ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​​កម្ពុជា​​​ និង​វៀត​ណាម​​រំលឹក​ខួប45​​ឆ្នាំ​​នៃ​ចំណង​មិត្ត​ភាព​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​អគ្គ​លេខា​ធិ​ការ​​ដ្ឋាន​រដ្ឋ​សភា​​ កាល​ពី​ថ្ងៃ​​ទី​​១៧ សីហា ​បាន​ឱ្យ​ដឹង​ថា ​សភា​នៃ​​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ដែល​រួម​​មាន​​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា ​​សហ​ការ​ជាមួយ​​រដ្ឋ​សភា​​នៃ​សាធារ​​ណ​រដ្ឋ​​សង្គម​និយម​​វៀត​ណាម ​​នឹង​ប្រារព្ធ​​មហា​​មិទ្ទិញ​​​សភា​​​កម្ពុជា​-វៀត​ណាម​ ដើម្បី​​អប​អ​រ​សាទរ​​ខួប​៤៥​​ឆ្នាំ​​នៃ​ការ​​បង្កើត​​​ចំណង​​ទាក់​ទង​​ការ​ទូត​កម្ពុជា​-វៀត​ណាម​​​ ​​១៩៦៧-២០១២ ​និង​​ឆ្នាំ​​មិត្ត​ភាព​​កម្ពុជា​​-វៀត​ណាម​​​២០១២​ ​ក្រោម​អធិ​ប​តី​ភាព​​ដ៏​ខ្ពង់​​ខ្ពស់​​របស់​​សម្តេច​អគ្គ​​មហា​​ពញា​​ចក្រី​ ហេង​ សំរិន ​ប្រធាន​​រដ្ឋ​សភា​ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​លោក​​ង្វៀន​​ ស៊ីង​​ហ៊ុង​ (Nguyen Sinh Hung) ប្រធាន​​រដ្ឋ​ស​ភា​​នៃ​សាធារ​ណ​រដ្ឋ​សង្គម​និយម​​វៀត​ណាម ចាប់​ពី​ថ្ងៃ​ទី​​២២ ដល់​​​ថ្ងៃ​ទី​​២៥ ​ខែ​សី​ហា ​ឆ្នាំ​​២០១២ ​នៅទី​​ក្រុង​ហូជី​មិញ​ សាធារ​ណ​រដ្ឋ​​សង្គម​​និយម​វៀត​ណាម ។

​អញ្ជើញ​ចូលរួម​ក្នុង​មហា​មិទ្ធិញ​​ មាន​ថ្នាក់​ដឹក​នាំ​​សំខាន់​ៗ​​នៃ​​ប្រទេស​​ទាំង​​២ សមាជិក​ ​សមា​ជិកា​​រដ្ឋ​​សភា ​​ព្រឹទ្ធ​សភា ​រាជ​រដ្ឋា​​ភិបាល​ គណៈ​​អភិបាល​ខេត្ត​ ​យុវជន​​រាជ​ធានី ​និង​ខេត្ត​​មួយ​ចំនួន​ ​ដែល​មាន​ព្រំ​​ប្រទល់​ជាប់​​ប្រទេស​វៀត​ណាម​ ព្រម​ទាំង​​មន្ត្រី​ជាន់​ខ្ពស់​​នៃ​អគ្គ​លេខា​ធិការ​​ដ្ឋាន​រដ្ឋ​ស​​​ភា ​ព្រឹទ្ធ​សភា ។មហា​មិទ្ទិញសភា​កម្ពុជា​​-វៀត​ណាម​ គឺ​ជា​​ព្រឹត្តិ​ការណ៍​​ដ៏​សំខាន់​​ ដើម្បី​អប​អរ​សាទរ​​«ឆ្នាំ​​មិត្ត​ភាព​​កម្ពុជា​-វៀត​ណាម​​២០១២​» ​និ​ង​ខួប​អនុស្សាវរីយ៍​​​៤៥​​ឆ្នាំ​ នៃ​ថ្ងៃ​​បង្កើត​ទំនាក់​ទំនង​​​ការ​ទូត​​កម្ពុជា​​-វៀត​ណាម​​(២៤/០៦/​១៩៦៧-​២៤/០៦/២០១២​​) ​ត្រូវ​​បាន​រដ្ឋ​សភា​វៀត​ណាម​​ និង​សភា​​កម្ពុជា​​សហ​ការ​​​ប្រារព្ធ​​ឡើង​​ទុក​ជា​​ឱកាស​​សម្រាប់​​សមាជិក​ ​សមាជិកា​ រដ្ឋ​សភា ព្រឹទ្ធ​សភា ​តំណាង​ក្រសួង​ ​ស្ថា​ប័ន ​អាជ្ញាធរ​​​មូល​ដ្ឋាន ​និង​យុវជន​​​នៃ​ប្រទេស​ទាំង​​២ ​ជួប​ជុំ​​ផ្លាស់​ប្តូរ​​ព័ត៌មាន​ ​និង​ពិ​ភាក្សា​​អំពី​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រទេស​ទាំង​​២ សំដៅ​ជំរុញ​​ទំនាក់​ទំនង​​ជា​ប្រពៃ​ណី​ និង​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​លើ​គ្រប់​វិស័យ​​ឱ្យ​បាន​រឹង​មាំ​​យូរ​អង្វែង​ រវាង​​ស្ថា​ប័ន​​រដ្ឋា​ភិបាល​​រដ្ឋ​សភា​​ទាំង​​២​ ​បណ្តា​​អាជ្ញា​​ធរ​មូល​ដ្ឋាន​ ​ព្រម​ទាំង​​ប្រជា​ជន​​នៃ​ប្រទេស​​ទាំង​​​២ ៕​​