ខេត្តកំពង់ចាម ៖ គ្រូទាយម្នាក់ឈ្មោះយ៉ន់ ណុល អាយុ៥២ឆ្នាំ រស់នៅភូមិបាកិល ឃុំជាលា ស្រុកបាធាយ បានអួតអាងថា មានសំណខ្មៅ១ដុំ ទម្ងន់ជាង១ខាំ មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺយ៉ាងស័ក្តិសិទ្ធិ ហើយអាចលក់បានក្នុងតម្លៃរហូតដល់ទៅ៧លានដុល្លារ ព្រមទាំងដើរបោកគ្រូទាយដូចគ្នានិងប្រជាពលរដ្ឋចំនួន១១នាក់ តែ ទីបំផុតបានត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ សីហា បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ។
លោកអឹុម ស៊ាងឌី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ឱ្យដឹងថា ក្រុមអ្នករងគ្រោះដែលចាញ់បោកគ្រូទាយនេះមាននៅខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល និងបានសុំឱ្យកម្លាំងនគរបាលស្រុកស្ទឹងត្រង់ ជួយអន្តរាគមន៍ឃាត់ខ្លួន គ្រូទាយរូបនេះនិងប្រពន្ធចុងឈ្មោះស៊ូ គឹមយឿន អាយុ៣២ឆ្នាំ ដែលកំពុងតែលាក់ខ្លួននៅភូមិអូរ២ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ កាលពីព្រឹកថ្ងៃទី១៧ សីហា។
លោកអឹុម ស៊ាងឌី បន្តថា អ្នកដែលចាញ់បោកទាំង១១នាក់ នោះមាន១-ឈ្មោះណាំ ធា ភេទប្រុស អាយុ៤៣ឆ្នាំ ២-ឈ្មោះហេង លន់ អាយុ៣៧ឆ្នាំ២នាក់នេះជាប្តីប្រពន្ធ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ៣-ឈ្មោះហេង លី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ៤-ឈ្មោះលី ឡូញ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ៥-ឈ្មោះគឹម សំអាត ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ៦-ឈ្មោះធា គឹមស៊ីន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ៧-ឈ្មោះជួន តារា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៨-ឈ្មោះកែវ ឈន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ៩-ឈ្មោះសុខ ស្រីពៅ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល ១០-ឈ្មោះយុត ផេន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល ១១-ឈ្មោះវាំង យូរ៉ា ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ អ្នកទាំង១១នាក់គឺជាអ្នកដើរផ្សព្វផ្សាយលក់សំណខ្មៅ១ដុំ ដែលត្រូវបានអះអាងថា ជាវត្ថុស័ក្តិសិទ្ធិនិងមានតម្លៃរហូតដល់៧លានដុល្លារ ។ នៅក្នុងការដើរផ្សព្វផ្សាយលក់នេះ គ្រូទាយឈ្មោះយ៉ន់ ណុល អះអាងថា ប្រសិនបើអ្នកណារកម៉ូយបានមុនគេនឹងឱ្យកម្រៃជើងសារពី១៥ទៅ៥០ម៉ឺនដុល្លារ ព្រមទាំងធ្វើសៀវភៅធនាគារឱ្យម្នាក់១ក្បាលទៀត ។
លោកអឹុម ស៊ាងឌី បញ្ជាក់ថា ដើម្បីឱ្យមានការទុកចិត្តគ្រូទាយឈ្មោះយ៉ន់ ណុល បានរៀបចំធ្វើបុណ្យធំមួយទៅនឹងផ្ទះប្រពន្ធដើមឈ្មោះ ឆន ហ៊ី អាយុ៣៨ឆ្នាំ មានកូន៤នាក់ នៅភូមិបាកិល ឃុំជាលា ស្រុកបាធាយ ហើយក្រុមអ្នកពពាយនាយលក់ ដែលទៅចូលរួមឃើញមានភាពអធិកអធមមែន ដែលធ្វើឱ្យម្នាក់ៗមានជំនឿលើគ្រូទាយនេះទាំងស្រុង ។ មិនតែប៉ុណ្ណោះ ថែមទាំងបានឱ្យលុយទៅគ្រូទាយនេះម្នាក់ៗចាប់ពី១៥០ដល់២.០០០ដុល្លារ និងតាមសុំគ្រូមើលវត្ថុមានតម្លៃនោះ តែគ្រូទាយនេះថា ម្តងពេលនេះម្តងពេលនោះ ហើយដោយសារតែចាំបាត់ៗទើបនាំគ្នាប្តឹងនគរបាលស្ទឹងត្រង់ឱ្យចាប់ខ្លួនតែម្តង រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។
ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ត បានចាត់កម្លាំងឱ្យនាំគ្រូទាយរូបនេះ ទៅគាស់រកមើលសំណខ្មៅស័ក្តិសិទ្ធិនោះ កាលពីរសៀលថ្ងៃទី១៨ សីហា នៅក្រោមផ្ទះប្រពន្ធដើមតែរកមិនឃើញទើបដឹងថា ជាករណីឆបោក ។ នៅរសៀលថ្ងៃទី១៩ សីហា គ្រូទាយឈ្មោះយ៉ន់ ណុល និងប្រពន្ធចុង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ