រាជធានីភ្នំពេញ ៖ «បញ្ហាយេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយ» នៅតែមានភាពស្មុគស្មាញក្នុងការផ្សព្វផ្សាយនៅកម្ពុជានាពេលបច្ចុប្បន្ន ។ បញ្ហានេះត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាមួយស្តីពី «យេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយ» នៅកម្ពុជាដែលប្រព្រឹត្តទៅមួយថ្ងៃពេញ កាលពីថ្ងៃទី១៧ សីហា ២០១២ នៅសណ្ឋាគារសាន់វេ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ។ គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្តល់ចំណេះដឹងដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឱ្យយល់ដឹងពីបញ្ហាយេនឌ័រ និងបញ្ហាពាក់ព័ន្ធ រួមមានអំពើហិង្សា មេរោគអេដស៍ ព្រមទាំងបញ្ហាដីធ្លី ដែលសំខាន់សម្រាប់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ ។
ក្រុមអ្នកកាសែតមកពីស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិនានា រួមមានកាសែត ទស្សនាវដ្តី ព្រឹត្តបត្រ ព័ត៌មាន វិទ្យុ ទូរទស្សន៍ ប្រមាណ៦០នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសិក្ខាសាលានេះដោយចំណាយពេលមួយថ្ងៃពេញក្នុងការសិក្សា ព្រមទាំងផ្តល់ជូនអាហារថ្ងៃត្រង់មួយពេលសម្រាប់សិក្ខាកាម បន្ទាប់ពីបញ្ចប់សិក្ខាសាលា សិក្ខាកាមទាំងអស់ត្រូវបានទទួលនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាម្នាក់មួយ ។
ក្លិបអ្នកកាសែតកម្ពុជា និងអង្គការយេនឌ័រ ដើម្បីអភិវឌ្ឍន៍នៅ កម្ពុជា GADC បានសហការគ្នារៀបចំសិក្ខាសាលាមួយស្តីពី «យេនឌ័រ និងប្រព័ន្ធផ្សព្វផ្សាយ» ដែលមានរយៈពេលពេញមួយថ្ងៃ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្តល់នូវចំណេះដឹងដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយឱ្យបានយល់ដឹងកាន់តែច្បាស់អំពីយេនឌ័រ និងបញ្ហាពាក់ព័ន្ធនឹងយេនឌ័ររួមមានបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ និងមេរោគអេដស៍ បញ្ហាដីធ្លី ព្រមទាំងតួនាទីដ៏ មានសារសំខាន់របស់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមដោះស្រាយបញ្ហាទាំងអស់នេះ ។
លោកស្រី ជា ស៊ុនដាណែត នាយិកាប្រតិបត្តិនៃមណ្ឌលព័ត៌មានសំឡេងស្ត្រីកម្ពុជា និងជាបណ្តាញហ្គេតនេត (Gadnet) មានប្រសាសន៍ថា បញ្ហាយេនឌ័រ មានសារសំខាន់ណាស់សម្រាប់ស្ត្រី មានស្រីតែ៥២% ដែលបានចូលរួមជាមួយបុរសធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន ហើយលោកស្រីបានមានប្រសាសន៍បន្តទៀតថា ស្ត្រីប្រៀបដូចជាដៃទាំង២ បើសិនគ្មានម្ខាងណានោះវាមិនងាយលោទេ។ នៅក្នុងឱកាសនោះផងដែរ លោកស្រី ផ្តោតតែទៅលើស្ត្រីដែលមានចំណេះដឹងទាបជាងបុរសដោយសារបញ្ហាគ្រួសារយល់ឃើញថា កូនប្រុសជាបង្គោលគ្រួសារ ចំណែកស្ត្រីវិញនាពេលអនាគតត្រូវជាប្រពន្ធរបស់គេ និងត្រូវដាំបាយឱ្យប្តី ។
លោកប៉ែន សមិទ្ធិ ប្រធានក្លិបអ្នកកាសែតកម្ពុជាបានមានប្រសាសន៍ថា បញ្ហាយេនឌ័រសំខាន់ណាស់ តែបច្ចុប្បន្ននេះយេនឌ័រត្រូវបានធ្លាក់ចុះ ។ លោកប៉ែន សមិទ្ធិ បានលើកពីបញ្ហាជាក់ស្តែង គឺអ្នកសារព័ត៌មានស្រីមានចំនួនតិចជាងបុរស ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ