រាជធានីភ្នំពេញ ៖ មន្រ្តីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យដឹងថា នៅថ្ងៃទី២២ សីហា ២០១២ វេលាម៉ោង៦និង៣០នាទីល្ងាច លោក William E.Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក Flynn Fuller នាយកបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិប្រចាំនៅកម្ពុជា (USAID) នឹងរៀបចំពិធីអបអរខួបលើកទី៥០ឆ្នាំរបស់ទីភ្នាក់ងារនេះ និងខួបលើកទី២០ឆ្នាំរបស់ទីភ្នាក់ងារនេះនៅកម្ពុជា។ ពិធីនេះនឹងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីលោកបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី នឹងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីនឹងអញ្ជើញចូលតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។
ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦១ ដោយផុសចេញពីស្មារតីនៃភាពជឿនលឿន ការឆ្នៃប្រឌិត និងការឆ្លុះបញ្ចាំងពីគុណតម្លៃ អត្តចរិត និងជំនឿជាមូលដ្ឋានលើទង្វើត្រឹមត្រូវរបស់ជនជាតិអាមេរិក។ ក្នុងស្មារតីនេះហើយដែលលោកប្រធានាធិបតី John F.Kennedy បានអំពាវនាវឱ្យបង្កើតទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកមួយ ដើម្បីប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន ជំងឺ និងភាពក្រីក្រនៅទូទាំងសាកលលោក។
បេសកកម្មរបស់ USAID ប្រចាំនៅកម្ពុជាត្រូវបានបង្កើតឡើងកាលពី២០ឆ្នាំមុន ប៉ុនែ្តប្រវត្តិនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកដល់កម្ពុជាមានរយៈពេលជាច្រើនទសវត្សមកហើយ។ តាំងពីបេសកកម្មរបស់ USAID ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២នៅក្នុងប្រទេសកម្ពុជា ទីភ្នាក់នេះបានធ្វើការងារយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយដៃគូជាច្រើន ដើម្បីធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ