ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ដាតា​រ៉ាប់​​ប៊ឺចាប់​ឈើ​​ប្រជា​ពល​រដ្ឋ​​​ចោទ​​ថា​កាប់​ឈើ​ក្នុង​ដី​ក្រុម​ហ៊ុន​

13 ឆ្នាំ មុន

ខេត្ត​​ឧត្ត​រ​មាន​ជ័យ​ ៖​​ ​ប្រជា​ពល​រដ្ឋ​​ម្នាក់​​ ត្រូវ​​បាន​ក្រុម​ហ៊ុន​ដា​តា​​រ៉ាប់​ប៊ឺ​ នាំ​មន្ត្រី​យោធា​ដែល​ការ​ពារ​ក្រុម​ហ៊ុន​ និង​មន្ត្រី​​ការ​ពារ​​ដែន​ជម្រក​សត្វ​ព្រៃ​​គូលែន​ព្រំ​ទេព​ចាប់​​យក​ឈើ​​ចំនួន​២​គោ​យន្ត​​កន្ត្រៃ​​​ មាន​ឈើ​​ចំនួន​៥៤​ដុំ ស្មើ​នឹង​ជិត​១​​ម៉ែត្រ​គូប​​ ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា នៅ​ក្នុង​​ភូមិ​ដី​​ថ្មី ឃុំ​​អន្លង់​វែង ស្រុក​អន្លង់វែង ។​

ប្រជា​ព​លរដ្ឋ​ឈ្មោះ​​លី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​-ឃុំខាង​លើ​​​រៀប​រាប់​ថា រូប​គាត់​ចូល​​ទៅ​ទិញ​ឈើ​ធ្នង់​​ពី​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ភូមិ​​​រំ​ចេក​បាន​ចំនួន​៥៤​​ដុំ​ស្មើ​នឹង​ជិត​​១​ម៉ែត្រ​គូប​ ក្នុង​គោល​បំណង​​យក​មក​ធ្វើ​តុ​​ ទូ​ និង​គ្រែ សម្រាប់​​ដេក​ ហើយក៏​បាន​ជួល​គោ​យន្ត​កន្ត្រៃ​​ដឹក​ក្នុង​តម្លៃ​១០​ម៉ឺ​នរៀល​​ក្នុង​១​គោយន្ត​​ ។ លុះ​​ពេល​ធ្វើ​ដំណើរ​​​មក​ដល់​មុខ​ផ្ទះ​ ​ស្រាប់​តែ​​មាន​​ផ្នែក​សន្តិ​សុខ​របស់​​ក្រុម​ហ៊ុន​​ដាតា​រា៉ប់​​ប៊ឺ នាំ​យោធា​​ការ​ពារ​ក្រុម​​ហ៊ុន​ និង​មន្ត្រី​​បរិស្ថាន​​ការ​ពារ​ជម្រក​​សត្វ​ព្រៃ​​គូលែន​​​ព្រំ​ទេព​ប្រដាប់​​​ដោយ​អាវុធ​​​មក​ចាប់​យក​​ដោយ​ពួក​គេ​​​ចោទ​ថា ឈើ​​នេះ​ទៅ​លួច​​កាប់​នៅ​ក្នុង​ដីក្រុម​ហ៊ុន ។

នៅ​ក្នុង​ហេតុ​ការណ៍​​នេះ​​ក៏​មាន​ប្រជា​ពល​រដ្ឋ​​​ជា​ច្រើន​នាក់​​ចោម​រោម​មើល​​ហើយ​​និយាយ​ថា ក្រុម​ហ៊ុន​ដាតា​​រ៉ាប់​ប៊ឺ​នេះ​​យក​ទា​ហាន​​​នៅ​ការ​ពារ​ជុំ​វិញ​​តើ​​មាន​នរណា​​ចូល​ទៅ​​លួច​កាប់​ឈើ​បាន​ទៅ​ សូម្បី​តែ​ប្រជា​ពល​រដ្ឋ​​ដើរ​ក្បែរ​​ៗ​នោះ​រក​​អុស​​យក​មក​ដុត​​ដាំ​បាយ​​ និង​រក​បន្លែ​ ស្លឹក​ឈើ​ព្រៃ​​ក៏​មិន​បាន​​ផង​ ។ តើ​​​នរណា​​ហា៊ន​​ចូល​​លួច​កាប់​ឈើ​នោះ​​ទៅ​ ហើយ​ប្រជា​ពល​រដ្ឋ​សព្វ​ថ្ងៃ​នេះ​ពុំ​មាន​​ព្រៃ​សម្រាប់​​ដើរ​ចូល​រក​បន្លែ​បង្ការ​​​អ្វី​បាន​ឡើយ​​ ដោយ​សារ​​ទៅ​ទី​ណា​ ក៏​សុទ្ធ​តែ​ជា​ដី​របស់​ក្រុម​ហ៊ុន​​​ទាំងអស់​​ ។ បន្ទាប់​​ពី​បាន​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក​​ជុំ​វិញ​ការ​​ចាប់​ឈើ​នេះ ក៏​កើត​មាន​រឿង​​ជម្លោះ​​បែក​​ផ្សែង​​​​ស្ទើរ​តែ​បង្ហូ​រ​ឈា​ម​ដាក់​គ្នា​ផងដែរ ។

លោក​សំ វីរក្ស ផ្នែក​សន្តិ​សុខ​​ឱ្យ​ក្រុម​ហ៊ុន​អះ​អាង​​​ថា ឈើ​ធ្នង់​​នេះ​ពិត​ជា​​ឈើរ​បស់​ក្រុម​ហ៊ុន​​ គឺ​ប្រជា​ពល​រដ្ឋ​​​បាន​លួច​​ទៅ​កាប់​នៅ​ក្នុង​ដី​របស់​ក្រុម​ហ៊ុន​ ហើយ​លោក​​មក​ចាប់​យក​ទៅ​វិញ ។ ទោះ​​ជា​​យ៉ាង​ណា ការ​អះ​​អាង​នេះ​​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​បដិសេធ​​​ និង​លើក​ហេតុ​​ផល​​​យ៉ាង​សម​ស្រប​មក​បង្ហាញ​​ផងដែរ ៕