រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកកែប ជុតិមា អភិបាលរាជធានី ដោយមានការចង្អុលបង្ហាញពីសម្តេចតេជោនាយករដ្ឋមន្ត្រី បាននិងកំពុងខិតខំយ៉ាងខ្លាំងក្លាលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើនគួរឲ្យមោទនភាព ។
ជាក់ស្តែងសំណង់អគារខ្ពស់ៗយ៉ាងប្រណីត សួនច្បារដែលមានពណ៌បៃតងយ៉ាងស្រស់បំព្រងគួរឲ្យចង់គយគន់ ការតុបតែងភ្លើងពណ៌ ដើមឈើ ផ្កាចម្រុះពណ៌ ប្រពន្ធ័លូ ប្រឡាយនានា ជាពិសេសទៅទៀតគឺការស្ថាបនា និងជួសជុលផ្លូវក្នុងរាជធានីប្រែក្លាយ និងលុបបំបាត់ពីផ្លូវដីឲ្យទៅជាផ្លូវកៅស៊ូ ឬផ្លូវចាក់បេតុងស្ទើរតែអស់ទាំងស្រុង ។ ហើយក្នុងពេលនេះព្រះរាជាណាចក្រកម្ពុជា ពិសេសរាជធានីភ្នំពេញពិតជាមហាកិតិ្តយសយ៉ាងធំធេងដែលបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ាន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមជ្ឈដ្ឋាននានាកត់សម្គាល់ទៀតនោះទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏មានការធ្វេសប្រហែសរបស់អាជ្ញាធរក្រោមឱវាទ ពិសេសនគរបាលផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរមូលដ្ឋាន ដែលបណ្តែតបណ្តោយឲ្យមានការរំលោភយកចំណីផ្លូវស្ទើរតែទាំងស្រុងដើម្បីធ្វើអាជីវកម្ម ដែលបង្កភាពស្មុគស្មាញដល់សាលារាជធានីភ្នំពេញ ។ ជាក់ស្តែងចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញត្រូវបានរំលោភដើម្បីដាក់តាំងលក់រថយន្ត លក់អីវ៉ាន់គ្រប់ប្រភេទ រហូតដល់មានកន្លែងខ្លះត្រូវបានស្ថាបនាជាសំណង់រឹងមាំដើម្បីធ្វើអាជីវកម្មតែ ម្តង ។
គួររំលឹកថា លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ តែងតែធ្វើការដាស់តឿនដល់មន្ត្រីក្រោមឱវាទឲ្យមានការរៀបចំសណ្តាប់តាមដងផ្លូវដើម្បីសោភ័ណភាពរាជធានីភ្នំពេញផង ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ប៉ុន្តែគេមិនដឹងថា មានហេតុផលអ្វីបានជាមន្ត្រីជំនាញពាក់ពន្ធ័ផ្នែកនេះធ្វើមិនបាន ជាពិសេសនគរបាលផ្នែកសណ្តាប់ធ្នាប់តែម្តង ឬមួយសមត្ថកិច្ចទាំងនេះបិទភ្នែកបើកដៃឲ្យធ្វើបែបនេះព្រោះតែប្រយោជន៍ផ្ទាល់នោះ ។ ដែលបញ្ហានេះសាលារាជធានីភ្នំពេញ ពិសេសលោកកែប ជុតិមា គួរតែគិតគូរ និងដាក់វិធានការក្តៅឲ្យបានកាន់តែខ្លាំងក្លា ដូចភ្លៀងរលឹម ព្រោះបើមិនដូច្នេះទេបញ្ហានេះកាន់តែមានភាពស្មុគស្មាញទៅៗ បាត់បង់អស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ជាក់ស្តែងការតាំងលក់រថយន្តកាន់តែមានច្រើនព្រោងព្រាត ជាពិសេសនៅតាមចិញ្ចើមផ្លូវតំបន់មន្ទីរពេទ្យអង្គឌួង ផ្សារថ្មី ផ្លូវភ្លោះសួនច្បារមុខសក្យមុនីចេតីយ តាមចិញ្ចើមមហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង និងនៅតាមមហាវិថីព្រះនរោត្តមជាដើម ។ល។
គួរកត់សម្គាល់ផងដែរថា នៅក្មុងពេលឆាប់ៗខាងមុខនេះព្រះរាជាណាចក្រកម្ពុជា ពិសេសរាជធានីភ្នំពេញក្នុងនាមម្ចាស់ផ្ទះ និងមានការរៀបចំប្រជុំអាស៊ានដ៏ធំមួយដែលមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសមហាអំណាចនៅលើពិភពលោក នឹងចូលរួមផងដែរ ។ ហេតុនេះក្នុងនាមយើងជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានផងនោះត្រូវតែមានការរៀបចំ ជាពិសេសទៅទៀតនោះ គឺប្រជាពលរដ្ឋត្រូវមានចរិតថ្លៃថ្លូរ និងចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយដើម្បីមុខមាត់សម្រាប់ទាំងអស់គ្នា ៕





ចែករំលែកព័តមាននេះ