ចាំ​ត្រឹមឆ្នាំ​​១៩១២ ព្រះ​នាមហ៊ុន ឆ្នាំ​១៩៤៨ ព្រះ​នាម​ សា ។ ​ច​ាប់​​ពី​ឆ្នាំ​១៩៦៧ ព្រះ​នាម វ៉ា សំរិត ​និង​ពី​ឆ្នាំ​១៩៩២ ព្រះ​គ្រូ​ចៅ​អធិការ​ព្រះ​នាម ព្រំ​ ទូច ​គង់នៅ​​​រហូត​បច្ចុប្បន្ន​​ ។

​បាន​ជាដាក់​​ឈ្មោះវត្ត​​ថា វត្ត​គោក​សំពៅ គឺ​មាន​ចាស់​​ព្រឹ​ទ្ធ​ា​ចារ្យ​តំណាល​ប្រាប់​ត​​គ្នា​ថា កា​ល​ពី​បុរាណ​​ក្នុង​ស្រុក​ព្រះ​ស្តេច​​​គឺ​ជាដែន​​សមុទ្រ​ ហើយ​នៅ​ចំណុច​គោក​សំពៅ​នេះ​​មាន​កោះ​​មួយ​នៅ​​​កណ្តាល​សមុទ្រ​ ។ នា​ថ្ងៃ​មួយ​​មាន​សំពៅ​ធំ​មួយ​មក​បោះ​យុថ្កាចត​​សម្រាក​​ ហើយ​បាវ​បម្រើ​​ស្ត្រី​ពីរ​-បី​នាក់​បាន​ចុះ​ទៅ​លើ​កោះ ដើម្បី​ដាំ​បាយ​ ធ្វើ​ម្ហូប ។ ខណៈ​នោះ​ស្រាប់​តែ​ទឹក​សមុទ្រ​​នាច​ធ្វើ​ឱ្យ​​​សំពៅ​ដ៏​ធំ​មួយ​នេះ​​នៅ​លើ​គោកកឿង​​ជាប់​​​​តែ​ម្តង ។ នាយ​សំពៅ​បាន​អុជ​ធូប​បន់​ស្រន់​​យ៉ាង​ណា​ក៏​ដោយ​​ទឹក​សមុទ្រ​បាន​នាច​ទៅ​ឆ្ងាយ​កោះ ​ទុក​សំពៅ​ឱ្យ​នៅ​លើ​គោក​រហូត​ទៅ។

ដូច្នេះ​ហើយ​នៅ​ក្នុង​អំឡុង​​ឆ្នាំ​១៨១៣ ពុទ្ធ​បរិស័ទ​កសាង​វត្ត​​នេះ​ឡើង​ដាក់​​ឈ្មោះ​ថា «​វត្ត​គោក​សំពៅ» ។ លុះ​មក​ដល់​​សម័យ​​ចៅ​អធិការ​​ព្រះ​នាម​ព្រំ​ ទូច​ គង់​នៅ​ក៏​ប្តូរ​ឈ្មោះ​ថា «​វត្ត​ព្រំ​សូ​រិយារាម» ហៅ​វត្ត​គោក​សំពៅ រហូត​មក ។នៅ​ពេល​ប្រា​សាទ «​ព្រះ​ពុទ្ធ​​អង្គ​រយ​ពាន់» កសាង​រួច​ហើយ នឹង​ក្លាយជា​​​សម្បត្តិ​​វប្បធម៌​របស់​ជាតិ​មួយ​ថ្មី​ទៀត​ ៕