រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ក្បាច់ខ្មែរបុរាណជាលក្ខណៈអន្តរជាតិនៅសង្វៀនទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍ ទី១៨ សីហាបានបង្ហាញថា កីឡាករកម្ពុជាជាអ្នកទទួលបានជ័យជម្នះទាំង៣គូ ប៉ុន្តែក្នុងចំណោមគូអន្តរជាតិទាំង៣គូនោះ មានតែការប្រកួតរវាងកីឡាករ បឺត ខាំ និងកីឡាករថៃ លូខងឌីន ភេទសូរិយា ប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកទស្សនាផ្ទាល់ស្រែកហ៊ោកញ្ជ្រៀវស្ទើរកក្រើកសាលស្តាតចាស់ ដោយសារតែកីឡាករទាំងពីរនាក់បានវាយបកគ្នាទៅវិញទៅមកយ៉ាងចាស់ដៃពេញទាំង៥ទឹកនៅលើសង្វៀនតែម្តង ។
ការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥នេះ ត្រូវគេមើលឃើញថា មានភាពកក្រើកមិនចាញ់ការប្រកួតជាលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ CTN និងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ប៉ុន្មានឡើយ បើទោះនោះជាការប្រកួតមិត្តភាព មិនមែនជាការជួបគ្នាដណ្តើមខ្សែក្រវាត់រវាងកីឡាករខ្មែរ និងកីឡាករបរទេសក៏ដោយ ។ កីឡាករកម្ពុជាដែលបានចូលរួមប្រកួតជាមួយកីឡាករបរទេសនាឱកាសនោះ សុទ្ធតែធ្វើបានល្អគ្រប់គូប្រកួត បើទោះជាកីឡាករ បឺត ខាំ ដែលក្នុងពេលផ្គូផ្គង គឺត្រូវឱ្យប្រកួតជាមួយកីឡាករស្បែកខ្មៅមកពីប្រទេសអ៊ូហ្គង់ដា ស្រាប់តែត្រូវគេប្តូរឱ្យប្រកួតជាមួយកីឡាករជើងខ្លាំងមកពីថៃ លូកខងឌីនភេទ សូរិយា វិញ ធ្វើឱ្យលោកចង់ងឿកមិនចង់ឡើងរេញនៅមុនម៉ោងប្រកួតនោះក្តី ។
កីឡាករ បឺត ខាំ និយាយថា ក្នុងពេលផ្គូផ្គងលោកត្រូវប្រកួតជាមួយកីឡាករជើងថ្មីមកពីប្រទេសអ៊ូហ្គង់ដា អញ្ចឹងហើយទើបលោកពិបាកត្រៀមចិត្តនៅពេលមានការដោះដូរ ដោយគ្មានការគ្រោងទុកបែបនេះ ។ ក្រុមអ្នកគាំទ្រ បឺត ខាំ សម្តែងអារម្មណ៍បុកពោះមិនតិចឡើយ ដោយសារតែមុននេះ កីឡាករលូកខងឌីនភេទ សូរិយា របស់ថៃទើបតែឈ្នះកីឡាករ ជ័យ កុសល ក្នុងជំនួបនៅស្រុកខ្មែរ ។
លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់កម្ពុជា និងជាអ្នកផ្គូផ្គងការប្រកួតថ្នាក់អន្តរជាតិនេះ មិនអាចសុំការបញ្ជាក់ពីការដោះដូរគូនេះបានទេ ។ ប៉ុន្តែយោងតាមការឱ្យដឹងពីគណៈកម្មការផ្សេងទៀតបានអះអាងថា មូលហេតុនៃការដោះដូរនោះ គឺបណ្តាលមកពីកីឡាករស្បែកខ្មៅ មកពីប្រទេសអ៊ូហ្គង់ដានោះមានទម្ងន់ជាក់ស្តែងតិចជាងកីឡាករ បឺត ខាំ ច្រើនពេក ។ មន្ត្រីទាំងនោះថ្លែងថា មុនពេលបញ្ជូនកីឡាករមកភាគីខាងកីឡាករអ៊ូហ្គង់ដា បានប្រាប់ថាទម្ងន់របស់កីឡាកររូបនេះ៦៧គីឡូក្រាម ប៉ុន្តែដល់ពេលចាប់ថ្លឹងជាក់ស្តែងបែរជាខុសកីឡាករ បឺត ខាំ ដែលមានទម្ងន់ដល់៧២គីឡូក្រាមនោះច្រើនពេក ទើបត្រូវតែដូរគូជាបន្ទាន់ ។
យោងតាមលទ្ធផលប្រកួត កីឡាករកែងឆេះជង្គង់ហោះ វង្សណយ មកពីក្លិបកងពលតូចលេខ៣១របស់កម្ពុជា បានឈ្នះពិន្ទុកីឡាករថៃដារ៉ាថង សំរឹទ្ធិ ។
កីឡាករជង្គង់ទិព្វកែងឆេះ អូត ភូថង មកពីក្លិបសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ដែលបានប្តូរទៅប្រកួតជាមួយកីឡាករខ្លាខ្មៅមកពីប្រទេសអ៊ូហ្គង់ដា ដែលតាមគម្រោងជាគូប្រកួតរបស់កីឡាករ បឺត ខាំ នោះ បានផ្តួលគូប្រកួតឱ្យសន្លប់ក្នុងទឹកទី២ ខណៈដែលគូប្រកួតអន្តរជាតិចុងក្រោយ គឺកីឡាករក្រញាំពិស បឺត ខាំ មកពីក្លិបសាលវ័ន្តកីឡា ប្រកួតឈ្នះពិន្ទុកីឡាករថៃ លូកខងឌីនភេទ សូរិយា ទាំងប្រផិតប្រផើយ ៕
ចែករំលែកព័តមាននេះ