ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​​អស់​មួយ​ជីវិត​ ​ម៉ឹក​ ដារ៉ា ​និង​ជា ឡេង ត្រូវ​បាន​​នាំ​យក​មក​​បើក​សវនា​ការ​​នៅ​សាលា​ឧទ្ធរណ៍​ពីបទ​ឧក្រិដ្ឋ​​គ្រឿងញៀន​ (មាន​វីដេអូឃ្លីប)

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក​ម៉ឹក ដារ៉ា ​​អ្នក​ទោស​​​អស់​មួយ​ជីវិត​អតីត​ឧត្តម​សេនីយ៍​​ឯក ​អគ្គ​​លេខាធិការ​​អាជ្ញា​ធរ​ជាតិ ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​​នៃ​ក្រសួង​មហា​ផ្ទៃ និង​លោក​​ជា ឡេង អតីត​​ប្រធាន​​ការិយា​ល័យ​នៃ​មន្ទីរ​ប្រយុទ្ធ​​ប្រឆាំង​គ្រឿងញៀន​​ដែល​មាន​រឿង​អាស្រូវ​បទ​ឧក្រិដ្ឋ​​ ឃុប​ឃិត-ជួញ​ដូរ​គ្រឿងញៀន​​​ជា​មួយ​ឧក្រិដ្ឋ​ជន​សង្គម​ងងឹត​នោះ​ត្រូវបាន​នាំ​មក​​បើក​សវនា​ការ​​នៅ​សាលា​ឧទ្ធរណ៍​​ជា​ថ្មី​ទៀត​ហើយ កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ​សីហា ២០១២ ។

សវនា​ការ​ពាក់​ព័ន្ធ​បទ​ឧក្រិដ្ឋ​​​អ្នក​ដែលធ្លាប់​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​​សម្រេច​​ឱ្យ​​ជាប់​ពន្ធ​នា​គារ​​អស់​មួយ​ជីវិត​ ម៉ឹក ដារ៉ា ​និង​ជា​ ឡេង ​នៅ​សាលា​ឧទ្ធរណ៍​​លើក​នេះ មាន​ការ​ចូលរួម​ដោយ​​លោក​ចៅ​ក្រម​​ចាយ ចាន់​ដារ៉ាវណ្ណ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​, លោក​​អ៊ុំ ​សារិទ្ធ ​លោក​តាំង​ ស៊ុន​ឡាយ ​ចៅក្រម​អម និង​​លោក​​ព្រះ​រាជ​អាជ្ញា​រង ង៉ែត ​សារ៉ាត ​តំណាង​មហា​អយ្យ​ការ​​, មេធាវី​​ចុង​ចោទ (ម៉ឹក ដារ៉ា) ​៣​នាក់​ ព្រមទាំង​​មាន​សាក្សី​ មន្ត្រី​នៃ​អង្គ​​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​ពាក់​ព័ន្ធ​​ជា​ច្រើន​​នាក់​ចូលរួម ។

គួរ​រំលឹក​ថា សំ​ណុំ​រឿង​ពុក​រលួយ​គ្រឿង​ញៀន​របស់​លោក​ម៉ឹក ដារ៉ា និង​លោក​ជា ឡេង ព្រម​ទាំង​បក្ស​​ពួក​ពាក់​ព័ន្ធ​​ត្រូវបាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្តបន្ទាយ​មានជ័យ ​ប្រកាស​ជាសាធា​រណៈ​ ​​ក្នុង​សវនា​ការ​​កាល​ពី​ថ្ងៃ​ទី​៥ មករា ២០១២ ថា ជន​ជាប់​ចោទ​ម៉ឹក ដារ៉ា ត្រូវ​ជាប់​ពន្ធ​នាគារ​មួយ​ជីវិត និង​ផាក​ពិន័យ​ជា​ប្រាក់​ស្មើ​នឹង​ប្រាក់​ដែល​ខ្លួន​ប្រព្រឹត្ត​គុណ​នឹង​៤​ដង គឺ​ពិន័យ​ជា​ប្រាក់​ចំនួន​២២៥.៤០០ ដុល្លារ​ ​បង្គាប់​ឱ្យ​បង់​ប្រាក់​កិប​កេង​ពីរ​ដ្ឋ​វិញ​ចំនួន​ ១០​ម៉ឺន​ដុល្លារ​ ដែល​យក​ទៅជួស​ជុល​ភូមិ​គ្រឹះ​នៅ​បឹង​កក់​ រាជ​ធានី​ភ្នំ​ពេញ​ និង​ដក​ហូត​ប្រាក់​ចំនួន​៨៧៣.៨៨៧​ ដុល្លារ របស់​ជន​នេះ​នៅ​ធនាគារ​កាណា​ឌី​យ៉ា​ និងក្រៅ​ពី​នេះ​តុលាការ​ប្រកាស​រឹប​អូស​ដី​សំណង់​ទំ​ហំ​១៣.០៣៣​ម៉ែត្រ​ការ៉េ នៅសង្កាត់​សួង ខេត្ត​កំពង់ចាម ដី​ចម្ការទំហំ​២៣.៣៤១ម៉ែត្រ​ការ៉េ​ និង​ដី​ចម្ការ​១​កន្លែង​ទៀត​នៅ​ភូមិ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង មាន​​ទំ​ហំ​៦.២០០ ម៉ែត្រ​ការ៉េ ។

ចំណែក​ឈ្មោះ​ជា ឡេង ត្រូវ​ផ្តន្ទា​ទោស​មួយ​ជីវិត​ដូច​គ្នា​ និង​ពិន័យ​ជាប្រាក់​២មឺុន​១ពាន់​ដុល្លារ រឹប​អូស​ដី​លំ​នៅ​ឋាន​ទំ​ហំ៣​៩៩​ម៉ែត្រ​ការ៉េ នៅ​សង្កាត់​ចោម​ចៅ ​ ​ខណ្ឌ​ដង្កោ​ រាជធា​នីភ្នំពេញ ផ្ទះ​ល្វែង​ទំ​ហំ​៦២,២​ម៉ែត្រការ៉េ​ នៅ​ភូមិ​ក្បាល​ដំ​រី​ សង្កាត់​ចោ​មចៅ ។ ចំណែក​ជន​ត្រូវ​ចោទ​ឈ្មោះ​ម៉ន ឌឿន ដែល​គេចខ្លួន​ត្រូវ​កាត់​ទោស​កំបាំង​មុខ ឱ្យ​ជាប់​​ពន្ធ​នាគារ​២៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៣៤.០០០​ដុល្លារ​ រឹប​អូស​ដី​ចំនួន​៣កន្លែង​ជា​ប់​គ្នា​ទំ​ហំ​១៤.៨៣៥ ម៉ែត្រការ៉េ​នៅភូមិ​ទួល​បេង​ ឃុំក្រឡា ស្រុក​កំពង់​សៀម ខេត្តកំពង់​ចាម ។

ជន​ត្រូវ​ចោទ មឹុក ដារ៉ា ​​អតីតផ្កាយ​៣ ​ជា​អគ្គលេខា​ធិការ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ និង​ជាប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ និង​ជនត្រូវ​ចោទ​ ជា ឡេង ​​អតី​តជា​​វរ​សេ​នីយ៍ ​ប្រធា​ន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ ក្រសួង​មហាផ្ទៃ​ ត្រូវ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១០-១២ មករា ឆ្នាំ​២០១១​ដោយ​នគរបាល​ក្រសួង​មហាផ្ទៃ​ និង​តា​ម​ដីកា​ក្រោ​ម​បណ្តឹង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។​ ចំណែក​ជន​ត្រូវ​ចោទ​ ម៉ន ឌឿន ប្រធាន​​ទំនាក់​ទំនង​ព្រំ​ដែន(BLO)នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​ កំពុង​រត់​គេច​ខ្លួន​នៅ​​​​ឡើយ​ ។ ពួក​គេត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​និង​ស៊ីសំណូក​លើ​បទ​ល្មើ​សគ្រឿង​ញៀន​ ។ ជាមួយ​គ្នា​នេះក៏​មាន​អតី​ត​ស្នង​ការ​-ស្នង​ការ​រង​ខេត្តបន្ទាយ​មានជ័យ​ រួ​មទាំង​នាយ​ នាយ​រង​ការិ​យាល័យ​ជាប់​ពាក់​ព័ន្ធ​ ត្រូវ​បាន​តុលាការ​ប្រកាស​សាល​ក្រម​កាត់​ទោស​ជាប់​ពន្ធ​នាគារ​ និង​រឹប​អូស​ទ្រព្យ​សម្បតិ្ត​ផង​ដែរ កាលពី​អំ​ឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១​ កន្លង​មក​នេះ​ ។

លោក​​រ៉ាយ​ ប៊ុន​ធឿន មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ មឹុក ដារ៉ា បាន​និយាយ​ថា ការ​ប្រកាស​សាល​ក្រម​នេះ​ តុលាការ​​ពុំ​បាន​ទុក​ពេល​​ឱ្យ​សម​ស្រប​នឹង​នីតិ​វិធី​សម្រាប់​មេធា​វី​ធ្វើ​ការ​ពិនិត្យ​ពិចារណា​លើសំណុំ​រឿង​នេះ​ទេ ​និង​មាន​រយៈ​ពេល​​​ខ្លី​ ។ ឯការប្រកាសរឹប​អូសទ្រព្យសម្បត្តិ​កូន​ក្តី​លោក​ទៀតសោត គឺពុំមានយុត្តិធម៌ទេ ដ្បិត​ទ្រព្យ​ទាំង​នោះ​ពិសេស​ដីធ្លីជា​ទ្រព្យកូន​ក្តី​លោក​មាន​តាំង​​ពីគេធ្វើការងារ​ជាមន្ត្រីន​គរបាល​ខេត្ត​បាត់​ដំបង ម៉្លេះ ។

លោកម៉ឹក ដារ៉ា បាន​និយាយយ៉ាងខ្លីប្រាប់​អ្នក​សារព័ត៌មានក្នុងបរិវេណសាលាដំបូងខេត្ត​បន្ទាយមានជ័យថា ​លោក​​ជាស្ថាបនិក​ច្បាប់​មួយ​រូប​ដែរស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងធ្វើ​វិសោធ​នកម្មច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង​ញៀន ហើយបានដឹកនាំបង្ក្រាបបទ​ល្មើស​គ្រឿង​ញៀន​ទទួលបាន​ស្នាដៃជាច្រើន​​ តែលទ្ធផល​ចុង​ក្រោយបែរជា​កាំបិតចិតដ​ងឯង​ទៅ​វិញ​ ។ ​លោក​​ម៉ឹក ដារ៉ា បានសុំឱ្យតុលាការនិង​សមត្ថកិច្ច​ស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជន​គ្រឿង​ញៀនដែល​ពាក់ព័ន្ធដើម្បីយកមកទល់មុខគ្នា​សិន និងថា សាក្សីបានឆ្លើយទម្លាក់កំហុសមកលើ​លោកធ្ងន់​ធ្ងរ​ពេក ។

ទន្ទឹមនោះដែរលោកអិុត សម្ភស្ស ប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ​បាន​ថ្លែងថា សាក្សី អង្គ​ហេតុ និងចម្លើយសារភាព​របស់​ជ​នត្រូវចោទ​គឺស៊ីចង្វាក់គ្នាក្នុងការប្រព្រឹត្តបទល្មើស ដោយ​ពួក​គេយកតួនាទី និងកន្លែងធ្វើការរដ្ឋ គឺមន្ទីរ​ប្រឆាំង​គ្រឿង​ញៀនធ្វើជាកន្លែងរកស៊ីបទ​ល្មើស។  ម៉ឹក ដារ៉ា និងគូកនបានបំភ្លៃ កែបន្លំកំណត់​ហេតុ​នៃសំណុំរឿង​គ្រឿង​ញៀន ដើម្បីដោះលែង​មនុស្ស​ បំបាត់ភស្តុតាងនិងប្រមូលលុយ ដូច​ដែល​​ជន​ត្រូវចោទសារភាពថា ទី១-​ស៊ីតូច​ជាប់​គុក ស៊ី​ធំរើគុកចោល​ ទី២-វិធីចំណិតត្រសក់​ ដែល​​​ការ​​បង្ក្រាប​គ្រឿងញៀន៣ភាគបញ្ជូន​តែ១​ភាគ​ទៅ​តុលា​ការ និងទី៣-ចែកចំណែក៥០% គឺ ម៉ឹក​ ដារ៉ា ឱ្យកូនចៅចុះបង្ក្រាប និងនៅការិយា​ល័យ​ចែក​ផលប្រយោជន៍​ពីបទល្មើស​ពាក់​កណ្តាល ៕