ខេត្តប៉ៃលិន ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែការបើកបរមិនប្រុងប្រយ័ត្នរវាងរថយន្តម៉ាកតូយ៉ូតាហ្វរ៉ាន់ន័រ ពណ៌ប្រផេះមួយគ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះង៉ែត ខន្តី អាយុ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញបានបុកគ្នាជាមួយម៉ូតូវីវ៉ា ពណ៌ខ្មៅមួយគ្រឿង បើកដោយបុរសម្នាក់ឈ្មោះ រស់ សំអឿន អាយុ៤៩ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅចំណុចផ្លូវកែង កាលពីវេលាម៉ោង៣និង៥នាទីរសៀលថ្ងៃទី១៩ សីហា ត្រង់ចំណុចភូមិរថក្រោះឆេះ និងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បណ្តាលឱ្យរថយន្ត និងម៉ូតូរងការខូចខាតដូចគ្នា ឯអ្នកបើកម៉ូតូរបួសស្រាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងរវាងរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហ្វរ៉ាន់ន័រ ពណ៌ប្រផេះ ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់ឈ្មោះង៉ែត ខន្តី អាយុ៣៥ឆ្នាំ និងបុរសអ្នករួមដំណើរជាមួយឈ្មោះ ងួន ងន អាយុ៥៥ឆ្នាំ ទាំងពីរនាក់រស់នៅរាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តមួយគ្រឿងនេះបានបត់ឆ្វេងទៅទិសខាងត្បូង ។ ចំណែកម៉ូតូវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ បើកដោយបុរសម្នាក់ឈ្មោះរស់ សំអឿន អាយុ៤៩ឆ្នាំ ក្នុងទិសដៅស្របទិសគ្នាពីកើតទៅលិច តាមផ្លូវមួយផ្សេង ទៀត ខណៈដល់ផ្លូវបែកជា៣ ស្រាប់តែរថយន្តបង្កហេតុបត់ឆ្វេងមិនបានមើល ក៏ជ្រុលទៅបុកជាមួយម៉ូតូដែលកំពុងតែជិះម្នាក់ឯងតាមផ្លូវឡើងចំណោត បណ្តាលឱ្យរថយន្ត និងម៉ូតូជាប់គ្នា ហើយអ្នកបើកម៉ូតូបម្រះខ្លួនចេញរួច របួសស្មាខាងស្តាំ និងម៉ូតូខូខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។
ចំណែករថយន្តបានបាក់កាង និងស្លាកលេខខាងមុខធ្លាក់ដល់ដី ។ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង និងធ្វើអន្តរាគមន៍ ហើយភាគីទាំងពីរបានដោះស្រាយគ្នាដោយម្ចាស់រថយន្តបានសងថ្លៃខូចខាតចំនួន២លាន៥សែនរៀលទៅភាគីខាង
ម៉ូតូ ៕



ចែករំលែកព័តមាននេះ