ខេត្តព្រៃវែង ៖ មានអំពើហិង្សាក្នុងគ្រួសារមួយកើតឡើងរហូតដល់ឪពុកផ្ទុះកំហឹងទាញកាំបិតបុ័ងតោដេញកាប់ប្រហារ តែស្ត្រីជាប្រពន្ធ និងជាម្តាយបានស្ទុះចូលទៅរងកាំបិតជំនួសកូនប្រុស បណ្តាលឱ្យត្រូវមួយកាំបិតដាច់ដៃខាងឆ្វេងប្រកាច់ដេកសន្លប់នៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ សីហា ២០១២ វេលាម៉ោង៨យប់នៅភូមិត្រពាំងរំពាក់ ឃុំព្រៃគ្នេស ស្រុកមេសាង ។
ស្ត្រីរងគ្រោះឈ្មោះណយ សុខន អាយុ៤៣ឆ្នាំ ត្រូវប្តីឈ្មោះឃុយ យ៉ាវ អាយុ៥០ឆ្នាំ កាប់មួយកាំបិតបុ័ងតោដាច់ដៃឆ្វេងលើកួយដៃដួលសន្លប់នៅក្នុងថ្លុកឈាមត្រូវកូនៗនាំយកទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និងព្យាបាល ។ តាមប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះមានកូន៨នាក់ ស្រី៥នាក់ មានប្តីនិងប្រពន្ធបែកចេញ៣នាក់ និងទៅធ្វើការរោងចក្រ៣នាក់ នៅផ្ទះជាមួយ២នាក់ មុនពេលកើតហេតុបុរសជាប្តី «ឃុយយ៉ាវ» បាននិយាយស្តីបន្ទោសឱ្យកូនប្រុសថា មិនឱ្យដើរលេងពេលយប់ព្រលប់ខ្លាចមានរឿងមកដល់គ្រួសារពេលនោះកូនប្រុសបានតមាត់តកជាមួយឪពុកយ៉ាងខ្លាំងរហូតដល់ឪពុកទ្រាំមិនបានក៏ផ្ទុះកំហឹងទាញយកកាំបិតបុ័ងតោយារកាប់ទៅលើកូនប្រុសពេលនោះស្ត្រីជាប្រពន្ធឃើញបុរសជាប្តីយកកាំបិតកាប់ទៅលើកូនដូច្នេះក៏ស្ទុះចូលទៅរងជំនួស បណ្តាលឱ្យត្រូវមួយកាំបិតចំដៃខាងឆ្វេងដាច់នៅសល់តែស្បែកជាប់បន្តិចក៏ដួលសន្លប់នៅក្នុងថ្លុកឈាមតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ