ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​កាស៊ី​ណូ​ម៉ុក​បាយ​ធ្លាក់​ពី​លើ​អគា​រជាន់​ទី2​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង​ ៖​​ មាន​​ការ​ភ្ញាក់​ផ្អើល​​មួយ​​កើត​ឡើង​​នៅ​​​​ក្នុង​បរិ​វេណ​​កា​ស៊ី​ណូ​​​ម៉ុក​បាយ ​ក្រុង​បាវិត ​ដោយ​ស្ត្រី​​ជា​បុគ្គលិក​​កា​ស៊ី​​ណូ​ម្នាក់​បាន​ធ្លាក់​ពី​លើ​​អគារ​​ជាន់​ទី​​២ ​បណ្តាល​​ឱ្យ​​រង​របួសធ្ងន់​​​ បាក់​ចង្កេះ ​និង​បាក់​​ក​ជើង​​ខាង​ស្តាំ ​សន្លប់​នៅ​នឹង​កន្លែង​ ។ ចំពោះ​​ករណី​​នេះ​មាន​​ខ្លះ​​​សង្ស័យថា​​មាន​មនុស្ស​​ច្រាន ខ្លះ​សង្ស័យ​ថា ​រអិល​ជើង​​ធ្លាក់​​ និង​ខ្លះ​ទៀ​ត​សង្ស័យ​​​ថា​ស្ត្រី​រង​គ្រោះ​​លោត​សម្លាប់​ខ្លួន​ ។​

​ហេតុ​ការណ៍​​ស្ត្រី​​ជា​បុគ្គលិក​​​ធ្លាក់​ពី​លើ​​អគារ​​កា​ស៊ី​ណូ​​​ម៉ុក​បាយ​​នេះ ​បាន​កើត​ឡើង​​កាល​ពី​​​វេលា​ម៉ោង​​ប្រមាណ​​​​២និង​​​២០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​​១៩ សីហា ពី​អគារ​ជាន់​ទី​២​នៃ​កា​​ស៊ី​ណូ​​ម៉ុក​​បាយ ​ខាង​លិច​​ច្រក​​​ទ្វារ​​ព្រំ​ដែន​​អន្ត​រជាតិ​​​បាវិត​​ចម្ងាយ​​​ប្រមាណ​​២០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​​​​បាវិត​កណ្តាល​ សង្កាត់​​បាវិត​ ក្រុង​បាវិត ​។​​ ​បើ​តាម​​ក្រុម​គ្រួសារ​និយាយ​​ថា ស្ត្រី​​រង​គ្រោះ​​​ឈ្មោះ​​លី​ ​ស្រី​ពៅ ​អាយុ​​​២៣​ឆ្នាំ ​ជា​បុគ្គលិក​​កា​ស៊ី​ណូ​​ម៉ុក​បាយ​​ផ្នែក​អ្នក​ចែក​​​​បៀ​ និង​​មាន​ទីលំនៅ​​​ក្នុង​ភូមិ​​ថ្នល់​កែង ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទៀប ​។ ប្រភព​​​ពី​ក្រុម​គ្រួសារ​​បន្ត​​ទៀត​ថា ​​​នាង​​មាន​ប្តី​​​ធ្វើ​​ការ​នៅ​កា​ស៊ី​ណូ​​ក្រុង​បាវិត​ដែរ ​និង​​មាន​កូន​​ប្រុស​ម្នាក់​​អាយុ​​២​ឆ្នាំ ​ទុក​ឱ្យ​ម្តាយ​​​ជួយ​មើល​ឱ្យ​ ​ទៅ​ធ្វើ​​ការ​នៅ​​កាស៊ី​ណូ​​ម៉ុក​បាយ​​ក្រុង​បាវិត​ គឺ​ម៉ោង​​យប់​ ហើយ​​ក៏​មិន​​ដឹង​ថា​មាន​​រឿង​អ្វី​​ដែរ​ ទើប​​បាន​ជា​​ធ្លាក់​ពី​លើ​អគារ​​កា​ស៊ី​ណូ​​ពី​ជាន់​ទី​២ ​មក​ដី​​​បាក់​​ចង្កេះ​​​ បាក់​ជើង​​យ៉ាង​ដូច្នេះ​ ។​

​លោក​វរ​សេនីយ៍​​ត្រី​​កែវ គង់​ អធិការ​​នគរ​បាល​​ក្រុង​បាវិត​​ បាន​ប្រាប់​កោះ​សន្តិ​ភាព​​តាម​​ទូរ​ស័ព្ទ​​ថា បើ​តាម​​មន្ត្រី​​នគរ​បាល​​​​ក្រសួង​មហា​ផ្ទៃ​​ប្រចាំ​ការ​​នៅ​កា​ស៊ី​ណូ​​ម៉ុក​បាយ​​​ប្រាប់​​ឱ្យ​ដឹង គឺ​​​ស្ត្រី​រ​ង​គ្រោះ​​ស្រវឹង​ ពី​ព្រោះ​​នៅ​យប់​កើត​ហេតុ​​​នាង​បាន​ផឹក​ស៊ី​​ជាមួយ​មិត្ត​​ភក្តិ​​​​៣-៤​​នាក់​​ដែល​​ធ្វើ​ការ​​​ជាមួយ​គ្នាក្នុង​​អគារ​​ស្នាក់​នៅ​​របស់​បុគ្គលិក​​ខាង​ក្រោយ​​អគារ​​​កាស៊ី​ណូដោយ​​​​​​ផឹក​ស៊ី​នៅ​ជាន់​ទី​​២។ ​លុះ​ពេល​​​​​​ស្រវឹង​​ខ្លាំង​​ដើរ​​​ចេញពី​​ក្នុង​បន្ទប់​​ក៏​រអិល​ជើង​​ធ្លាក់​​ពី​លើ​អគារ​​តែ​ម្តង ​​ពុំ​មែន​ជា​​អំពើ​ឃាត​កម្ម​​​អ្វី​ទេ ​។ ប៉ុន្តែ​​ទោះ​បី​​មាន​ការ​អះ​អាង​​​ពី​មន្ត្រី​នគរ​បាល​​ក្រសួង​មហា​ផ្ទៃ​​បែប​នេះ​​ក្តី ក៏​នគ​​រ​បាល​​​ក្រុង​បាវិត​​កំពុង​​ស្រាវ​ជ្រាវ​​រក​មិត្ត​​ភកិ្ត​​ដែល​ផឹក​ស៊ី​ជាមួយ​​គ្នា​ ដើម្បី​​រក​កា​រពិត​​ថា តើ​មាន​មនុស្ស​​ច្រាន​ឬ​ធ្លាក់​​​ខ្លួន​ឯង​ ឬ​ក៏​​ជា​ការ​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន ​។​ ស្ត្រី​រង​គ្រោះ​​​ត្រូវ​បាន​​​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​មន្ទីរ​​ពេទ្យ​​ព្រះ​កុ​សុ​មៈ​​ឯ​រាជ​ធានី​ភ្នំ​ពេញ​ ​ដើម្បី​​សង្គ្រោះ​​ ។ ​
​ដោ​យ​ឡែក​ ​បុគ្គលិក​​កា​​ស៊ី​ណូ​​ម្នាក់​​​ទៀត​ឈ្មោះ​​សុង ​ទីន ភេទ​ប្រុស អាយុ​​៣៣​ឆ្នាំ ​ត្រូវ​ប្រពន្ធ​​​​ចាក់​​មួយ​កាំ​បិត​​ចំ​ក្រលៀន​​ខាង​ឆ្វេង​ ​ប្រកាច់​​​សន្លប់​នៅ​​ក្នុង​កាស៊ី​ណូ​ ​ដោយ​សារ​ភ្លើង​ប្រចណ្ឌ​ កាល​ពី​ថ្ងៃទី​១៦ សីហា វេលាម៉ោង​១០​យប់​ហើយ​ត្រូវ​​​មិត្ត​​ភក្តិ​​ដឹក​យក​​មក​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត​​​​ ។ ជន​រង​​គ្រោះ​​មាន​ទី​លំនៅ​​ក្នុង​ភូមិ​​​ចាក់​អង្រែ​លើ ​សង្កាត់​​ចាក់​អង្រែ​ រាជ​ធានី​ភ្នំ​ពេញ​ ​។

មិត្ត​ភក្តិ​​ដែល​ដឹក​ជន​រង​គ្រោះ​​​មកកាន់​​​​មន្ទីរ​​ពេទ្យ​​ខេត្ត​ បង្ហើប​​ថា​​ ដោយ​សារ​​ប្រពន្ធ​ប្រចណ្ឌ​​​​ ក៏​យក​កាំ​បិត​​ចុង​​ស្រួច​​បម្រុង​​ចាក់​ប្រដាប់​ភេទ​ ​តែ​ពេល​​​​ចាក់​ខុស​​ក៏​ចំ​​​ក្រលៀន​​​ខាង​​ឆ្វេង​​លិច​​១​កាំ​បិត​​បាញ់​ឈាម​​ពេញ​បន្ទប់​​សន្លប់​​នៅ​ក្នុង​​ថ្លុក​ឈាម​​ ​។ ​ក្រោយ​ពី​​ចាក់​ប្តី​​ហើយ​ ប្រពន្ធ​ជា​ជន​​​​ដៃ​ដល់​​បាន​គេ​ច​ខ្លួន​បាត់ ៕​​