ខេត្តស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី១៨ សីហា នៅទីស្នាក់ការសមាគមយុវជនកម្ពុជាខេត្ត មានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកាសមាគមយុវជនកម្ពុជា ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី អនុប្រធានសមាគមយុវជនកម្ពុជា និងជាជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក ឌី វិជ្ជា ប្រធានសមាគមយុវជនកម្ពុជាខេត្តស្វាយរៀង លោក រស់ ឆាយ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងសមាជិកសមាជិកាចំនួនជាង១.០០០នាក់ ។
លោក ឌី វិជ្ជា ប្រធានសមាគមយុវជនកម្ពុជាខេត្តបានអានសុន្ទរកថាស្វាគមន៍ដោយគូសបញ្ជាក់ថា សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង ជាសាខាថ្នាក់ខេត្តរបស់សមាគមយុវជនកម្ពុជា ហើយត្រូវបានប្រកាសតែងតាំងនៅថ្ងៃទី៥ កុម្ភៈ ២០១០ ។ លោក ឌី វិជ្ជា បន្តទៀតថា សមាគមបានរៀបចំរចនាសម្ព័ន្ធថ្នាក់ខេត្ត ចាប់ពីខែឧសភា ២០១០ ដោយបានកៀងគរធនធានមនុស្សរៀបចំផែនការសកម្មភាពដោយបង្កើតជាលេខាធិការដ្ឋាន ដែលចែកចេញជាបួនគឺការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ការិយាល័យធនធានមនុស្ស ការិយាល័យយុវជន និងការិយាល័យទំនាក់ទំនងសាធារណៈ ។ ជាមួយគ្នានេះដែរ ដើម្បីធានាប្រសិទ្ធភាពការងារ សមាគមបានរៀបចំឱ្យមានក្រុមការងារចុះជួយប្រចាំស្រុក-ក្រុងទាំង៨ដែលមានភារកិច្ចជាអ្នកទ្រទ្រង់ធ្វើសកម្មភាពនានា ពង្រឹងពង្រីក និងថែទាំរចនាសម្ព័ន្ធយុវជននៅតាមមូលដ្ឋានចាប់ពីថ្នាក់ស្រុក-ក្រុង-ឃុំ-សង្កាត់ រហូតដល់ភូមិ ។
លោក ឌី វិជ្ជា បន្តទៀតថា ដំណាក់កាលដំបូងសមាគមបានរៀបចំធ្វើសកម្មភាពជ្រើសរើសប្រឡងសាកល្បងសមត្ថភាពចំណេះដឹងទូទៅ និងរៀបចំពិធីបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការសមាគមយុវជនកម្ពុជាខេត្ត ថ្នាក់ឃុំ-សង្កាត់ទាំង៨០ និងថ្នាក់ស្រុក-ក្រុងទាំង៨ ដោយទទួលបានសមាជិកសរុប៤.៩៨៦នាក់ ទូទាំង៦៩០ភូមិ នៃខេត្តស្វាយរៀង ។ មកដល់ពេលនេះសមាគមពង្រីកសមាជិកសរុបបានចំនួន៧.៦២៥នាក់ ។
លោក ហ៊ុន ម៉ានី អនុប្រធានសមាគមយុវជនកម្ពុជា បានមានមតិសំណេះសំណាលថា លោកសូមកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិកាសមាគមយុវជនកម្ពុជាខេត្តស្វាយរៀង ដែលជាសមាគមគំរូនៅទូទាំងប្រទេស ។ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង បានកសាងសមាជិក សមាជិកាយ៉ាងច្រើនរហូតដល់៧.៦២៥នាក់ ដែលនេះជាមោទនភាពខ្លាំងណាស់ ។ លោកបានលើកយកប្រវត្តិរបស់សមាគមយុវជនកម្ពុជា ជូនសមាជិកសមាជិកាក្នុងអង្គពិធីឱ្យបានដឹងថា សមាគមយុវជនកម្ពុជា ពីដើមមានឈ្មោះថា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានរត់គេចខ្លួនពីរបបប្រល័យពូជសាសន៍ប៉ុលពត ចូលទៅតស៊ូនៅប្រទេសវៀតណាម ហើយមានឆន្ទៈចូលបម្រើកងទ័ព ចូលរួមរំដោះជាតិមាតុភូមិឱ្យរួចផុតពីការកាប់សម្លាប់របស់ពួកប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយបានបន្តនូវវប្បធម៌សាមគ្គីជាតិ ចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិបានរីកចម្រើនលើគ្រប់វិស័យមកដល់ពេលនេះ ៕


ចែករំលែកព័តមាននេះ