ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ឈ្លោះគ្នាជាមួយប្រពន្ធត្រូវបានប្រពន្ធសុំលែងលះ តូចចិត្តក៏ទៅចង.កសម្លាប់ខ្លួននៅនឹងដើមខ្នុរ។ ការប្រទះឃើញសពនៅព្រឹកថ្ងៃទី១៨ សីហា ២០១២ នៅនឹងដើមខ្នុរខាងលិចផ្ទះ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
តាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត ឱ្យដឹងថា បុរសដែលចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះនង ចន្ថា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះសំណាក់លេខ៩៩៩ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ប្រភពដដែលបានបន្តថា តាមការសាកសួរជុំវិញករណីចង.កនេះ នៅថ្ងៃទី១៧ សីហា ២០១២ បុរសឈ្មោះនង ចន្ថា និងប្រពន្ធរបស់គេឈ្មោះញ៉ាន ចាន់រ៉ា អាយុ២១ឆ្នាំ បានឈ្លោះប្រកែកគ្នារហូតដល់ស្ត្រីជាប្រពន្ធសុំលែងលះ បន្ទាប់មកស្ត្រីជាប្រពន្ធក៏ទៅនៅផ្ទះរបស់ឪពុកនៅភូមិកើតហេតុខាងលើ ។ នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ សីហា បុរសរូបនេះបានទៅផ្ទះឪពុកក្មេកសុំជួបជាមួយប្រពន្ធតែស្ត្រីជាប្រពន្ធនិយាយថា ចាំព្រឹកស្អែកសិនចាំជួបនិយាយគ្នា រួចហើយបុរសនោះក៏ដើរចេញទៅពេលនោះប្រពន្ធនឹកស្មានតែប្តីត្រឡប់មកផ្ទះសំណាក់វិញ លុះព្រឹកឡើងភ្ញាក់ពីដេកស្រាប់តែឃើញប្តីរបស់នាងចង.កធ្វើអត្តឃាតនៅនឹងដើមខ្នុរខាងលិចផ្ទះបាត់ទៅហើយ ពេលនោះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ។
នគរបាលក្រុងបានបញ្ជាក់ថា តាមការពិនិត្យលើសពពុំមានស្លាកស្នាមអ្វីទេ បុរសនោះពិតជាចង.កធ្វើអត្តឃាតសម្លាប់ខ្លួនមែន ក្រោយពីពិនិត្យសពរួចត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា ៕
ចែករំលែកព័តមាននេះ