ទីភ្នាក់ងារព័ត៌មានផ្លូវការអីុរ៉ង់ IRNA អះអាងកាលពីថ្ងៃទី១៨ សីហា ថា ប្រតិកម្មរបស់អីុរ៉ង់ ចំពោះរាល់ការគំរាមកំហែង និងការឈ្លានពានរបស់អីុស្រាអែលប្រឆាំងដែនដីអីុរ៉ង់ នឹងជាប្រតិកម្មយ៉ាងរហ័សបំផុត និងខ្លាំងក្លា ។យោងតាមម៉ាស៊ីនឃោសនាអីុស្រាអែលថា នាយករដ្ឋមន្ត្រីប្រទេសនេះលោកបេនចាមីន នេតាន់យ៉ាហ៊ូ អាចសម្រេចបើកធ្វើការវាយប្រហារមួយមកលើបណ្តាទីតាំងនុយក្លេអ៊ែរអីុរ៉ង់ក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ។
ក្នុងសេចក្តីថ្លែងការណ៍ប្រាប់ IRNA មេបញ្ជាការកងទ័ពអីុរ៉ង់ឧត្តមសេនីយ៍អាមៀរ អាលី ហាជី ហ្សាដេហ៍ និយាយថា ប្រសិនបើពួកស្យូនីស្ត អនុវត្តការគំរាមកំហែងរបស់ពួកគេ នោះពួកគេនឹងផ្តល់ឱកាសដ៏ប្រសើរ ដើម្បីកម្ទេចអីុស្រាអែល ។ ក៏ប៉ុន្តែលោកវាយតម្លៃថាការគំរាមកំហែងទាំងឡាយរបស់បណ្តាមេដឹកនាំអីុស្រាអែលមុនកិច្ចប្រជុំកំពូលរបស់ចលនាមិនចូលបក្សសម័្ពន្ធនៅក្រុងតេហរ៉ង់ និងការបោះឆ្នោតប្រធានាធិបតីអាេមរិក គ្រាន់តែជាការឃោសនា និងជាសង្គ្រាមចិត្តសាស្ត្រមួយប៉ុណ្ណោះ ។
សហរដ្ឋអាេមរិក និងអីុស្រាអែល ដែលសង្ស័យថា អីុរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ ក្រោមការបិទបាំងនៃកម្មវិធីនុយក្លេអ៊ែរស៊ីវិលនោះពុំបដិសេធឡើយនូវការជ្រើសរើសខាងយោធា ដើម្បីវាយប្រហារបណ្តាទីតាំងនុយក្លេអ៊ែរអុីរ៉ង់ ៕
ចែករំលែកព័តមាននេះ