កីឡាករលំដាប់ទី១ពិភពលោករ៉ូជើ ហ្វេដឺរ័រដណ្តើមបានពានជើងឯក ATP Tourជាលើកទី៦ក្នុងរដូវកាលបន្ទាប់ពីរូបគេបានយកឈ្នះពានជើងឯកកម្មវិធី Cincinnati Openកាលពីថ្ងៃអាទិត្យទី១៩សីហាកន្លងមកនេះ ។ ការប្រកួតត្រូវបានរៀបចំធ្វើនៅក្រុង Cincinnatiរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិក ។
ហ្វេដឺរ័រដណ្តើមបានពានកម្មវិធីខាងលើមកគ្រប់គ្រងជាលើកទី៥បន្ទាប់ពីបានបំបាក់កីឡាករលំដាប់ទី២ពិភពលោកណូវ៉ាក់ យ៉ូកូវិចក្នុងលទ្ធផល ៦-០និង៧-៦ ។ នេះគឺជាពានក្នុងអាជីពលើកទី ៧៦របស់គេហើយ ។សូមបញ្ជាក់ថា ហ្វេដឺរ័រឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះក្រោយពីបានបំបាក់មិត្តរួមជាតិខ្លួន Stanislas Wawrinka ក្នុងលទ្ធផល ៧-៦និង៦-៣កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករយូកូវិចឡើងមកដល់វគ្គនេះបន្ទាប់ពីឈ្នះកីឡាករអាហ្សង់ទីនចូអាន ម៉ាទីន ឌែលប៉ូត្រូវក្នុងលទ្ធផល ៦-៣និង៦-២ ។
ពេលនេះការព្យាយាមដណ្តើមយកពានជាលើកទី៥របស់គេទទួលជោគជ័យទាំងស្រុងហើយ ខណៈយ៉ូកូវិចបន្តរង់ចាំដណ្តើមយកពាននេះជាថ្មីម្តងទៀតនៅឆ្នាំក្រោយ ។ សម្រាប់កីឡាករស៊ែប៊ីយ៉ូកូវិច គេធ្លាប់បានបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីនេះចំនួន៤លើករួចមកហើយគិតទាំងឆ្នាំនេះ ។ កាលពីឆ្នាំ២០០៩ គេក៏ធ្លាប់បានបរាជ័យក្រោមថ្វីដៃកីឡាករស្វុីសហ្វេដឺរ័រម្តងរួចមកហើយដែរ ។
នៅក្នុងការជួបគ្នាចំនួន ២៨ប្រកួតកន្លងមក ហ្វេដឺរ័រមានចំនួនឈ្នះច្រើនជាង យ៉ូកូវិច(ឈ្នះ១៦លើក) ។ ជ័យជម្នះចុងក្រោយរបស់គេគឺនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌធំ Wimbledonនៅប្រទេសអង់គ្លេសខែកក្កដាកន្លងទៅ ។ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីឈ្នះជើងឯក ហ្វេដឺរ័របញ្ជាក់ថា ៖«ខ្ញុំទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅរដូវកាលនេះ ។ ខ្ញុំមានអារម្មណ៍ល្អក្នុងការចូលរួមប្រកួតនៅទីក្រុងញូវយ៉ក។ ខ្ញុំនឹងប្រើបទពិសោធន៍នៅទីនេះដណ្តើមយកជ័យជម្នះនៅក្រុងញូវយ៉ក »។
យ៉ូកូវិចវិញបាននិយាយថា៖«សិតទី១ ខ្ញុំធ្វើមិនបានល្អទាល់តែសោះ ។ ហ្វេដឺរ័រចាប់ផ្តើមភ្លាមធ្វើបានល្អបំផុតលើការវាយសឺវីស ។ ទាំងអស់គ្នាពិតជាដឹងថា ហ្វេដឺរ័រពូកែប៉ុនណា ជាពិសេសនៅក្នុងការប្រកួតថ្មីៗនេះ ។ លក្ខខណ្ឌទីលាននៅទីនេះ ខ្ញុំគិតថា វាសក្តិសមនឹងស្ទីលប្រកួតរបស់ហ្វេដឺរ័រ ។ យើងធ្លាប់បានប្រកួតជាមួយគ្នាអស់ជាច្រើនលើកមកហើយ ។ ជានិច្ចកាល វាជាការប្រជែងដ៏ខ្លាំងក្លាមួយនៅពេលដែលយើងប៉ះគូប្រកួតខ្លាំងម្នាក់ »។
វាជាលើកទី១ហើយក្នុងប្រវត្តិកម្មវិធី Cincinnati Openដែលកំពូលកីឡាករពិភពលោកទាំង២នាក់(លេខ១និងលេខ២)ជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ។លទ្ធផលផ្នែកនារីវិញ លីណាបានក្លាយជាម្ចាស់ពានបន្ទាប់ពីបានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Angelique Kerberក្នុងលទ្ធផល១-៦, ៦-៣និង ៦-១ ។ សម្រាប់កីឡាការិនីវ័យ៣០ឆ្នាំរូបនេះ វាជាពានលើកដំបូងរបស់នាងហើយរយៈពេល១៥ខែបន្ទាប់ពីឈ្នះជើងឯកក្របខណ្ឌធំ French Open។ នាងបានថ្លែងថា៖«ខ្ញុំចង់ធ្វើឱ្យដូចជាកីឡាករហ្វេដឺរ័រដែរ ។ នៅលើទីលានប្រកួត ខ្ញុំពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ។ ខ្ញុំចង់ឈ្នះពានកម្មវិធីនេះ ពីព្រោះតែនៅឆ្នាំនេះ ខ្ញុំឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ៣លើក តែបរាជ័យទាំងអស់ ។ ខ្ញុំពិតជាចង់បានពានជើងឯកខ្លាំងណាស់ »៕


ចែករំលែកព័តមាននេះ