ខេត្តកំពង់ចាម ៖ ក្មេងស្រីជំទង់អាយុ១៤ឆ្នាំម្នាក់ រស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ត្រូវជនអន្ធពាលមិនស្គាល់អត្តសញ្ញាណចាប់រំលោភសេពសន្ថវៈ ហើយអារ.កសម្លាប់យ៉ាងព្រៃផ្សៃក្នុងខណៈនាងដឹកគោ២ក្បាលយកទៅឃ្វាលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ សីហា នៅចំណុចអូរសោម ចម្ងាយពីផ្ទះប្រហែលជាង២គីឡូម៉ែត្រ ។
លោកអាន គឹមស្រីុ អធិការរងនគរបាលស្រុកចំការលើប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុក្មេងស្រីរងគ្រោះឈ្មោះប៉ូលីន បានដឹកគោចេញពីផ្ទះយកទៅនៅត្រង់ចំណុចខាងលើតែម្នាក់ឯងដូចសព្វដង រហូតដល់ពេលល្ងាចបែរជាឃើញតែគោដែរមកផ្ទះវិញទាំងអូសខ្សែចំណងតែបាត់មនុស្ស ។
លោកអាន គឹមស្រ៊ី អធិការរងនគរបាលស្រុកចំការលើប្រាប់បន្តថា ដោយសារតែបាត់មិនឃើញកូនត្រឡប់មកផ្ទះ ក៏ឪពុកម្តាយរួមនឹងអ្នកជិតខាងមានគ្នាប្រហែល២០នាក់បាននាំគ្នាចេញទៅតាមរក ។ សកម្មភាពតាមរកដោយបានឆ្លុះពិលបញ្ចាំងភ្លឺចេញជាកន្លែងមួយចូលទៅកន្លែងមួយកាត់ព្រៃវាលស្រែ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែល(១៧ សីហា) ទើបប្រទះឃើញសពកូនត្រូវបានគេសម្លាប់ដោយកាប់ និងអារ.កត្រង់ចំណុចអូរសោម ។ ហើយក៏នាំគ្នាសែងយកសពមកផ្ទះនឹងបានរាយការណ៍មកសមត្ថកិច្ច ហើយត្រូវបានលោកអិុត ដារ៉ា អធិការនគរបាលស្រុកចំការលើបញ្ជាឱ្យកម្លាំងក្រោមឱវាទចុះសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្វាយទាប ចុះស្រាវជ្រាវទាំងយប់ ។
លោកណោ ឌីណា នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តប្រាប់ថា ក្មេងស្រីរងគ្រោះឈ្មោះប៉ូលីន ត្រូវបានឃាតករកាប់ប្រហារត្រូវ៤កន្លែង ក្នុងនោះរួមមានគល់ចិញ្ចើម១កន្លែង កមួយកន្លែងអារដាច់បំពង់ខ្យល់ ដាច់មេដៃស្តាំ១ ដៃឆ្វេង១ ។ នៅកន្លែងកើតហេតុមានចម្ការដំឡូង និងវាលស្រែចម្ងាយពីផ្ទះប្រហែលជាង២គីឡូម៉ែត្រ ។
លោកអិុត ដារ៉ា អធិការរងនគរបាលស្រុកចំការលើ បានប្រាប់ឱ្យដឹងដែរថា ពេលដែលក្មេងស្រីជំទង់រូបនេះចេញទៅឃ្វាលគោ ត្រូវបានជនអគតិចាប់រំលោភសេពសន្ថវៈ ហើយថែមទាំងសម្លាប់បំបិទមាត់ ដោយអារ.កយ៉ាងសាហាវព្រៃផ្សៃបំផុត ដូច្នេះអាចដឹងច្បាស់ថា ឃាតករជាមនុស្សស្គាល់អ្នករងគ្រោះ ទើបឈានដល់ការសម្លាប់បំបិទមាត់ដូច្នេះ ។ ទោះបីជាបែបណា រហូតមកដល់ព្រឹកថ្ងៃទី១៩ សីហា រូបលោកនូវតែចុះបន្តស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមប្រមាញ់ជនដៃដល់តាមបញ្ជារបស់លោកស្នងការនគរបាលខេត្ត ៕
ចែករំលែកព័តមាននេះ