ខេត្តប៉ៃលិន ៖ កសិករម្នាក់បានរងរបួសដាច់កែងជើងខាងស្តាំ និងរបួសជើងខាងឆ្វេងស្រាល ខណៈដែលគាត់ដើរបាញ់ថ្នាំស្មៅនៅក្នុងចម្ការពោតរបស់ខ្លួនបានដើរជាន់ទៅលើមីនប្រភេទគូថពិលមួយគ្រាប់នៅកប់ក្នុងដីដែលសេសសល់កាលពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៧ សីហា ២០១២ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ជនរងគ្រោះឈ្មោះស្វាយ បូវ ភេទប្រុស អាយុ៤៤ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានឱ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោង២រសៀលជនរងគ្រោះបានយកថ្នាំបាញ់ស្មៅទៅលាយទឹកបាញ់ក្នុងចម្ការពោតចំនួន២ហិកតា ជាមួយប្រពន្ធ និងកូនប្រុសម្នាក់នៅក្បែរមាត់អូរកន្លែងកើតហេតុ លុះបាញ់ថ្នាំស្មៅរហូតដល់ម៉ោង៣និង១០នាទីរសៀល ដោយដើរបាញ់ថ្នាំនៅមាត់អូរក្នុងចម្ការពោតដែលខ្លួនធ្លាប់ធ្វើរាល់ឆ្នាំក៏ជាន់ទៅលើគ្រាប់មីនប្រភេទគូថពិល ដែលផុសចេញពីក្នុងដី បណ្តាលឱ្យផ្ទុះឡើងត្រូវដាច់កែងជើងខាងស្តាំតែម្តង ។ ប្រភពបន្តទៀតថា ពេលផ្ទុះភ្លាមប្រពន្ធ និងកូនដែលឈរនៅក្បែរជនរងគ្រោះ បានក្រឡេកភ្នែកមើលទៅឃើញហូរឈាមចេញពីជើងស្តាំរបស់ជនរងគ្រោះរួចក៏ប្រញាប់ប្រញាល់ហៅបងប្អូន និងអ្នកជិតខាងឱ្យមកជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ត្រូវគ្រូពេទ្យវះកាត់ និងបានដេរភ្ជិតសាច់ទៅវិញ ហើយប្រាប់ថា មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ តែដាច់សាច់ និងបាក់ឆ្អឹងកែងជើងស្តាំជា២ចំហៀងបាត់ទៅហើយ ត្រូវសម្រាកព្យាបាលរយៈពេលយូរ ទើបអាចជាសះស្បើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ