ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​កាស៊ីណូ​ម៉ុក​បាយ ម្នាក់​ធ្លាក់​​ពីលើ​អគារ​កាស៊ីណូ​​ជាន់​ទី ២ សង្ស័យ​ថា មាន​គេ​ច្រាន​

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​នារី​វ័យ​​ក្មេង​ស្រស់​ស្អាត​ម្នាក់​ជា​បុគ្គ​​លិក​​កាស៊ីណូ​​ម៉ុក​បាយ បាន​ធ្លាក់​​ពី​លើ​អគារ​​កាស៊ីណូ​​ជាន់ទី​២ ​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​បាក់​ចង្កេះ និង​បាក់​.កជើង​ខាងស្តាំ​សន្លប់​ស្តូក​ស្តឹង​នៅ​នឹង​កន្លែង​​ ដែល​សង្ស័យថា មាន​មនុស្ស​ច្រា​ន ខ្លះ​ថា​​រអិល​ជើង​ធ្លាក់​ អ្នក​ខ្លះ​​ទៀត​ថា នារី​រងគ្រោះ​លោត​សម្លាប់​ខ្លួន ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ កាល​ពីវេលា​ម៉ោង​​២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩ សីហា ​២០១២ ​​នៅ​កាស៊ីណូ​​ម៉ុក​បាយ ខាងលិច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​ចម្ងាយ​​ប្រហែល​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​​បាវិត​កណ្តាល​ សង្កាត់​​បាវិត​ ក្រុង​បាវិត ។

នារីរងគ្រោះ​ឈ្មោះ​លី ស្រីពៅ ​អាយុ​២៣ឆ្នាំ ជា​បុគ្គ​លិក​​កាស៊ីណូ​ម៉ុក​បាយ ​មាន​ទីលំនៅ​ភូមិ​ថ្នល់​កែង ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប។ ​លោក​វរ​សេនីយ៍​​ត្រី កែវ គង់ អធិការ​នគរបាល​ក្រុង​បាវិត ប្រាប់​កោះ​សន្តិ​ភាពតាម​​ទូរស័ព្ទថា ​បើ​តាម​មន្ត្រី​​ប៉ូលិស​​ក្រសួង​មហា​ផ្ទៃ​​ប្រចាំការ​នៅ​កាស៊ីណូ​ម៉ុក​បាយ ​​ប្រាប់​ឱ្យ​​ដឹងថា ​​នៅ​យប់​កើតហេតុ​​​​នារី​រងគ្រោះ​​បាន​ផឹក​ស៊ី​ជា​មួយ​មិត្តភក្តិ​​៣​ទៅ​៤​នាក់​​ដែល​ធ្វើ​ការ​​ជា​មួយ​គ្នា​​នៅ​ក្នុង​​អគារ​ស្នាក់​​នៅ​របស់​បុគ្គ​លិក​​ជាន់​ទី២ រហូត​​ស្រវឹង​ជោក​​លែង​ដឹង​ខ្លួន​​​វង្វេង​ដើរ​ចេញពី​ក្នុង​បន្ទប់​​ក៏រអិល​​ជើងធ្លាក់​ពី​លើ​អគារ​តែម្តង ពុំ​មាន​អំពើ​ឃាត​កម្ម​​អ្វីទេ ។ ប៉ុន្តែ​​ទោះ​បី​​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​ប៉ូលិស​ក្រសួង​​មហា​ផ្ទៃ​បែប​នេះ​ក្តី​ក៏​ប៉ូលិស​​ក្រុង​បាវិត ​កំពុង​អង្កេត​ស្រាវជ្រាវ​រក​មិត្តភក្តិ​​ដែល​ផឹក​ស៊ី​ជា​មួយ​​​​គ្នា ដើម្បី​រក​ការពិត​ថា មាន​មនុស្ស​ច្រាន​​ ឬ​ធ្លាក់​ខ្លួន​ឯង ឬក៏​លោត​សម្លាប់​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕