ដានី ប៉េដ្រូហ្សាបានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានយកឈ្នះជើងឯកនៃការប្រណាំងម៉ូតូជីភីកម្មវិធី Indianapolis Grand Prixនៅទីលានប្រណាំង Indianapolis Motor Speedwaytស្ថិតនៅទីក្រុង Indianapolis រដ្ឋ Indianaកាលពីថ្ងៃអាទិត្យទី១៩ខែសីហាកន្លងមកនេះ។
ប៉េដ្រូហ្សាដែលជាអ្នកបើកបរឱ្យក្រុមហុងដានិងមាន២០៧ពិន្ទុស្ថិតនៅលំដាប់ទី២បន្ទាប់ពីកីឡាករ Jorge Lorenzoនៅលើតារាងជើងឯកពិភពលោកបានបញ្ចប់ការប្រណាំងដែលមាន២៨ជុំក្នុងថិរវេលា៤៦នាទីនិង៣៩.៦៣១វិនាទីប្រជែងយកឈ្នះកីឡាករមិត្តរួមជាតិ Jorge Lorenzoរបស់ក្រុមប្រណាំងយ៉ាម៉ាហាដែលបានបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់ទី២។ Lorenzoប្រើអស់ថិរវេលា៤៦នាទីនិង៥០.៤៥៤វិនាទីគឺ១០.៨២៣វិនាទីយឺតជាងកីឡាករប៉េដ្រូហ្សា ។ ចំណាត់ថ្នាក់ទី៣បានទៅលើកីឡាករជើងខ្លាំងមកពីអ៊ីតាលី Andrea Dovizioso ។ Doviziosoដែលបើកបរឱ្យក្រុម Tech 3 Yamahaបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៦នាទីនិង៥៦.៩៤១វិនាទីពោលគឺ ១៧.៣១០វិនាទីយឺតជាងប៉េដ្រូហ្សា។
ឯកីឡាករអូស្ត្រាលីខាស៊ី ស្តូន័រដែលបានរងរបួស.កជើងកាលពីថ្ងៃសៅរ៍បញ្ចប់ការប្រណាំងក្នុងលំដាប់ទី៤ ។ សូមបញ្ជាក់ថា ស្តូន័រដែលជាជើងឯកពិភពលោកឆ្នាំ២០០៧និង២០១១បានយកឈ្នះជើងឯកចំនួន៣លើករួចមកហើយនៃការប្រណាំង៨លើកក្នុងរដូវកាលថ្មីនេះ។ គេមានគម្រោងចូលនិវត្តនៅដំណាច់រដូវកាលនេះ។ កីឡាករជើងខ្លាំងរបស់អេស្ប៉ាញម្នាក់ទៀត Alvaro Bautistaបញ្ចប់ការប្រណាំងស្ថិតក្នុងចំណាត់ថ្នាក់ទី៥។ កីឡាកររបស់ក្រុម Gresini Hondaរូបនេះបានប្រើអស់ថិរវេលា៤៧នាទីនិង០២.១៨៧វិនាទី យឺតជាងកីឡាករប៉េដ្រូហ្សា២២.៥៥៦វិនាទី។ ចំណែកកីឡាករអាល្លឺម៉ង់ Stefan Bradl ដែលជាអ្នកបើកបរឱ្យក្រុម LCR Hondaបានបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៦បន្ទាប់ពីបានប្រើអស់ថិរវេលា៤៧នាទីនិង០៩.៧០៣វិនាទីតាមពីក្រោយដោយកីឡាករជើងខ្លាំងរបស់អុីតាលីវ៉ាឡឹនទីណូ រ៉ូស៊ីរបស់ក្រុម Ducatiដែលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា៤៧នាទីនិង៣៧.២៤៥វិនាទី យឺតជាងកីឡាករប៉េដ្រូហ្សា ៥៧.៦១៤វិនាទី ។
កីឡាករអាមេរិក Ben Spies បើកបរឱ្យក្រុមយ៉ាម៉ាហាមិនបានបញ្ចប់ការប្រណំាំងស្រួលបួលនោះេទ។ នៅក្នុងការប្រណាំង២៨ជុំ ស្ប៉ាយធ្វើបានតែ៦ជុំប៉ុណ្ណោះ ។សម្រាប់ប៉េដ្រូហ្សា វាជាជ័យជម្នះលើកទី២ក្នុងឆ្នាំនេះនិងលើកទី១៧ក្នុងអាជីព ។ គេបានថ្លែងថា៖«នេះជាការប្រណាំងដ៏ល្អមួយ ។ ម៉ូតូរបស់ខ្ញុំបានដំណើរការទៅយ៉ាងរលូន ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះជ័យជម្នះលើកនេះ។ ខ្ញុំពិតជាត្រូវការវាយ៉ាងចាំបាច់បំផុត។ ក្នុងពេលនេះសុបិនល្អបានវិលមករកខ្ញុំវិញហើយ »។
ការយកឈ្នះពានជើងឯកលើកនេះបានធ្វើឱ្យកីឡាករប៉េដ្រូហ្សាទទួលបានពិន២០៧ស្ថិតនៅលំដាប់ទី២នៃតារាងជើងឯកពិភពលោកបន្ទាប់ពីកីឡាករ Jorge Lorenzoដែលស្ថិតនៅលំដាប់ទី១មាន ២២៥ពិន្ទុ ។ កីឡាករអូស្ត្រាលីខាស៊ី ស្តូន័រស្ថិតនៅលំដាប់ទី៣មាន១៨៦ពិន្ទុខណៈ កីឡាករអុីតាលី Andrea Doviziosoសន្សំបាន១៣៧ពិន្ទុស្ថិតនៅលំដាប់ទី៤តាមពីក្រោយដោយកីឡាករអង់គ្លេស Cal Crutchlow ដែលមាន១០៦ពិន្ទុ៕
ចែករំលែកព័តមាននេះ