ខេត្តពោធិ៍សាត់ ៖ ស្វាព្រៃចំនួន១២ក្បាល ព្រមទាំងជនល្មើសចំនួន៥នាក់ និងរថយន្តកាលី១គ្រឿង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ ប្រចាំខេត្ត ស្ទាក់ចាប់បាននៅវេលាម៉ោង៨និង៥នាទីយប់នៅថ្ងៃទី២១ មីនា នៅត្រង់ចំណុច ក្បែរស្នាក់ការ៥០២ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។
តាមប្រភពពីលោកវរសេនីយ៍ត្រីហោ សំអាត ប្រធានក្រុមប្រតិបត្តិការប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំខេត្តពោធិ៍សាត់បានឱ្យដឹងថា ការចាប់ឃាត់ខ្លួនជនល្មើសចំនួន៥នាក់និងការសង្គ្រោះសត្វស្វាចំនួន១២ក្បាលខាងលើនេះគឺធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ផ្តល់ព័ត៌មានពីភ្នាក់ងារសម្ងាត់របស់យើង ហើយក្រោមការដឹកនាំចង្អុលបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯកស ថេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រីសារុន ចាន់ធី ស្នងការនគរបាលខេត្ត កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ស្ទាក់ចាប់បាននៅចំណុចខាងលើ ខណៈពេលដែលរថយន្តនោះធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមផ្លូវជាតិលេខ៥។
លោកបន្តថាសត្វស្វាទាំង១២ក្បាលនោះ គឺជាប្រភេទសត្វស្វាព្រៃដែលឈ្មួញទិញពីអ្នកប្រមាញ់ពុំមែនជាសត្វស្វាដែលប្រជាពលរដ្ឋចិញ្ចឹមនៅតាមគេហដ្ឋានឡើយ សព្វថ្ងៃនេះសត្វទាំងនោះស្ទើរតែផុតពូជទៅហើយ។ តាមសម្តីរបស់ឈ្មោះសំ រ៉ា ហៅហ៊ួ ហួយ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកស៊ីឈ្នួលបើករថយន្តឱ្យថៅកែ និងជនល្មើសចំនួន៤នាក់ទៀតជាអ្នកសមគំនិតបានប្រាប់នគរបាលថា សត្វស្វាទាំង១២ក្បាលនោះគេដឹកចេញពីខេត្តបាត់ដំបងយកទៅឱ្យថៅកែស្រីម្នាក់នៅខេត្តស្វាយរៀងក្នុង១លើកតម្លៃឈ្នួល១០ម៉ឺនរៀលក្នុងម្នាក់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ សមត្ថកិច្ចរឹបអូសបានរថយន្តម៉ាកកាលីពណ៌ស ចំនួន១គ្រឿង និងសត្វសា្វចំនួន១២ក្បាល ព្រមទាំងជនល្មើសចំនួន៥នាក់១-ឈ្មោះសំ រ៉ា ហៅហ៊ួ ហួយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ២-ឈ្មោះមាច សុខជា ភេទប្រុស អាយុ២៨ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ៣-ឈ្មោះចាន់ ធា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ៤-ឈ្មោះមែក ទន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិឈានភ្លើង ស្រុកកំចាយមា ខេត្តព្រៃវែង និង៥-ឈ្មោះជា សំអូន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិព្រៃស្ទោង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ចំពោះសត្វស្វាព្រៃទាំ១២ក្បាល និងជនល្មើសចំនួន៥នាក់ព្រមទាំងរថយន្តមួយគ្រឿងត្រូវសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃចាប់បញ្ជូននាំទៅកាន់ទីបញ្ជាការដា្ឋនកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅវេលាម៉ោង១០និង៩នាទីយប់ថ្ងៃទី២១ មីនា ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ