យោងតាមក្រសួងមហាផ្ទៃលីប៊ីថា ការវាយប្រហារភេរវកម្មដោយរថយន្តបង្កប់គ្រឿងផ្ទុះ២ កើតមានកាលពីព្រឹកព្រលឹមថ្ងៃទី១៩ សីហា នៅកណ្តាលក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ីបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និងរបួស៤នាក់ ។ ក្រសួងនេះបានទម្លាក់ការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ទៅលើមនុស្សនៃអតីតរបបលោកមូអាម៉ា កាដាហ្វី។
វរសេនីយ៍ឯកម៉ាមូដ អាល់ចេរីហ្វ ប្រមុខភ្នាក់ងារសន្តិសុខក្រុងទ្រីប៉ូលីគូសបញ្ជាក់ថា រថយន្តមួយបានផ្ទុះជិតបណ្ឌិតសភាយោធាស្ថិតនៅតាមវិថី OMAR AL-MOKHTAR កណ្តាលក្រុងទ្រីប៉ូលី បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរបួស៤នាក់ ហើយរថយន្តទី២ផ្ទុះជិតក្រសួងមហាផ្ទៃពុំបណ្តាលឱ្យមានជនរងគ្រោះឡើយ ។
ការវាយប្រហារទាំងនេះកើតមានចំថ្ងៃបុណ្យអ៊ិស្លាមដែលកំណត់ពីការបញ្ចប់ខែរ៉ាម៉ា ដានរបស់អ៊ិស្លាម ។ យោងតាមវរសេនីយ៍ឯកអាល់ ចេវីហ្វថា ការផ្ទុះត្រូវបានបញ្ហាពីចម្ងាយតាមប្រព័ន្ធតេឡេកុំម៉ង់ ។ លោកបានចោទប្រកាន់ពួកអ្នកគាំទ្រអតីតរបបលោកមូអាម៉ាកាដាហ្វី ថា ជាអ្នកនៅពីក្រោយការវាយប្រហារទាំងនេះ ៕
ចែករំលែកព័តមាននេះ