ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​ស៊ីរី​​នៅ​តែស្មោះត្រង់​​​នឹង​លោកអាសាដ

13 ឆ្នាំ មុន

អាជ្ញា​ធរ​​ស៊ីរី​​​កាលពីថ្ងៃទី​១៨ សីហា បាន​បដិសេធ​​ពាក្យចចាមអារ៉ាម​​​ដែលនិយាយ​ពីការ​រត់​ចោល​​ជួរ​របស់អនុ​ប្រធានាធិបតី​ស៊ីរី​លោក ហ្វារុក​​ អាល់​ចារ៉ា ​ចំណែក​​កង​ទ័​​ព​រដ្ឋាភិបាល​វិញ ​បានបង្កើន​​​​ការគាបសង្កត់​​​​លើ​បណ្តាទី​តាំង​របស់​ពួក​ឧទ្ទាម នៅក្រុង​​អាឡែប ​និង​នៅ​ភាគ​ខាង​កើត​​​​ប្រទេស ។

​​ដោយដក​ស្រង់​​​សេចក្តី​​ប្រកាស​មួយ​របស់​ខុទ្ទកាល័យ​អនុប្រធានាធិបតី ​ទូរទស្សន៍រដ្ឋស៊ីរី គូស​បញ្ជាក់​ថា ពាក្យចចាមអារ៉ាម​​​​នោះ​ចេញ​នៅ​ប្រទេស​ហ្ស៊ក​​ដានី ។ ​លោក​​ហ្វារុកអាល់ ​ចារ៉ា ​​គ្មាន​ពេល​​​ណាមួយ​នឹក​គិត​​​ចាកចេញ​ពី​ប្រទេស​ឡើយ ។ ការ​បដិសេធ​​នេះរបស់ក្រុង​​ដាម៉ាស់ ​​ធ្វើ​ឡើង​​២​ថ្ងៃ​​ក្រោយការប្រកាស​​ពីការរត់​​​ចោល​ជួរ​​​របស់ប្អូនជីដូន​មួយ​ម្នាក់របស់លោក ដែល​ជា​សមា​ជិក​​នៃភ្នាក់ងារ​​ស៊ើប​ការណ៍ ។

លោកចារ៉ា ត្រូវ​បានជ្រើស​តាំង​ជាអនុ​ប្រធានាធិបតី​​កាលពី​៦​ឆ្នាំមុន ក្រោយ​ការរត់​ចោល​ជួរ​របស់អ្នក​កាន់តំណែង​​នេះ​មុន​លោក គឺ​​លោកអាប់ឌូល ​ហាលីមកាដដាម ជាជនស៊ុននីត មាន​ដើម​កំណើត​នៅ​ខេត្តដឺ​រ៉ាអា ​ជា​ទីតាំង​​នៃ​ចលនា​​​តវ៉ា​​ប្រឆាំង​​របប​លោក​បាចា​អាល់អា​សាដ ។

​យោង​តាម​​​សេចក្តី​ប្រកាស​មួយ​ថា លោក​ហ្វារុក​អាល់ ចារ៉ា ខិតខំរួម​ចំណែក​ឱ្យ​មាន​ដំណោះ​ស្រាយ​​នយោ​បាយ​​មួយ​តាំងពី​ចាប់ផ្តើម​​ការបះ​បោរ​​មកម្ល៉េះ ។ ​​ម្យ៉ាងវិញ​ទៀត ​លោក​បានសម្រួល​​​​ដល់ការ​តែង​តាំង​​​លោក​ឡាក់​ដា ប្រាហ៊ីមីឱ្យ​កាន់​តំណែង​​អាជ្ញា​កណ្តាល​អន្តរ​ជាតិ​ក្រោយការលាលែង​របស់លោក​កូហ្វី​អាណាន់   ៕