យោងតាមតុល្យការថ្មីមួយថា មនុស្សយ៉ាងតិច២៧នាក់ បានត្រូវស្លាប់ក្នុងមូលដ្ឋានជាច្រើនរបស់វៀតណាម ដែលរងការវាយប្រហារដោយព្យុះឈ្មោះ KAI-TAK ដែលបោកបក់កាលពីយប់ថ្ងៃទី១៧ សីហា កន្លងមកនេះ មកលើភាគខាងជើងវៀតណាម ក្នុងនោះរួមទាំងរដ្ឋធានីហាណូយផងដែរ ។
លើសពីនេះទៀតផ្ទះចំនួន១៦៦ខ្នង រងការបំផ្លាញ ហើយផ្ទះជាង១១.៥០០ខ្នងទៀតរងការខូចខាតផ្ទៃដីចិញ្ចឹមគ្រឿងសមុទ្រ១៣៤៦ហិកតា ត្រូវទឹកជន់លិច ហើយផ្លូវថ្នល់ប្រវែងច្រើនសិបគីឡូម៉ែត្រ រងការបំផ្លាញ ។ ខេត្តយេន បៃជាខេត្តរងការប៉ះពាល់ធ្ងន់ធ្ងរជាង គេដោយសារព្យុះនេះជាមួយផ្ទះជិត៦៨០០ខ្នង រងការខូចខាតរួចផ្ទៃដីដាំដុះជិត២៣.០០០ហិកតាត្រូវទឹកជន់លិច ។
ព្យុះ KAI-TAK បានចុះថមថយកម្លាំងមកជាវិសម្ពាធត្រូពីកាល់មួយកាលពីថ្ងៃទី១៨ សីហា ក៏ប៉ុន្តែនៅបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងទៀត នៅភាគខាងជើងវៀតណាម ញ៉ាំងឱ្យមានទឹកជំនន់ និងការបាក់ដី ។ តំបន់ជាច្រើនមានមនុស្សរស់នៅកុះករត្រូវទឹកជន់លិចពិសេសនៅក្រុងហាណូយ ។
ព្យុះ KAI-TAK មុននេះបានបោកបក់កាលពីសប្តាហ៍មុន លើកោះលូហ្សុងជាកោះរបស់ហ្វ៊ីលីពីន បណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងមកលើភាគខាងត្បូងចិនបណ្តាលឱ្យមនុស្សស្លាប់២នាក់ និងបាត់ខ្លួន២នាក់ ៕
ចែករំលែកព័តមាននេះ