សារព័ត៌មានផ្លូវការរាយការណ៍ថា មនុស្ស៣២នាក់ ក្នុងនោះមានរដ្ឋមន្ត្រីស៊ូដង់មួយរូប បានត្រូវស្លាប់ កាលពីថ្ងៃទី១៩ សីហា ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះមួយគ្រឿង នៅភាគខាងត្បូងស៊ូដង់ ។ទីភ្នាក់ងារសារព័ត៌មានស៊ូដង់ SUNA គូសបញ្ជាក់ថា យន្តហោះនេះធ្លាក់ក្នុងតំបន់ភ្នំ ដែលព័ទ្ធទីក្រុងតាឡូឌី ក្នុងរដ្ឋគ័រដូហ្វាន ខាងត្បូងជាមួយគណៈប្រតិភូមួយរបស់រដ្ឋាភិបាលជិះក្នុងនោះក្រោយត្រឡប់មកពីទៅចូលរួមបុណ្យបញ្ចប់ខែរ៉ាម៉ាដាន ។
គេនិយាយថា គ្រោះថ្នាក់នេះកើតមានដោយសារធាតុអាកាសអាក្រក់។ ក្នុងចំណោមអ្នកស្លាប់មានលោកហ្គាហ្ស៊ី អាស់អាដេក អាប់ដែលរ៉ាហ៊ីម រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនា សមាជិករដ្ឋាភិបាលរដ្ឋ២រូប អ្នកទទួលខុសត្រូវកងទ័ព ភ្នាក់ងារសន្តិសុខ និងសារព័ត៌មានជាច្រើននាក់ ។លោកអាប់ដែល ហាហ្វីសអាប់ដែល រ៉ាហ៊ីម អ្នកនាំពាក្យរបស់អាកាសចរណ៍ស៊ីវិល មុននេះ រៀបរាប់ពីមនុស្សស្លាប់៣១នាក់ ក្នុងនោះរួមទាំងបណ្តាសមាជិកក្រុមយានិកផង ។
យន្តហោះដែលធ្លាក់នេះធុន ANTONOV របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលមួយបានហោះចាកចេញពីទីក្រុងខាទុម នាវេលាម៉ោង៦ព្រឹក ម៉ោងក្នុងស្រុក ដោយដឹកគណៈប្រតិភូមួយក្រុមមានសមាជិក៣១នាក់ ។ យន្តហោះបានហោះកាត់ពីលើព្រលានយន្តហោះ ក្រុងតាឡូឌី រដ្ឋគ័រដូហ្វានខាងត្បូង ។ ការផ្ទុះមួយត្រូវបានស្តាប់ឮក្នុងតំបន់ភ្នំព័ទ្ធទីក្រុងនោះ ។ មនុស្សទាំងអស់ជិះក្នុងយន្តហោះនេះត្រូវស្លាប់ ។ ការស៊ើបអង្កេតកំពុងធ្វើ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ ៕
ចែករំលែកព័តមាននេះ