កីឡាករអាល្លឺម៉ង់ John Degenkolbបានសម្តែងនូវក្តីរីករាយជាខ្លាំងបន្ទាប់ពីបានយកឈ្នះណាក់ទី២នៃការប្រណាំងកង់កម្មវិធី Tour of Spainនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យទី១៩ខែសីហាកន្លងមកនេះ។ ការប្រណាំងដំណាក់ក្នុងនេះត្រូវបានបញ្ចប់នៅទីក្រុង Viana។
Degenkolbដែលជាអ្នកជិះកង់ឱ្យក្រុមArgos-Shimanoបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨១.៤គីឡូម៉ែត្រចេញដំណើរពីទីក្រុង Pamplonaឆ្ពោះទៅកាន់ទីក្រុង Vianaប្រទេសអេស្ប៉ាញដោយប្រើអស់ថិរវេលា៤ម៉ោង៣៨នាទីនិង៤០វិនាទីយកឈ្នះកីឡាករអូស្ត្រាលី Allan Davisជិះឱ្យក្រុម Orica- GreenEdgeនិងបានយកឈ្នះកីឡាករអង់គ្លេស Ben Swift ជិះឱ្យក្រុម Sky Procyclingដែលបានប្រើថិរវេលាស្មើៗគ្នា។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះកីឡាករDegenkolbបានបញ្ជាក់ថា៖«ខ្ញុំពិតជាសប្បាយចិត្តដែលបានយកឈ្នះដំណាក់នេះ។ នេះពិតជាជ័យជម្នះយ៉ាងពិសេសមួយដ្បិតការប្រណាំងនៅដំណាក់នេះប្រជុំទៅដោយកីឡាករជើងខ្លាំងជាច្រើន។ សង្ឃឹមថាជ័យជម្នះនៅដំណាក់បន្តគឺជារបស់ខ្ញុំទៀត។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះដំណាក់ក្រោយៗទៀត»។
បើទោះណាកីឡាករអាល្លឺម៉ង់រូបនេះបានយកឈ្នះដំណាក់នេះក៏ពិតមែន ប៉ុន្តែនៅលើតារាងពេលវេលាសរុប រូបគេពុំទាន់អាចដណ្តើមបានការនាំមុខនៅឡើយទេដ្បិត កីឡាករអេស្ប៉ាញ Jonathan Castroviejoដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី២៤នោះសន្សំពេលវេលាបានយ៉ាងល្អបំផុតគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេសម្រាប់ការប្រណាំងទាំងមូល ។
ឆ្លងកាត់ការប្រណាំងចំនួន២ដំណាក់មកនេះ កីឡាករ Castroviejoដែលជិះកង់ឱ្យក្រុម Movistar Teamបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៤ម៉ោងនិង៥៧នាទីនិង៣១វិនាទីនាំមុខកីឡាករមិត្តរួមក្រុមសញ្ជាតិកូឡុំប៊ី Nairo Alexander Quintana Rojasនិងឈ្នះកីឡាករមិត្តរួមក្រុមសញ្ជាតិអេស្ប៉ាញម្នាក់ទៀត Javier Moreno Bazan ដែលកីឡាករទាំង២ប្រើពេលច្រើនជាង១វិនាទីដូចគ្នា ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៣៦០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី៣ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៥៥.៣គីឡូម៉ែត្រចេញដំណើរពីទីក្រុង Faustino V ឆ្ពោះទៅកាន់ទីក្រុង Arrate (Eibar) ប្រទេសអេស្ប៉ាញ ៕


ចែករំលែកព័តមាននេះ