ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​​​មេត្រូ​​​គ្រុប​ខេម​បូឌាធ្វើ​សិក្ខា​​សាលា​​​បង្ហាញ​​​​ផលិត​​​​​ផល​របស់​​ខ្លួន​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុនមេត្រូគ្រុប​ខេម​បូឌា បានរៀបចំសិក្ខាសាលា​ដើម្បីបង្ហាញ​នូវ​ផលិត​ផលថ្មី និងផ្ដល់ការយល់ដឹងពី​ផលិត​ផល​​Caterpilla បន្ថែមដល់អតិថិជនរបស់​ខ្លួន ដែលមានការចូលរួមពន្យល់ និងបង្ហាញពីអ្នក​ជំនាញមកពីប្រទេសសិង្ហ​បុរីនៅ​សណ្ឋា​​គារ​ជូលីណា ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ សីហា​ឆ្នាំ២០១២ ។

គួររំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនមេត្រូគ្រុបខេមបូឌា ​រៀបចំ​សិក្ខាសាលារបស់ខ្លួន។ ក្រុមហ៊ុនមេត្រូគ្រុប​ខេម​បូឌា ជាក្រុមហ៊ុនតំណាងរបស់រោង​ចក្រ Caterpilla​ ដែលទទួលលក់ផលិតផល​ម៉ាក Caterpilla ហៅកាត់ថា Cat ដែល​បាន​​ដំណើរ​ការ​របស់ខ្លួន​ក្នុង​ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ​១៩៩៤ ដោយ​ក្រុមហ៊ុននេះមានទីតាំងតែមួយ​គត់នៅក្នុងរាជធានី​ភ្នំពេញ។

លោក តាំង គឹមវេង ជានាយកចាត់ការ​ទូទៅ​​ប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន​មេត្រូ​គ្រុបខេមបូឌាប្រចាំកម្ពុជា បានផ្ដល់​បទ​​សម្ភាសន៍​ដល់កោះសន្ដិភាពឱ្យ​ដឹងថា សិក្ខា​សា​លា​នេះ​មានសារសំខាន់សម្រាប់់​​អតិថិជន ដើម្បី​ធ្វើការយល់ដឹង​ពីផលិតផល Caterpilla បន្ថែមជាពិសេសក្នុងគោលបំណងប្រមូលផ្ដុំអតិថិជនដែលប្រើ​ប្រាស់ និងអតិថិជនដែលនឹងប្រើប្រាស់ផលិត​ផល Caterpilla ដើម្បីឱ្យ​ពួក​គេ​យល់​ដឹងអំពីរបៀបប្រើប្រាស់ ការប្រើប្រាស់ផ្ដល់​ការ​យល់ដឹងអំពីការថែរក្សាផលិតផលរបស់ខ្លួន​ជូន​ដល់អតិថិជន និងអាចឱ្យ​អតិថិជនស្វែង​យល់អំពីផលិតផលណាមួយដែលខ្លួនត្រូវការ ។

លោកតាំង គឹមវេង មាន​ប្រសាសន៍បន្ដថា ផលិត​ផល  Caterpilla ហៅកាត់ថា Cat ជាផលិត​ផល​របស់សហរដ្ឋអាមេរិក ដែល​មាន​សាខា​នៅ​ប្រទេសមួយចំនួនដូចជា ប្រទេសចិន ជប៉ុន អង់​គ្លេស និងមានទីស្នាក់ការធំនៅ​សហ​រដ្ឋអាមេរិក។ លោកបញ្ជាក់ថា គ្រប់ផលិតផល  Caterpilla សុទ្ធតែមានគុណភាព ​ធន់ និងមាន​ស្ដង់ដា​ដូចគ្នា​ឱ្យអតិថិជនជឿទុកចិត្ដក្នុងការប្រើប្រាស់ ។​លោក​បាន​​អះអាងថា អតិថិជន​ដែល​ចង់ប្រើប្រាស់ផលិតផល​​​ដែល​មាន​គុណភាព និង​មាន​ស្ដង់​ដា​គួរតែជ្រើសរើសផលិតផល Cat ជាជាងផលិតផលដែលមានតម្លៃថោកគ្មានគុណភាព ។ លោកបានលើកឡើងថា បច្ចុប្បន្ន​ប្រជា​ពល​រដ្ឋមានលទ្ធភាពទិញ​ផលិតផល​ដែល​មាន​គុណភាពដូចជាផលិតផល Cat ដោយសារ​បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើន​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋមានកម្រិត​ជីវភាពធូរធារ ។

សូមបញ្ជាក់ថាក្រុមហ៊ុនមេត្រូគ្រុបខេមបូឌា មានលក់ផលិតផលគ្រប់ប្រភេទដែលរោងចក្រ Caterpilla មានដូចជា គ្រឿងចក្រ​ម៉ាស៊ីន​ភ្លើង ឧបករណ៍បំពាក់បន្ថែមលើគ្រឿងចក្រឧបករណ៍​​អគ្គិសនីផ្សេងៗ មានសេវាកម្ម​គ្រឿង​បន្លាស់សុទ្ធ​ពីរោងចក្រ Caterpilla និងសេវាកម្ម​ជួស​ជុល​នៅនឹងក្រុមហ៊ុនផ្ទាល់ និងសេវាកម្ម​ដល់ទីកន្លែង ៕