ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូ​ន​ប្រុស​​​កំណាច​​វាយ​បង​ប្រុស​​​និង​បង​ថ្លៃ​​​របួស​ធ្ងន់​រហូត​សន្លប់​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​ ៖ មាន​អំពើ​ហិង្សា​​​មួយ​គួរ​ឱ្យ​រន្ធត់​ និង​ធ្វើឱ្យ​ផ្អើល​​អ្នកភូមិ​មក​ជួយ​ចាប់​ ដោយ​សារ​តែ​បុរស​ម្នាក់​​​ខណៈ​ស្រវឹង​ស្រា​បាន​ដេញ​វាយ​ប្រពន្ធ​​​ លុះ​បង​ប្រុស​​ និង​បងថ្លៃ​​ទៅ​ឃាត់​​​ក៏​វាយ​​បង​ប្រុស​​​បង្កើត​​​​២បំពង់​ទីបចំ​​​ក្បាល​បែក​​​​ដួល​សន្លប់​​​នៅក្នុង​ថ្លុក​ឈាម​ ។ ពេល​នោះ​បង​ថ្លៃ​ស្រី​​ឃើញ​ប្តី​សន្លប់​ស្ទុះ​ចូល​​ទៅ​ជួយ​​​ក៏​ត្រូ​វ​​ប្អូន​ថ្លៃ​នោះ​ ចាប់​បោក​ផ្ទប់​ទៅលើ​ដី​រួច​ជាន់​​ច្រំ​លើ​ដើម​ទ្រូង​​​ និង​ពោះ​រហូត​ធ្លាក់​ឈាម​​​សន្លប់​ស្តូក​ស្តឹង​​ក្បែរ​ប្តី​​​​ទៀត​ទើប​អ្នក​ស្រុក​ចូលមក​ជួយ​​​ចាប់​ជន​ល្មើស​​​ជា​ប្អូន​ចេញ​ ហើយ​ហៅ​​រថយន្ត​ដឹក​ជន​រង​គ្រោះ​​​​ទៅ​កាន់​មន្ទីរពេទ្យ​​​ខេត្ត​ដើម្បី​សង្គ្រោះ​ ។ ​

ហេតុការណ៍​​នេះ​បាន​កើត​​​ឡើង​កាល​ពី​ថ្ងៃទី​​១៨ សីហា​ វេលាម៉ោង​​​៦និង​៣០​នាទី​​ល្ងាច​ នៅ​ភូមិ​ថ្មី សង្កាត់​​​សង្ឃ័រ ក្រុង​ស្វាយ​រៀង​ ។ បើ​តាម​​មន្ត្រី​សមត្ថកិច្ច​​​ឱ្យដឹងថា ជនរងគ្រោះ​​​ឈ្មោះ​ យឹម​ ចាន់​ ភេទប្រុស​ អាយុ​២៥​ឆ្នាំ ​ត្រូវ​ប្អូន​​ប្រុស​​​ឈ្មោះយឹម កែវ​ អាយុ​២០​ឆ្នាំ​ វាយ​ចំ​ក្បាល​​​ចំនួន​​២បំពង់​ទីប បែកដួល​សន្លប់​​​ក្នុង​ថ្លុក​ឈាម​ រីឯស្ត្រី​​ជាប្រពន្ធ​ដែល​ត្រូវ​ប្អូន​ថ្លៃ​វាយ​រហូត​​សន្លប់​ដែរ​ឈ្មោះ ខៀវ​ សុភ័ក្ត្រ​ អាយុ​៣០​ឆ្នាំ​ ។

ជន​រង​គ្រោះ​​និយាយ​ថា ​នៅមុនពេល​កើត​​ហេតុ​ ពួកគេ​ទាំង​​​២នាក​់​ប្តី​ប្រពន្ធ​​អង្គុយ​នៅលើ​ផ្ទះ​ ស្រាប់​តែ​​ប្អូន​ប្រុស​ឈ្មោះ យឹម​ កែវ​ ស្រវឹង​​​ស្រា​មកពី​ណា​ដើរ​ទៅ​​ឡូឡា​​ជេរ​ប្រពន្ធ​​ឈ្មោះ ភ្លុក រួច​ទាញ​ព្រនង់​ដេញ​វាយ​ប្រពន្ធ​​​​ ។ ដោយ​ឃើញ​ដូច្នេះ​​​រូប​គេ​​​​​ក៏​ចុះ​​​ពីលើ​ផ្ទះ​ទៅ​ឃាត់​​​កុំ​ឱ្យ​ប្អូន​ប្រុស​​ជេរ​ និង​វាយ​​ប្រពន្ធ​ ស្រាប់​តែ​​ប្អូន​​ប្រុស​ទាញ​បាន​បំពង់​ទីប​ប៉ុន​​ក​ដៃ​​​វាយ​រូប​គេ​ចំនួន​​​២បំពង់​ទីប​ចំ​ក្បាល​។ ដោយ​សារ​ឃើញ​​​រូប​គេ​​ត្រូវ​​ប្អូន​​វាយ​​បែ​បនេះ​​​ប្រពន្ធ​​​ចូល​ទៅ​ជួយ​​ក៏​ត្រូវ​​​រងគ្រោះ​ទៀត​ ហើយ​បាន​​​អ្នក​ស្រុក​​​ជួយ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។ ចំណែក​ប្អូន​ប្រុស​នោះ​បាន​គេ​ច​ខ្លួន​បាត់​​​ ឯស្ត្រី​ជាប្រពន្ធ​​​ក៏​រត់​ទៅ​ផ្ទះ​​ឪពុក​ម្តាយ​​គេ​វិញ​ដែរ ៕