ខេត្តប៉ៃលិន ៖ រថយន្តម៉ាកហ៊ីណូ ដឹកគ្រាប់ពោតមួយគ្រឿងអ្នកបើកបរស្រវឹងធ្លាក់ភ្នែកបើកហួសល្បឿនកំណត់ដល់ផ្លូវកែងបត់មិនទាន់ក្រឡាប់ជះគ្រាប់ពោតរ៉ាយពាសពេញ ផ្លូវនៅចំណុចផ្លូវកែង ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៩ សីហា ២០១២ ។
អ្នកបើករថយន្តខាងលើឈ្មោះផាក ម៉ន ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួលបើករថយន្តដឹកគ្រាប់ពោតឱ្យថៅកែថៃ និងអ្នកជិះជាមួយម្នាក់ទៀតឈ្មោះភីរម្យ យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នកទាំងពីរជាកម្មករ ជនជាតិថៃ រស់នៅភូមិភ្នំដី ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។ រថយន្តនេះដឹកគ្រាប់ពោតទម្ងន់ជាង៧០តោន ។
សាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសណ្តោងមួយគ្រឿងម៉ាកហ៊ីណូ បើកក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចពីខេត្តប៉ៃលិនទៅព្រំដែនប្រទេសថៃ ។ លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចផ្លូវកែងវត្តអូរច្រា រថយន្តបត់មិនទាន់ បណ្តាលឱ្យផុតតែតួក្បាលរថយន្តខាងមុខ ចំណែកកន្ទុយនៅខាងក្រោយក្រឡាប់ជះគ្រាប់ពោតខ្ជាយ និងខ្ទាតពាសពេញផ្លូវ បណ្តាលឱ្យភ្ញាក់ផ្អើលកកស្ទះចរាចរណ៍មួយសន្ទុះផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ