ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិវាទ​ដី​ដែល​ធ្លាប់​​បង្ហូរ​ឈាម​នៅ​មិន​ទាន់​​ដោះ​ស្រាយ​​ចប់​នៅ​ឡើយ

13 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ដោយ​​ការ​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​​ដ្បិត​មាន​ឈ្មោះ​ក្នុង​បញ្ជី​​តាំង​ពី​មុន​ឆ្នាំ​​២០០០​ តែ​​បែរជា​​មិន​ទទួល​​បាន​​របប​ដី​​ ក្រោយ​ពី​បញ្ចប់​​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃជា​មួយ​ភាគី​ម្ខាងទៀត ​ប្រជា​ពលរដ្ឋ​​៤៤​គ្រួ​សារ​​ក្នុង​ចំណោម​២១៨​គ្រួ​សារ​​ ស្ថិត​​នៅ​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​​ បាន​ធ្វើ​ការ​ត​វ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ជួយ​រក​យុត្តិ​ធម៌​ដោយ​ពួក​គាត់​អះ​អាង​ថា ​ពួក​គាត់​ពុំ​​ទទួល​បាន​របប​ដី​ទេ ​ក្រោយ​ពី​បញ្ចប់​​ជម្លោះ ។

ជាមួយ​នឹង​​ការ​ត​វ៉ា​​តាម​​ផ្លូវ​ច្បាប់ និង​មាន​មេ​ធា​វី​ការ​ពារ​ក្តី​ផង​ ចំណុច​ទី​តាំង​ដី​២១៨​គ្រួ​សារ​ ដែល​៤៤​គ្រួ​សារ​​ធ្វើការ​ត​វ៉ា​ឱ្យ​អាជ្ញា​ធរ​ជួយ​រក​យុត្តិ​ធម៌​សម្រាប់​ពួក​គាត់​នោះ​​ កាល​ពី​ព្រឹក​​ថ្ងៃ​ទី​១៧ សីហា ​គេ​ឃើញ​មន្ត្រី​​សាលា​ខេត្ត​​បន្ទាយ​មាន​ជ័យ​​ចំនួន​៣​រូប​​ចុះ​ពិនិត្យ​មើល​ដល់​ចំណុច​​កើត​ហេតុ ។ ប្រជា​ពលរដ្ឋ​​ទាំង​៤៤​គ្រួ​សារ​​​និយាយ​​ថា ពួក​គាត់​បាន​កាន់​កាប់​ដី​ចំណុច​​​នេះ​​តាំង​​​ពី​ឆ្នាំ​១៩៩៧​ លុះ​ដល់​ឆ្នាំ​២០០០ ក៏​មាន​ជម្លោះ​ប្តឹង​ប្តល់​​គ្នា​ជា​មួយ​​ភាគី​​ម្ខាងទៀត​ ​​ដោយ​ចំនួន​អ្នក​ប្តឹង​​​សរុប​​២១៨​គ្រួ​សារ ហើយ​នៅ​ឆ្នាំ​២០០៥ ពួក​គាត់​ទាំង​២១៨​គ្រួ​សារ​ បាន​ជួប​បញ្ហា​មួយ​ក្នុង​​ពេល​អនុវត្ត​​សាល​ក្រម​ដោយ​កាល​​​នោះ​ក្រុម​ពួក​​​គាត់​ បាន​ស្លាប់​​៥​នាក់​​ និង​មួយ​ចំនួន​ទៀត​រង​របួស​​ ។ ពួក​គាត់​បាន​រំលឹក​​​​​​​​​​​​​​​​​​ទៀតថា​​ កាលណោះ​អាជ្ញា​ធរ និង​សមត្ថកិច្ច​​អនុវត្ត​​សាល​ក្រម​គឺ​ពួក​គាត់​កំពុង​​ត​វ៉ា​​នៅ​ឯ​មុខ​​រដ្ឋ​សភា លុះ​​ការ​អនុវត្ត​​សាល​ក្រម​​បាន​បញ្ចប់​​ ពួក​​គាត់​វិល​មក​វិញ​បែរ​ជា​ក្រុម​តំណាង​ថ្មី​គេ​បដិសេធ​មិន​​ឱ្យ​​ដី​ពួក​គាត់​ឡើយមក​ទល់​ពេល​នេះ​​​ទើប​ពួក​គាត់​នៅ​តែ​បន្ត​​ធ្វើ​ការ​តវ៉ា​រហូត​មក ។

មន្ត្រី​​សាលា​ខេត្ត​​មួយ​រូប​ក្នុង​​ចំណោម​៣​រូប​​ដែល​មិន​ប្រាប់​​ឈ្មោះ​និយាយ​​ថា រឿង​​រ៉ាវ​ខាង​លើ​វា​ជា​រឿង​​​របស់​​អ្នក​​ជំនាន់​មុន​ អូស​បន្លាយ​​មក​ដល់​​បច្ចុប្បន្ន​ ។ ​ដោយ​សារ​ប្រជា​ពលរដ្ឋ​​ទាំង​​នេះ មាន​​តែឈ្មោះ​ក្នុង​បញ្ជី​ តែ​ពុំ​ទទួល​បាន​របប​ដី​ ទើប​ធ្វើការ​តវ៉ា​សុំ​ឱ្យ​អាជ្ញា​ធរ​​ជួយ ។ ​មន្ត្រី​ដដែល​​បន្ត​​ថា ម៉្យាង​​ទៀត​​​មេ​ធា​វី​​ការ​ពារ​ក្តី​ឱ្យ​​​​​ប្រជា​ពល​រដ្ឋ​​​៤៤​គ្រួ​សារ​បាន​​លើក​ឡើង​​ថា ដី​ចំណុច​​២១៨​គ្រួសា​រ​​នៅ​មាន​ដី​នៅ​ឡើយ​ ម៉្យាង​​ខាង​អាជ្ញា​ធរ​​ក្រុង​ក៏​ប្រាប់​ដែរ​​​ថា ដី​ចំណុច​​កើត​ហេតុ​​នៅ​មាន​​ ទើប​លោក​ចុះ​​​មក​ពិនិត្យ​មើល​ឱ្យ​ដឹង​ការ​ពិត​​ថា តើ​ដី​នៅ​មាន​មែន​ ឬ​ក៏​អត់ ។

មន្ត្រី​ដដែល​​​បន្ត​​ទៀត​​ថា ដោយ​សារ​​​កន្លង​​មក​ការ​ដោះ​ស្រាយ​មាន​ភាព​មិន​ប្រក្រ​តី​ ព្រោះ​​កាល​ពី​ឆ្នាំ​២០០២​ មាន​បញ្ជី​ឈ្មោះ​​រួម​ តែ​​​នៅ​ឆ្នាំ​២០០៧ បញ្ជី​​ឈ្មោះ​បាត់​ចំនួន​​៤៤គ្រួ​សារ ទើប​មាន​រឿង​តវ៉ា​មក​ដល់​ពេល​នេះ ។ កន្លង​មក​អាជ្ញា​ធរ​ខេត្ត​​ធ្លាប់​បាន​ចេញ​ការ​ណែ​នាំ​ឱ្យ​ចែក​ដី​​ម្តងដែរ​ ប៉ុន្តែ​​​កាល​នោះ​​ទើប​តែ​​ចែក​បាន​ជាង​១០០​​គ្រួ​សារ​ ស្រាប់​តែ​​៤៤​គ្រួ​សារ​​ធ្វើ​ការ​​ត​វ៉ា ព្រោះ​ពួកគាត់​​ពុំ​បាន​​ដី ទើប​អាជ្ញា​ធរ​​ខេត្ត​​ឱ្យ​ផ្អាក​វិញ ។

​មន្ត្រី​ខាង​លើ​បន្ត​ថា ដោយ​ការ​ចុះ​​ពិនិត្យ​​មើល​នេះ​ ប្រជា​ពលរដ្ឋ​​ចង្អុល​បង្ហាញ​ថា ​ដីនៅ​សល់​មែន​ ដូច្នេះ​លោក​នឹង​​សុំ​គោល​ការណ៍​​ទៅ​លោក​ អភិបាល​ខេត្ត​​បង្កើត​​ក្រុម​ការ​ងារ​​មួយ​ដែល​មាន​មន្ត្រី​​ពាក់​ព័ន្ធ​​ក្នុង​ខេត្ត​ និង​​ក្រុង​​​​ចុះ​មក​លើក​ក្រោយ​​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​​ ដើម្បី​បញ្ចប់​ជម្លោះ​តាម​គោល​ការណ៍​ឈ្នះ=ឈ្នះ ៕