ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះអាត សំអុល អាយុ៥៤ឆ្នាំ រស់នៅភូមិ៣៣ ឃុំតាអុង ស្រុកចំការលើ បានរងរបួស១កាំបិតធ្លាយពោះវៀន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៧ សីហា ហើយត្រូវបានក្រុមសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ចំណែកកូនប្រុសដែលបង្កឱ្យឪពុករងរបួសបានរត់គេចខ្លួនបាត់ស្រមោល ។ មូលហេតុនៃការបង្កឱ្យឪពុករងរបួសនេះមានប្រភពនិយាយខុសគ្នា ដែលមួយថាបុរសជាឪពុកដួលលើកាំបិត ឯមួយទៀតថាកូនប្រុសទាស់សម្តីក៏ចាក់ឪពុក ។
ស្ត្រីឈ្មោះឆាយ សុឃីម អាយុ៥៥ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះ និយាយថា នៅយប់នោះកូនប្រុសគាត់ឈ្មោះអុល សីហា អាយុ២៣ឆ្នាំ ជាកូនទី៤ ក្នុងចំណោមកូន៨នាក់ បានយកកាំបិតប៉័ងតោចុងស្រួចមកកាប់ទឹកកកដុំនៅក្នុងផ្ទះតៀម ដើម្បីបំបែកជាបំណែកតូចៗដាក់ក្នុងធុងទឹកកកតូចមួយសម្រាប់ទុកផឹកទាំងអស់គ្នា ។ ខណៈពេលកូនប្រុសកំពុងកាប់ទឹកកកមិនទាន់រួចផង ប្តីគាត់ដើរចូលទៅក្នុងផ្ទះ ស្រាប់តែចៃដន្យរអិលដួលផ្កាប់មុខទៅលើកាំបិត បណ្តាលឱ្យត្រូវពោះមុតធ្លាយពោះវៀនមកក្រៅ ។ ពេលឃើញឪពុកត្រូវរបួសបែបនេះ កូនប្រុសរូបនោះមានការភិតភ័យក៏រត់ចេញពីផ្ទះបាត់ ចំណែកប្តីគាត់ត្រូវបានដឹកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ តែដោយសារស្ថានភាពរបួសធ្ងន់ពេកក៏ដឹកបន្តមកសង្គ្រោះទាំងយប់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកអ៊ិត តារា អធិការនគរបាលស្រុកចំការលើប្រាប់ថា នៅក្នុងករណីនេះ ក្រោយពីកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាអុង បានចុះទៅដល់ផ្ទះខាងលើដឹងថា បុរសរងគ្រោះឈ្មោះសំអុល ទំនងស្រវឹងស្រាផងពេលដើរចូលទៅក្នុងផ្ទះ ក៏រអិលជើងនឹងទឹកកកដែលកំពប់លើឥដ្ឋ បណ្តាលឱ្យដួលត្រូវចំលើកាំបិតមុតធ្លាយពោះវៀន តែករណីនេះមិនត្រូវបានឪពុកម្តាយប្តឹងឱ្យសមត្ថកិច្ចមានចំណាត់ការចំពោះកូនប្រុសនោះទេ ។
ចំណែកតាមប្រភពមួយផ្សេងទៀតនិយាយថា នៅយប់នោះបុរសរងគ្រោះស្រវឹងស្រា ឯកូនប្រុសឈ្មោះសីហា ក៏ស្រវឹងស្រាដូចគ្នា ដែរ ហើយមានទំនាស់ពាក្យសម្តីប្រកែកគ្នាទៅវិញទៅមកតឹងសរសៃករៀងខ្លួន ។ ដោយសារទំនាស់ពាក្យសម្តីគ្នានេះ កូនប្រុសក៏យកកាំបិតមកចាក់ឪពុកត្រូវចំពោះធ្លាយពោះវៀន រួចហើយរត់គេចខ្លួនបាត់មិនមែនគាត់ដួលនោះទេ ៕
ចែករំលែកព័តមាននេះ