ខេត្តកំពង់ចាម ៖ សព្វថ្ងៃនេះប្រជាកសិករបាននាំគ្នាចិញ្ចឹមពូជគោល្អៗសម្រាប់ធ្វើជាកម្លាំងអូសទាញដ៏សំខាន់ក្នុងការងារបង្កបង្កើនផលធ្វើស្រែចម្ការ ។ ជាមួយនោះដែរ ក៏មានបញ្ហាចោទឡើងដោយកង្វះស្មៅសម្រាប់ឱ្យគោសីុ ព្រោះស្រុកមួយចំនួនតាមដងទន្លេមេគង្គត្រូវបានទឹកលិច ហើយដើម្បីដោះស្រាយបញ្ហានេះមន្ទីរកសិកម្មខេត្តបាននាំពូជស្មៅល្អៗមកពីបរទេសសម្រាប់ឱ្យប្រជាពលរដ្ឋដាំឱ្យគោស៊ីជាអាហារ ។
ស្ត្រីមេម៉ាយឈ្មោះប៉ុល ទូច អាយុ៥២ឆ្នាំ រស់នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម បានប្រាប់កោះសន្តិភាពកាលពីព្រឹកថ្ងៃទី១៣ សីហា ថា គាត់បម្រើការងារនៅមណ្ឌលសុខភាពហាន់ជ័យមានកូនប្រុស-ស្រីចំនួន៥នាក់ ដោយបានទិញមេគោចំនួន៧ក្បាលមកចិញ្ចឹម ហើយបានប្រវាស់ជាមួយនឹងគោអ្នកជិតខាងបានកូនគោញីឈ្មោលចំនួន៨ក្បាលទៀត។
ស្ត្រីឈ្មោះប៉ុល ទូច បានប្រាប់បន្តថា ថ្វីត្បិតរូបគាត់ជាស្ត្រីមេម៉ាយក៏ពិតមែន តែគាត់បានតស៊ូពុះពាររាល់ការលំបាកគ្រប់បែបយ៉ាងដោយមិនរាថយឡើយ ។ កាលមុនពេលរៀបចេញទៅធ្វើការត្រូវឱ្យកូនទៅច្រូតស្មៅនៅឆ្ងាយពីផ្ទះដោយចំណាយពេលមួយព្រឹក ទុកឱ្យគោសីុមួយថ្ងៃ លុះក្រោយមកទៀត មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបានចុះមកណែនាំឱ្យគាត់ដាំស្មៅនៅក្រោយផ្ទះដុះទ្រុបទ្រុលល្អ ធ្វើឱ្យរូបគាត់មិនពិបាកដូចកាលពីមុនទៀតទេ គឺគ្រាន់តែកាន់កញ្ឆេដើរទៅច្រូតស្មៅក្រោយផ្ទះនៅពេលព្រឹកព្រលឹមបានរហ័សទាន់ចិត្ត និងទៅធ្វើការទាន់ពេលវេលា ។ ជាមួយនោះ គាត់បានបង្កើតឡជីវឧស្ម័នមួយអស់ទឹកប្រាក់៥០០ដុល្លារ ដោយខាងមន្ទីរកសិកម្មជួយឧបត្ថម្ភ១៥០ដុល្លារ ។ គាត់យកលាមកគោ និងលាមកមនុស្ស ព្រមទាំងវត្ថុធាតុដើមមួយចំនួនទៀត បញ្ចូលទៅក្នុងអាងស្តុកក្នុងដី បង្កើតជាហ្គាសអាចប្រើបានដូចជាដាំបាយ អំពូលសម្រាប់បំភ្លឺផ្ទះ ធ្វើឱ្យគ្រួសារគាត់កាត់បន្ថយការចំណាយប្រើប្រាស់ភ្លើងអគ្គិសនីបានមួយកម្រិតធំផងដែរ ។
លោកជឹម ស៊ីម៉ាច មន្ត្រីមន្ទីរកសិកម្មខេត្ត បានប្រាប់ឱ្យដឹងដែរថា ពូជស្មៅដែលយកមកដាំនៅក្នុងខេត្តកំពង់ចាមមានចំនួន៧ប្រភេទ១-ម៉ារ៉ាឌូ, ២-រូស្ស៊ី, ៣-ស្កាយឡូ១៨៥, ៤-មូឡាតូ១, ៥-មូឡាតូ២, ៦-ធីប្លង និង៧-ស្ពាលូម ត្រូវបាននាំចូលមកពីប្រទេសអូស្ត្រាលី ។ ស្មៅទាំងនេះធន់នឹងអាកាសធាតុ ត្រូវបានដាំនៅស្រុកត្បូងឃ្មុំ ស្រុកកំពង់សៀម ស្រុកព្រៃឈរ ស្រុកកងមាស សម្រាប់ចែកចាយដល់បណ្តាស្រុក-ក្រុងមួយចំនួនទៀតដាំឱ្យគោ-ក្របីសីុ ហើយស្មៅទាំងនេះផ្តល់ទិន្នផលច្រើន ៕


ចែករំលែកព័តមាននេះ