ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​កាប់​សំដៅ​កូន​ប្រុស​ម្តាយ​មិន​ខ្លាច​មក​រង​ជំនួស​ដាច់​ដៃ​ឆ្វេង​ក្លាយ​ជា​ជន​ពិការ​

13 ឆ្នាំ មុន

ខេត្ត​​ព្រៃវែង ៖ បុរស​ម្នាក់​​ដោយ​សារ​​​ខឹង​​កូន​​ប្រុស​ខ្លាំង​​ ក៏​បាន​​យក​​កាំ​បិត​​បុ័ង​តោ​​ដេញ​​កាប់​ ឯ​ស្ត្រី​ជា​​ប្រពន្ធ​ ដោយ​ឃើញ​​បែ​ប​នេះ​ក៏​​ស្ទុះ​​​ចូល​មក​រង​កាំ​បិត​ជំនួស​កូន​ប្រុស​ បណ្តាល​ឱ្យត្រូវ​មួយ​កាំ​បិត​ដាច់​ដៃ​ខាង​ឆ្វេង​លើកួយ​ដៃ​​សន្លប់​​នៅ​ក្នុង​ថ្លុក​​ឈាម​គួរ​ឱ្យរន្ធត់​ និង​​ធ្វើ​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់​អ្នក​ភូមិ​​មក​ចោម​រោម​មើល​​ហេតុ​ការណ៍​​គួរ​ឱ្យ​តក់​ស្លុត​ និង​ហួស​ចិត្ត​ពន់​ពេក​​​ ។

ករណី​​​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​១៤ សីហា វេលា​ម៉ោង​​​៨​យប់​​នៅ​ភូមិ​​ត្រពាំង​រ​ពាក់ ឃុំ​​ព្រៃ​ឃ្នេស ស្រុក​មេសាង ខេត្ត​ព្រៃ​វែង ។ ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ណយ សុខន អាយុ​៤៣​ឆ្នាំ ត្រូវ​​ប្តី​ឈ្មោះ​ឃុយ យ៉ាវ អាយុ​៥០​ឆ្នាំ ​​កាប់​​ចំដៃ​ខាង​ឆ្វេង​មួយ​កាំ​បិត​​បុ័ង​តោដាច់​​​​លើកួយ​ដៃ​សន្លប់​នៅ​ក្នុង​ថ្លុកឈាម ហើយ​ត្រូវបាន​​កូនៗ​​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ខេត្ត​ស្វាយ​រៀង​ដើម្បី​សង្គ្រោះ​​ តែ​​គ្រូ​ពេទ្យ​មិន​អាច​តភ្ជាប់​ដៃ​ឱ្យ​វិញ​បាន​ទេ​ ដូច្នេះ​ស្ត្រី​រង​គ្រោះ​​ត្រូវ​​​ក្លាយ​ជា​​ជន​ពិការ​​ដៃ​អស់​មួយ​​ជីវិត​​​។

ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​កូន​៨​នាក់​ ក្នុង​នោះ​ស្រី​៥​នាក់ តែ​មាន​ប្តី​​ប្រពន្ធ​​បែក​ចេញ​​៣​នាក់ និង​ទៅ​ធ្វើ​ការនៅ​​​រោង​ចក្រ​​៣​នាក់​​សព្វ​ថ្ងៃ​នៅ​ផ្ទះ​ជា​មួយ​២​នាក់ ។ មុន​ពេល​​កើត​ហេតុ​​ បុរស​ជា​ប្តី​​បាន​ស្តី​បន្ទោស​​កូន​ប្រុស​មិន​​ឱ្យ​ដើរ​​លេង​យប់​​​ព្រោះ​ខា្លច​មាន​រឿង​មក​ដល់​គ្រួសារ តែ​​​ពេល​នោះ​ កូន​ប្រុស​បាន​​ត​មាត់​​ជា​មួយ​​ឪពុក​រហូត​​ឪពុក​ផ្ទុះ​​កំហឹង​​ក៏​ទាញ​កាំ​បិត​​បុ័ង​តោ​​យ៉ាង​មុត​​កាប់​​ទៅ​លើ​កូន​ប្រុស ។ ចំណែក​​​ស្ត្រី​ជា​ប្រពន្ធ​​​ឃើញ​ដូច្នេះ​​​​ក៏​ស្ទុះចូល​រង​​​​មុខ​កាំ​បិត​ជំនួស​កូន​បណ្តាល​ឱ្យ​ត្រូវ​មួយ​កាំ​បិតចំ​​​ដៃ​ខាង​ឆ្វេង​​ដាច់​​សល់​តែ​ស្បែក​​​បន្តិច​​ និង​​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម​​ ។ រី​ឯ​ប្តី​​ក៏​បោះ​កាំ​បិត​​ចោល​​រួច​បី​ប្រពន្ធ​​នាំ​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ខេត្ត​ស្វាយ​​រៀង​ដើម្បី​​សង្គ្រោះ​​ ។

ស្ត្រី​ជា​​ប្រពន្ធ​​​​និយាយ​​​​​ថា នេះ​ជារឿង​​អចេត​នា​ទេ ប្តី​គាត់​​គ្រាន់​តែ​​កាន់​កាំ​បិត​គំរាម​កូន ហើយ​រូប​គាត់​​​​ហក់​ចូល​ទៅប្រវាយ​ប្រតប់​ដណ្តើម​​កាំ​បិត​​ក៏​ទាក់​ជើង​ដួល​​ទៅ​លើ​ដី​​ រី​ឯ​ប្តី​របស់​គាត់​​ដួល​​ពី​លើ​​​និង​មិន​​ដឹង​ជា​យ៉ាង​ម៉េច​​កាំបិត​​ក៏​មុតដាច់​ដៃ​តែ​ម្តង សូម​កុំ​យក​ទោស​ប្តី​​របស់​គាត់​អី៕