រ៉យទ័រ ផ្សាយឱ្យដឹងថា អីុកៀ (IKEA)ជាក្រុមហ៊ុនគ្រឿងសង្ហារិម និងតុបតែងលម្អរបស់ស៊ុយអែតបានប្រកាសបង្កើតមុខជំនួញថ្មី ដោយត្រៀមបើកសណ្ឋាគារដ៏ស្រស់ស្អាត ប៉ុន្តែថ្លៃឈ្នួលទាបចំនួនជាង១០០កន្លែងនៅទ្វីបអឺរ៉ុប ។ វេបសាយហ្វុក ញូវ (Fox News)របស់អាមេរិកបញ្ជាក់ថា ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមដ៏ធំនៅលើពិភពលោក ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៣នៅប្រទេសស៊ុយអែត និងបច្ចុប្បន្នមានទីតាំងស្ថិតនៅទីក្រុងដេល (Delft)ប្រទេសហូឡង់នេះមានគម្រោងបើកសណ្ឋាគារថ្លៃបន្ទប់ទាបប្រហែលជាង១០០កន្លែងនៅអឺរ៉ុប ។
លោកហារ៉ាល មូលល័រ ប្រធានគម្រោងរបស់អីុនធ័រអីុកៀ ជាក្រុមហ៊ុនម្ចាស់ស្លាកយីហោ អីុកៀ ដ៏ល្បីបានឱ្យដឹងថា ក្រុមហ៊ុននឹងបើកសណ្ឋាគារថ្លៃជួលទាបជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ។ លោកមូលល័រ បញ្ជាក់ថាជំនួញផ្នែកសណ្ឋាគារដែលកំពុងថយចុះ បណ្តាលមកពីបញ្ហាសេដ្ឋកិច្ច និងវិធានការរឹតបន្តឹងរបស់ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងតម្រូវការរបស់ភ្ញៀវទេសចរ ដែលត្រូវការកន្លែងស្នាក់ ស្ថិតក្នុងតម្លៃទាបគឺជាផ្នែកមួយនៃកម្លាំងជំរុញដ៏សំខាន់ ធ្វើឱ្យក្រុមហ៊ុនអីុកៀ ត្រូវចូលបំពេញបន្ថែមក្នុងចន្លោះគម្លាតនៃជំនួញនេះ ។
នៅក្នុងរបាយការណ៍បញ្ជាក់ថា សណ្ឋាគារទាំង១០០កន្លែងនឹងមិននាំយកគ្រឿងសង្ហារិមដែលផលិតដោយអីុកៀ រួមទាំងនិមិត្តរូបរបស់អីុកៀទៅប្រើប្រាស់ជាវត្ថុតាំងលម្អឡើយ ។ រ៉យទ័រផ្សាយថា អីុកៀកំពុងទិញដីធ្លីសម្រាប់ឆ្លើយតបនឹងជំនួញផ្នែកសណ្ឋាគាររបស់ខ្លួនក្នុងពេលអនាគត ទាំងក្នុងប្រទេសបែលហ្ស៊ិក អូទ្រីស ហូឡង់ អង់គ្លេស រួមទាំងប្រទេសនៅអឺរ៉ុបខាងកើត ដូចជាប៉ូឡូញជាដើម ៕


ចែករំលែកព័តមាននេះ