រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ សីហា ២០១២ លោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាអភិបាលខណ្ឌលោកផាន់ ងួន អនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោរួមទាំងមន្រ្តីគណបក្សខណ្ឌជាច្រើនរូបទៀតបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោចំនួន៦០០នាក់ ខណៈពេលធ្វើពិធីផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៣កន្លងមក និងទិសដៅការងារការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ខាងមុខនេះ។
លោកវើក សាមឿន ប្រធានគណបក្សសង្កាត់ដង្កោបានឡើងអានរបាយការណ៍លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាអាណត្តិទី៣ កន្លងមក ដោយលោកបានបញ្ជាក់ឲ្យដឹងថា នៅក្នុងសង្កាត់ដង្កោមានប្រជាពលរដ្ឋនាំគ្នាទៅចូលរួមបោះឆ្នោតយ៉ាងច្រើនផុសផុល ក្នុងនោះជាលទ្ធផល គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងគាំទ្រយ៉ាងច្រើនលើសលប់បំផុត គឺបានចំនួនជាង៦១ភាគរយ ដោយមានការកើនឡើងលើសពីអាណត្តិមុនជាង១៥ភាគរយ។ ដោយឡែកគណបក្សសមរង្ស៊ីដែលជាគណបក្សប្រកួតប្រជែងនោះទទួលបានសម្លេងគាំទ្រជាង២០ភាគរយប៉ុណ្ណោះ ដោយមានការថយចុះពីអាណត្តិមុនជាង៦ភាគរយ។ បន្ទាប់ពីអានលទ្ធផលនៃការបោះឆ្នោតរួចមកលោកប្រធានគណបក្សសង្កាត់បានអានរបាយការណ៍ទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ ឆ្នាំ២០១៣ ខាងមុខ ដោយលោកបានសន្យាថា នឹងខិតខំធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ មានសម្លេងគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនឡើងថែមទៀត។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ