ខេត្តព្រះសីហនុ ៖ នៅសណ្ឋាគារខ្សាច់មាសនាព្រឹកថ្ងៃទី១៨ សីហា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកសុខ សុង ប្រធានសភាពាណិជ្ជកម្មខេត្តបានជួបពិភាក្សាជាមួយប្រតិភូសភាពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក TAN SRI DATO SOONG SIEW HOONG ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ក្នុងគោលបំណងស្វែងរកដៃគូវិនិយោគរវាងប្រទេសម៉ាឡេស៊ី និងខេត្តព្រះសីហនុ មានដូចជាវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ជាដើម ។
ថ្លែងទៅកាន់ពាណិជ្ជករម៉ាឡេស៊ីដែលអញ្ជើញមកពីទីក្រុងគូឡាឡាំពួរ លោកវណ្ណ សុខហេង អ្នកសម្របសម្រួល និងជាអគ្គនាយកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការជួបជុំគ្នារវាងពាណិជ្ជករនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងពាណិជ្ជករទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ក្នុងការវិនិយោគលើគ្រប់វិស័យ ហើយក៏ជាពន្លឺសម្រាប់បំភ្លឺផ្លូវដល់អ្នកជំនួញ ឬពាណិជ្ជករក្នុងខេត្ត ដែលមានបំណងបណ្តាក់ទុន ក៏ដូចជាចាប់ដៃគូជាមួយប្រទេសម៉ាឡេស៊ីក្នុងអាជីវកម្មរបស់ខ្លួន ។
លោកសុខ សុង ប្រធានសភាពាណិជ្ជកម្មខេត្ត បានថ្លែងអំណរគុណគណៈប្រតិភូ ប្រទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ចស្វែងយល់អំពីសក្តានុពលក្នុងខេត្ត និងធុរកិច្ចពាណិជ្ជកម្ម ពិសេសក្នុងការបណ្តាក់ទុន និងចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយនឹងសភាពាណិជ្ជកម្មខេត្តព្រះ សីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះសីហនុ ក៏ដូចជាពាណិជ្ជករអាជីវករទាំងអស់ក្នុងខេត្តព្រះសីហនុ ។ ការរកឃើញដៃគូពាណិជ្ជកម្មនៅលើទឹកដីខេត្តព្រះសីហនុ គឺដើម្បីបង្កើនភាពរីកចម្រើន កាត់បន្ថយភាពក្រីក្រ ជួយជំរុញសេដ្ឋកិច្ចជាតិ ពិសេសជំរុញសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យមានសន្ទុះលឿនបន្ថែមទៀតលើគ្រប់វិស័យ ។
លោក TAN SRI DATO SOONG SIEW HOONG ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិនៃប្រទេសម៉ាឡេស៊ីបានថ្លែងអំណរគុណលោកសុខ សុង ដែលបានផ្តល់កិត្តិយស និងការគាំទ្រយ៉ាងពេញទំហឹងក្នុងសកម្មភាពចាប់ដៃគូវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ។ លើសពីនេះទៀត គឺការផ្សារភ្ជាប់ទំនាក់ទំនងប្រទេសទាំង២ឱ្យបានកាន់តែល្អប្រសើរ និងជិតស្និទ្ធ ដើម្បីឈានទៅដល់ចំណុចមួយដែលពិភពលោកចង់បាន គឺទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម ។
សូមបញ្ជាក់ថា ក្នុងដំណើរស្វែងយល់របស់គណៈប្រតិភូប្រទេសម៉ាឡេស៊ី នៅក្នុងខេត្តព្រះសីហនុ ក៏នឹងធ្វើទស្សនកិច្ចនៅឆ្នេរសមុទ្រខេត្តព្រះសីហនុ និងកំពង់ផែអន្តរជាតិខេត្ត ។ ទស្សនកិច្ចរោងចក្រស្រាបៀរអង្គរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ទាប់មកគណៈប្រតិភូនឹងបន្តដំណើរទៅកាន់រាជធានីភ្នំពេញវិញ ៕



ចែករំលែកព័តមាននេះ