ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីណូ​​សណ្តោង​រឺុម៉ក​​ស្រ​វឹង​ធ្លាក់​ភ្នែក​​បើក​លឿន​​​​ត្រង់​ចំណុច​ផ្លូវ​​​កែង​បួងចង្កូត បត់ក្រឡាប់​បះជើង​ ស្ត្រី​​2នាក់​ជិះម៉ូតូ​ក្បែរ​​ភ័យ​ពេក​ស្រែក​ស្ទើរ​ភ្លាត់​សំឡេង

13 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​ ​៖ ហ៊ីណូ​​​​សណ្តោង​រឺុម៉កមួយ​គ្រឿង​​​​​បើក​បរ​ដោយ​បុរស​​​​ស្រវឹង​ធ្លាក់​ភ្នែក​​​​ម្នាក់​ ដឹក​គ្រាប់​ពោត​​របស់​​ឈ្មួញ​​ថៃ​ បោះពួយ​​​យ៉ាង​លឿន​​ពេល​ទៅ​​ដល់​ផ្លូវ​​​កែង​​​អ្នក​​​បើក​បរ​​ប្រឹង​បួង​ចង្កូត​​​បត់​ក៏​បោក​​​នឹង​កន្ទុយ​​រឺុម៉ក​​ដាច់​ផ្ងារ​ក្រឡាប់​បះ​ជើង​​ ក្អួត​ចេញ​​គ្រាប់​ពោត​រាយ​ប៉ាយ​ពាស​​​ពេញ​​លើ​ចិញ្ចើម​ផ្លូវ​ ​ប៊ិះ​​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​​ដោយ​ស្ត្រី​២នាក់​ នៅចំណុច​​ផ្លូវ​កែង​​​ក្នុង​ភូមិ​អូរ​ច្រា​កណ្តាល​ សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន កាល​ពី​វេលា​ម៉ោង​​​១​និង​​៤០​នាទី​​រសៀល ថ្ងៃទី​១៩​ សីហា​ ។

អ្នកបើក​​រថយន្ត​​ខាងលើ​​ឈ្មោះ​ផាក ម៉ន ភេទ​​ប្រុស​ អាយុ​២៣​ឆ្នាំ ជាអ្នក​​បើក​រថ​យន្ត​ដឹក​គ្រាប់​​ពោត​ឱ្យថៅ​កែ​ថៃ​ និង​អ្នកជិះ​ក្នុង​​កាប៊ីន​​ម្នាក់​​ទៀតឈ្មោះ ភីរម្យ​ យ៉ា អាយុ​៣០​​​ឆ្នាំ ។ អ្នក​ទាំង​​២​​ជាជន​ជាតិ​ថៃ​ រស់នៅ​​ស្រុក​ខ្លង​​​ហាត​ ខេត្ត​ស្រះ​​កែវ​ ប្រទេស​ថៃ រថយន្ត​នេះ​បើក​​​​បរ​ក្នុង​ទិស​ដៅ​​​ពីកើត​ទៅ​លិច ដោយ​សណ្តោង​​​រឺុម៉ក​ដឹក​គ្រាប់​​ពោត​ទម្ងន់​​រាប់​សិប​តោន​។

សាក្សី​ឃើញ​ហេតុការណ៍​​​និយាយ​ថា ​កាល​ពី​វេលាម៉ោង​​​ខាង​លើ​​គេ​ឃើញ​រថយន្ត​សណ្តោង​​រឺុម៉ក​​​​​មួយ​គ្រឿង​​​ បើក​បរ​យ៉ាង​លឿន​​ក្នុង​ទិសដៅ​​ពី​កើត​ទៅ​លិច​​​​​ចេញពីខេត្ត​​ប៉ៃ​លិន​សំដៅ​ទៅ​ព្រំដែន​​​កម្ពុជា-ថៃ​ លុះ​មកដល់​​​កន្លែង​កើត​ហេតុ​​​ត្រង់​​ចំណុច​ផ្លូវ​កែង​វត្ត​​​អូរច្រា ត្រង់​ភូមិអូរ​​ច្រា​កណ្តាល​ ស្រាប់តែ​​រថយន្ត​នោះ​បាន​បើក​ជ្រុល​ហួស​​ផ្លូវ​កែង​ទៅ​ខាង​ឆ្វេង​​​ដៃ រួច​អ្នក​បើក​បរ​បាន​ទាញ​បួង​​ចង្កូត​​​មក​ខាង​ស្តាំ​​​វិញ​ទាំង​បង្ខំ​បណ្តាល​ឱ្យ​​ផុត​​តែ​តួ​ក្បាល​​​រថយន្ត​ខាង​មុខ ចំណែក​​​​​កន្ទុយ​​​រឺុម៉ក​នៅខាង​ក្រោយ​​ដាច់​ក្រឡាប់​បះជើង​​​​កំពប់​​គ្រាប់​​ពោត​​​​​ពេញ​​​លើ​ចិញ្ចើម​ផ្លូវ​​​​ បណ្តាលឱ្យ​​ស្ទះ​ចរាចរណ៍​​​មួយ​សន្ទុះ ។ ប្រភព​បន្ត​ទៀត​ថា ​ពេល​នោះ​គេ​ឃើញ​រឺុម៉ក​​​រថយន្ត​​​ក្រឡាប់​ប៊ិះ​សង្កត់​​លើ​ម៉ូតូ​​​​ស្ត្រី​​២នាក់​ ដែល​កំពុង​​​​ជិះ​​​ឌុប​គ្នា​​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​ ​ ដោយ​ឃ្លាត​ផុត​ពីកន្ទុយ​​​​រឺុម៉ក​​​នោះ​ត្រឹម​តែ​២ម៉ែត្រ​ប៉ុណ្ណោះ ទើប​ធ្វើឱ្យ​​អ្នកជិះ​ម៉ូតូ​ស្រែក​​​ស្ទើរ​ភ្លាត់​​សំឡេង​​​​ ហើយ​មនុស្ស​​​ប្រុស​ស្រី​​ក្មេង​ចាស់​​​នៅក្បែរ​​​កន្លែង​កើតហេតុ​​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់គ្នា។

ចំណែក​មន្ត្រី​​​ចរាចរ​ផ្លូវ​គោក​​​ក្រុង​ប៉ៃ​លិន​​បាន​ចុះ​ទៅ​អន្តរាគមន៍​​ដើម្បី​បញ្ជៀស​​ការ​ស្ទះ​ចរាចរណ៍​​​​​​ ហើយ​​បានវាស់​​​​ជាតិ​អាកុល​បុរស​ជន​ជាតិ​​ថៃ​ទាំង​​២​នាក់​នេះ​រក​ឃើញ​ថា ពួក​គេ​ស្រវឹង​ខ្លាំង​ ។ ក្រោយ​ពី​ពិនិត្យ​​នៅ​ចំណុច​កើត​ហេតុ​ឃើញ​ថា​ រថយន្ត​បង្ក​បាន​​​​ធ្វើឱ្យ​​ខូច​​ផ្លូវ​​​​​ប្រវែង​ជាង​​១០​ម៉ែត្រ​ ទើប​​សមត្ថកិច្ច​តម្រូវ​ឱ្យ​​រថយន្ត​បង្ក​បង់​​ថ្លៃ​​ជួស​ជុល​​​ផ្លូវ​ចំនួន​​៣​ពាន់​​បាត​ រួច​ក៏​អនុញ្ញាត​​ឱ្យ​បន្ត​ដំណើរ​​ទៅ​ប្រទេស​ថៃ​ទៀត ​៕