រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ សីហា ឆ្នាំ២០១២ សាលារៀនសុវណ្ណភូមិ (ទីតាំងទេពផន)ដែលមានអាសយដ្ឋានផ្ទះលេខ៦A ផ្លូវលេខ ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក បានប្រារព្ធពិធីបើកការប្រកួតកីឡាសិស្សក្រោមអាយុ១៣ និង១៦ឆ្នាំ ក្រោមការអញ្ជើញចូលរួមពីលោកជា តុលា ប្រធានគណៈកម្មការបុណ្យជាតិ និងអន្តរជាតិនៃ អុិន ធី ស៊ី គ្រុប ថ្នាក់ដឹកនាំអុិន ធី ស៊ីគ្រុប គណៈគ្រប់គ្រងសាលារៀនសុវណ្ណភូមិ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងកីឡាករ កីឡាការិនីទាំងអស់ ។
ក្នុងឱកាសនោះដែរ លោកឡេង សាវុធ នាយកសាលារៀនសុវណ្ណភូមិ ទីតាំងទេពផន បានមានប្រសាសន៍ថា សាលាបានរៀបចំការប្រកួតកីឡានេះឡើងគឺក្នុងគោលបំណង ៖
-យើងរួមគ្នាលើកស្ទួយវិស័យកីឡាជាតិ
-កីឡានាំមកនូវសុខភាព
-កីឡាជៀសផុតពីគ្រឿងញៀន
-កីឡាជៀសផុតពីអំពើអបាយមុខផ្សេងៗ
-កីឡានាំមកនូវភាពលឿនជាង រហ័សជាង មាំមួនជាង និងឈ្លាសវៃជាង ។
ទាំងនេះជាគោលបំណងរួមមួយដែលគណៈគ្រប់គ្រងសាលា និងគណៈកម្មការរៀបចំការប្រកួតកីឡា មានបំណងឲ្យប្អូនៗ សិស្សានុសិស្សបានជ្រួតជ្រាប និងយល់ដឹងអំពីសារប្រយោជន៍ចំពោះការចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាដែលនៅពេលបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលផ្ទាល់យកចិត្តទុកដាក់ និងបំផុសវិស័យកីឡាគ្រប់សាលារៀន និងស្ថាប័នឯកជនទូទាំងប្រទេសឲ្យចូលរួមយ៉ាងសកម្មដើម្បីលើកស្ទួយវិស័យកីឡាក្នុងចំណោមសិស្សានុសិស្ស ក៏ដូចជាមហាជនឲ្យលេចធ្លោលើឆាកជាតិ និងអន្តរជាតិ ជាពិសេសការចូលរូមលេងកីឡាធ្វើឲ្យយើងទាំងអស់គ្នាចៀសផុតពីអំពើអបាយមុខផ្សេងៗ ។ ក្នុងនោះដែរ គណៈកម្មការរៀបចំការប្រកួតបានសម្រេចចិត្តយកតែ២វិញ្ញាសាដើម្បីប្រកួតគឺ
១-វិញ្ញាសាបាល់ទាត់ ចែកចេញជា២
-ក្រោមអាយុ១៣ឆ្នាំ ដែលមានកីឡាករចូលរួមចំនួន១២០នាក់
-ក្រោមអាយុ១៦ឆ្នាំ ដែលមានកីឡាករចូលរួមចំនួន ៤០នាក់
២-វិញ្ញាសាបាល់បោះចែកចេញជា២
-ក្រោមអាយុ១៣ឆ្នាំ មានកីឡាករចូលរួមចំនួន១២០នាក់
-ក្រោមអាយុ១៦ឆ្នាំ មានកីឡាករចូលរួមចំនួន៣៥នាក់
សរុបមាន១១ពូល ៣៥ក្រុម និងកីឡាករ កីឡាការិនីចំនួន៣១៥នាក់ ។
លោកជា តុលា ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិនៃអិុន ធី ស៊ី គ្រុប បានមានប្រសាសន៍ថា ការរៀបចំប្រកួតកីឡាសម្រាប់សិស្សនាពេលនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយវិស័យកីឡាដល់ក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី ឲ្យមានការយល់ដឹងអំពីសារប្រយោជន៍ និងការចូលរួមចំណែកនៅក្នុងការលើកកម្ពស់កីឡាជាតិឲ្យផុសផុលទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។ ទាំងអស់នេះគឺជាគោលការណ៍របស់ក្រសួងអប់រំ ដោយមានពាក្យស្លោកថា កីឡានាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព និងចៀសផុតពីគ្រឿងញៀន ។
ព្រឹត្តិការណ៍នៃការប្រកួតនេះគឺមានរយៈពេល៣ខែហើយដែលសាលារៀនសុវណ្ណភូមិទីតាំងទេពផន បានរៀបចំការប្រកួតកីឡា ដោយមានការចូលរួមពីសិស្សានុសិស្សក្រោមអាយុ១៣ និង១៦ឆ្នាំ គ្រប់ថ្នាក់សិក្សាទាំងអស់នៃថ្នាក់ចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស និងមានការចូលរួមសហការ យ៉ាងយកចិត្តទុដាក់ពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សដែលបានជំរុញឲ្យមានការប្រកួតកីឡាប្រកបដោយដំណើការជោគជ័យគួរជាទីមោទនៈ ៕


ចែករំលែកព័តមាននេះ