រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិចុះថ្ងៃទី១៧ សីហា បានឱ្យដឹងថា លេខាធិការចលនាប្រជាធិបតេយ្យសង្គ្រោះជាតិជូនដំណឹងដល់សាធារណជន អង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត សារព័ត៌មានជាតិ និងអន្តរជាតិនានាថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីការបង្កើតគណបក្សសង្គ្រោះជាតិនៅវេលាម៉ោង១រសៀល ថ្ងៃទី២០ សីហា ស្ថិតនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិផ្ទះលេខ៣៨ ផ្លូវលេខ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីគណបក្ស សម រង្ស៊ី បានបញ្ជាក់ថា ក្នុងសន្និសីទនេះមានការចូលរួមតាមវីដេអូខន់ហ្វឺរេនរបស់លោក សម រង្ស៊ី ពីប្រទេសបារាំង និងមានអ្នកគាំទ្រចំនួន៨០នាក់ ។ ក្នុងសន្និសីទនេះអ្នកចូលរួមនឹងសម្រេចក្នុងការបង្កើតគណៈកម្មាធិការបណ្តោះអាសន្នមួយមុនពេលឈានដល់ការបង្កើតគណបក្សសង្គ្រោះជាតិ ។ ស្របពេលជាមួយគ្នានេះអ្នកចូលរួមនឹងជ្រើសរើសថ្នាក់ដឹកនាំគណៈកម្មាធិការបណ្តោះអាសន្នចំនួន៧រូប ។
ដោយឡែកមន្ត្រីគណបក្សសិទ្ធិមនុស្សអះអាងថា នៅថ្ងៃទី ២០ សីហានេះ ក្រុមការងាររបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃចុះឈ្មោះគណបក្សនិងរចនាសម្ព័ន្ធរបស់គណបក្ស ។
គណបក្សប្រឆាំងថ្មីនេះត្រូវបានគេដឹងរួចហើយគឺមានលោកសម រង្ស៊ី ឈរឈ្មោះជាប្រធាន និងលោក ប៉ុល ហំម មកពីគណបក្សសិទ្ធិមនុស្សឈរឈ្មោះជាអនុប្រធានបណ្តោះអាសន្ន ។ គណបក្សសង្គ្រោះជាតិដែលត្រូវគេគ្រោងចុះបញ្ជីនៅឯក្រសួងមហាផ្ទៃមានសមាសភាពគ្រប់គ្រាន់មកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ប៉ុន្តែនៅមិនទាន់មានរចនាសម្ព័ន្ធត្រឹមត្រូវនៅឡើយទេដោយសារតែបញ្ហាផ្លូវច្បាប់នានា ។ នៅក្នុងបញ្ជីគណៈកម្មាធិការបណ្តោះអាសន្នដែលត្រូវបញ្ជូនទៅក្រសួងមហាផ្ទៃនាថ្ងៃទី២០ សីហា មិនមានឈ្មោះលោកកឹម សុខា នោះទេ ។
ទោះបីជាបែបណាលោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សត្រូវបានវិទ្យុបារាំង អន្តរជាតិដកស្រង់សំដីថា លោកកឹម សុខា គ្មានឈ្មោះក្នុងបញ្ជីដោយសារតែលោកនៅរក្សាតួនាទីជាអ្នកតំណាងរាស្ត្រ គណបក្សសិទ្ធិមនុស្ស ។ លោកបន្តថា មិនមែនតែលោកកឹមសុខាម្នាក់ទេ ប៉ុន្តែអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតក្នុងតំណែងបច្ចុប្បន្នទាំង២ គណបក្ស សុទ្ធតែគ្មានឈ្មោះនៅក្នុងបញ្ជីគណបក្សថ្មីនេះដូចគ្នា ។ ប៉ុន្តែអង្គសមាជមួយនឹងត្រូវគេរៀបចំឡើងនៅពេលជិតបោះឆ្នោតដើម្បីរៀបចំសមាសភាពច្បាស់លាស់របស់គណបក្សនេះ ។ ពេលនោះលោក កឹម សុខា នឹងមានវត្តមានជាអនុប្រធានគណបក្សសង្គ្រោះជាតិដូចការគ្រោងទុក ។
ប៉ុន្តែការចុះបញ្ជីគណបក្សសង្គ្រោះជាតិនេះត្រូវអ្នកតាមដានមើលឃើញថា នឹងមិនអាចទៅរួចឡើយដោយសារតែលោកសម រង្ស៊ី ដែលឈរឈ្មោះជាប្រធានបក្សគឺជា«ទណ្ឌិត»ដែលបាត់បង់សិទ្ធិធ្វើនយោបាយទៅហើយ ។ ក្រសួងមហាផ្ទៃច្បាស់ជាបដិសេធមិនចុះឈ្មោះគណបក្សថ្មីនេះទេ ។ យ៉ាងណាក៏ដោយលោក ប៉ុល ហំម បានអះអាងថា លោកមិនបានរកឃើញច្បាប់ណាមួយដែលបញ្ជាក់ថា លោកសម រង្ស៊ីមិនអាចឈរឈ្មោះជាប្រធានគណបក្សបាននោះឡើយ ។
គួររំលឹកថា គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានព្រមព្រៀងចុះហត្ថលេខាជាមួយគ្នា កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសហ្វ៊ីពីន ដើម្បីបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ ចលនានេះក៏បានក្លាយជាឈ្មោះគណបក្សថ្មីមួយដែលមានលោកសម រង្ស៊ីជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ៕
ចែករំលែកព័តមាននេះ