ប្រទេសឥណ្ឌា ដែលជាប្រទេសដៃគូទី៦របស់អាស៊ាន បានផ្តល់កម្ចីឥណទានដែលមានទឹកប្រាក់៥០០លានដុល្លារដល់ភូមា ដើម្បីប្រើប្រាស់ក្នុងការសាងសង់ផ្លូវហាយវ៉េត្រីភាគីប្រវែង៣.២០០គីឡូម៉ែត្រ តភ្ជាប់ប្រទេសឥណ្ឌា ភូមា និងថៃ ។ ការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៦ ខាងមុខ នឹងតភ្ជាប់ពីរដ្ឋភាគឦសានរបស់ប្រទេសឥណ្ឌា កាត់តាមប្រទេសភូមា ក្នុងនោះមានផ្លូវប្រវែងជាង១.៦០០គីឡូម៉ែត្រ នឹងត្រូវសាងសង់ និងកែលម្អបន្ថែម ។
លោកឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងបាងកកបានថ្លែងថា ការងារសាងសង់បានចាប់ផ្តើមខណៈដែលយើងមានបំណងកែលម្អផ្លូវ និងស្ពានដែលមានស្រាប់ ហើយគម្រោងនេះនឹងត្រូវបញ្ចប់នៅឆ្នាំ២០១៦ខាងមុខ ។ ការសាងសង់ផ្លូវនេះនឹងតភ្ជាប់ប្រទេសឥណ្ឌា ជាមួយនឹងគ្រប់ផ្លូវទាំងអស់របស់ភូមាទៅកាន់ទីក្រុងម៉ាន់ដាឡេ ។ បន្ទាប់ពីនោះយើងនឹងតភ្ជាប់ទៅកន្លែងដែលអាជ្ញាធរថៃកំពុងសាងសង់ផ្លូវហាយវ៉េដែរ ដែលមានចម្ងាយ៦៣គីឡូម៉ែត្រពីព្រំដែនថៃទៅភូមា ។
គម្រោងផ្លូវហាយវ៉េត្រីភាគីនេះ នឹងអនុញ្ញាតឱ្យរថយន្តកុងតឺន័រ និងទំនិញផ្សេងៗឆ្លងកាត់ព្រំដែនពីឥណ្ឌាតាមភូមា និងថៃកាត់តាមខេត្តឈាងរ៉ៃ និងទីក្រុងព្រំដែននានា ។ វានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយលំហូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសទាំងបី ដោយបង្កើតការងារ និងប្រាក់ចំណេញជាច្រើន ។យើងសង្ឃឹមថា គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់តំបន់ភាគឦសានរបស់ឥណ្ឌាផងដែរ ដោយសាររដ្ឋ៤របស់ឥណ្ឌាជាប់ព្រំដែនគ្នានឹងភូមា ជាពិសេសប្រសិនបើមានការតភ្ជាប់ទៅតំបន់កំពង់ផែសមុទ្រតាវ៉េ និងតំបន់ឧស្សាហកម្មផ្សេងៗទៀតនៅភូមា គឺកាន់តែប្រសើរ ។
សូមបញ្ជាក់ថា គម្រោងផ្លូវហាយវ៉េត្រីភាគីនេះ នឹងបង្កើតនូវអ្វីដែលគេហៅថា ច្រករបៀងសេដ្ឋកិច្ចខាងលិច និងខាងកើត ដែលតភ្ជាប់ឥណ្ឌា ជាមួយភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ។ បន្ថែមលើនោះ ក៏មានការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចជាមួយចិន និងអាស៊ីអាគ្នេយ៍ដីគោក ពីភូមា និងថៃទៅដល់ម៉ាឡេស៊ី និងសិង្ហបុរី ។ ចំពោះប្រភពមូលនិធិផ្សេងទៀតសម្រាប់គម្រោងនេះ ទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ៕
ចែករំលែកព័តមាននេះ