រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបឃ្លាំងស្តុកប្រេងម្រេះព្រៅមួយកន្លែងបម្រុងលួចលាក់ផលិតគ្រឿងញៀន ដោយរឹបអូសបានប្រេងម្រេះព្រៅចំនួនជាង២០លីត្រ រថយន្តស៊ីទែន២គ្រឿង ព្រមទាំងឃាត់ខ្លួនកម្មករពីរនាក់ផងដែរ ។
ការចុះបង្ក្រាបទីតាំងខាងលើប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី១៩ សីហា ២០១២ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដឹកនាំដោយលោកបែន រ័ត្ន ស្នងការរងរាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ការចុះឆែកឆេរឃ្លាំងស្តុកប្រេងម្រេះព្រៅខាងលើនោះ ដោយសារតែកងកម្លាំងមានការសង្ស័យជាយូរមកហើយ និងបានតាមឃ្លាំមើលទីតាំងនោះជាប់ជាប្រចាំទៀតផង ។ បន្ទាប់ពីមានការស៊ើបអង្កេតបានលទ្ធផលច្បាស់លាស់កម្លាំងក៏ចាប់ផ្តើមចុះឆែកឆេរហើយរកឃើញប្រេងម្រះព្រៅដែលអាចផលិតជាគ្រឿងញៀនបាននៅក្នុងឃ្លាំងខាងលើ និងមានរថយន្តស៊ីទែនសម្រាប់ដឹកទៀតផង។ សមត្ថកិច្ចដដែលឱ្យដឹងទៀតថា ឃ្លាំងស្តុកប្រេងម្រះព្រៅតាមការស្រាវជ្រាវ គឺជារបស់ឈ្មួញទុច្ចរិតម្នាក់ឈ្មោះសាយគី អាយុជាង៥០ឆ្នាំ មានទីលំនៅម្តុំស្ពានដែកភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ដោយឡែកកម្មករ២នាក់ដែលត្រូវបានកម្លាំងចាប់ឃាត់ខ្លួននោះម្នាក់ឈ្មោះភឿន ប៉ាង ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិដំណាក់ត្រយឹង ឃុំចេកខាងត្បូង ស្រុកដងទង់ ខេត្តកំពត និងម្នាក់ទៀតឈ្មោះចាន់ រ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើតភូមិ-ឃុំជាមួយគ្នា។
ប្រភពដដែលបន្តថា ប្រេងម្រះព្រៅនោះអាចផលិតថ្នាំញៀនបានរាប់សែនគ្រាប់ឯណោះដែលឈ្មួញទុច្ចរិតបានលួចលាក់ត្រៀមផលិតជាថ្នាំញៀនលក់នៅក្នុងប្រទេសកម្ពុជា ឬនាំយកទៅលក់នៅបរទេស ។ ប៉ុន្តែទោះបីជាបែបណានេះគឺជាទង្វើមួយដែលខុសច្បាប់ និងមានទោសឧក្រិដ្ឋទៀតផង ហើយត្រូវបានសមត្ថកិច្ចរកឃើញទាន់ពេលវេលា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ