រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានវាយរបួសពេញខ្លួននៅពេលដែលហៅម៉ូតូឌុបជិះទៅកន្លែងស្ងាត់ ហើយយកម្ទេសញីដាក់ភ្នែកធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មួយគ្រឿងពុំបានសម្រេច។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ សីហា ២០១២ នៅចំណុចក្រុម៨ ផ្លូវកា៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយរហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ សីហា ទើបចាប់ខ្លួនបាន ខណៈដែលជននោះរត់ទៅពួនសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះទេព បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាអ្នកបកប្រែភាសាថៃ មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកម្ចាស់ម៉ូតូដែលត្រូវចោរប្លន់ឈ្មោះឃុល សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៣៦បេ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបជិះពីផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ក្នុងគោលបំណងមកអង់តែនទូរទស្សន៍ជាតិ ។ ប៉ុន្តែពេលដែលមកដល់គោលដៅជននោះបានប្រាប់ឱ្យម្ចាស់ម៉ូតូធ្វើដំណើរទៅតាមផ្លូវកា៥ កន្លែងកើតហេតុដែលជាកន្លែងស្ងាត់រួចធ្វើសកម្មភាពប្លន់ដោយយកដៃសង្កត់កញ្ចឹង.ក និងដៃម្ខាងទៀតយកម្ទេសមកប៉ាតញីលើមុខ ហើយប្លន់យកម៉ូតូបានសម្រេចជិះចេញទៅត្រូវជនរងគ្រោះស្រែកថា ចោរៗ ជននោះក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវចាប់បានវាយបែកក្បាល ច្រមុះ និងដងខ្លួនប្រគល់ទៅឱ្យប៉ូលិសដើម្បីចាត់ការតាមច្បាប់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ