ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​​កាំ​ភ្លើង​​បាញ់​គ្នា​​នៅ​សណ្ឋាគារ​​​សម្បត្តិផល​​រឿង​ស្រី​ស្នេហ៍​​ត្រូវ​ចាប់​ខ្លួន

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ បុរស​ជា​ខ្មាន់​​កាំ​ភ្លើង​​​ដែល​​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​ផ្ទុះ​អាវុធ នៅ​សណ្ឋាគារ​​​សម្បត្តិ​​ផល​ ស្ថិត​នៅបណ្តោយ​ផ្លូវ​លេខ​​១៥០​ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក​ កាល​ពី​ខែមុ​ន​ក្នុង​រឿង​​ដណ្តើម​​ស្រី​ស្នេហ៍​ ត្រូវ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​​រាជ​ធានី​ឃាត់​ខ្លួន​​​បាន​​ម្នាក់​ក្នុង​ចំណោម​​​បក្ស​ពួក​​២​នាក់​ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៧ សីហា នៅមុខ​អាកាស​យានដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ​ ។ ជន​សង្ស័យ​​ជា​ខ្មាន់​​កាំភ្លើង​នេះ​ឈ្មោះ សាន​ សុផល​ អាយុ​៣២ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​​លេខ​២១៣​ ​ផ្លូវ​លេខ​១៩ ភូមិ១១​ ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​​ឃុំ​​ដំរិល ស្រុក​អូរាំង​ឪ ខេត្ត​កំពង់ចាម​ ។

តាម​លោក​​វរសេនីយ៍​​ទោ​ ជួន​ ណារិន្ទ ប្រធាន​​ការិយាល័យ​​​នគ​របាល​​​ព្រហ្ម​​ទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានីភ្នំពេញ​​ បាន​ឱ្យដឹងថា ​តាម​ដម្លើយ​របស់​ឈ្មោះ សាន​ សុផល​ ថា កាល​ពី​ខែ​កក្កដា ២០១១ គេ​មាន​ទំនាស់​​​ជាមួយ​មិត្តភក្តិ​​​​ឈ្មោះ ផុន វុទ្ធា ដែល​កាល​ណោះខ្លួន​​​(សាន សុផល​)​បាន​​ណាត់​ឱ្យ​នារី​ឈ្មោះ វង្ស ពិសី​ ជាសង្សារ វុទ្ធា​ ទៅ​ជួប​គេ​នៅ​ក្បែរ​របង​វិទ្យាល័យ​​ព្រះ​ស៊ី​សុវត្ថិ ដើម្បី​យក​ប្រាក់​​១១០​ដុល្លារ​ ទៅ​សង​នាង​វិញ​​ដែល​ខ្លួន​បាន​ជំពាក់​​​កន្លង​​មក ។ ពេលនោះ​នាង​​​ក៏​បាន​​​​ទៅ​ជួប​តាម​​​ការ​ណាត់ ប៉ុន្តែ​មិនមែន​ទៅ​ម្នាក់​ឯង​ទេ​គឺ​នាង​បាន​ហៅ​​​សង្សា​រ នឹង​មិត្ត​ភក្តិ​​២នាក់​​​ទៀត​ទៅ​ជាមួយ។

លោក​ជួន​ ណារិន្ទ​ បាន​បន្ត​ថា​ ពេលជួប​គ្នា​​​នោះ សាន​ សុផល​ ​ក៏​ប្រគល់​ប្រាក់​​​១១០​ដុល្លារ​​ឱ្យ​ទៅនារី​ឈ្មោះ​ ពិសី ស្រាប់​តែ​ វុទ្ធា​​ នឹង​បក្ស​ពួក​បាន​​ស្ទុះ​​ទៅ​វាយ​​ទាត់​ធាក់​ឈ្មោះ សុផល ជា​ច្រើន​ដៃ​និង​បាន​យក​ទូរស័ព្ទ​​ដៃ​១គ្រឿង​​​ ខ្សែ.ក​​១ខ្សែ​លុយ​ក្នុង​ហោ​ប៉ៅ រួច​គេច​ខ្លួន​​​បាត់ ។ ទង្វើ​​​ទាំង​អស់​​នោះ​បានធ្វើ​​ឱ្យ​​​ សាន សុផល មានការ​​ឈឺ​ចាប់​​និង​កើត​​​ជាគំនុំ​​ជាប​់​រហូត​មក​ ប៉ុន្តែ​​រយៈ​ពេល​​​១​ឆ្នាំ ដែល​គេ​​មិន​បាន​ជួប​ជន​ខាង​លើ​​និងបក្សពួក​សោះ។ លុះ​ថ្ងៃទី​​១៦ កក្កដា ​២០១២​ ​សាន សុផល​ បាន​ទទួល​ដំណឹង​​ថា ឈ្មោះ​ វុទ្ធា និង​សង្សារ​ឈ្មោះ ពិសី កំពុង​​​ស្នាក់​នៅសណ្ឋាគារ​សម្បត្តិ​ផល​ បន្ទប់​លេខ​​៥១៦ ជាន់​ទី​៥ ស្ថិតក្នុង​សង្កាត់​​ទឹក​ល្អក់​​២ ខណ្ឌ​ទួលគោក ។ នៅ​​ម៉ោង​ប្រមាណ​​ជិត​១រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​​១៧ កក្កដា ឈ្មោះ សាន សុផល​ បានឱ្យ​មិត្តភក្តិ​​ម្នាក់​ឈ្មោះ វីន ​ជូន​ទៅកាន់​​សណ្ឋាគារ​​នោះ​ដើម្បី​សង​សឹក​ ។

ពេល​ទៅដល់​បាន​​ឃើញវុទ្ធា និង​​​នាង​ពិសី​​នៅជាមួយគ្នា​មែន​ ព្រម​ទាំង​​​មិត្តភក្តិ​​​គេ​​២នាក់​ទៀត​ ពេលនោះ​សុផល​បាន​សួរ​ទៅ​ វុទ្ធា ថា លើក​​មុន​​​ហេតុអី​បាន​ជាឯងព្រួត​គ្នា​វាយ​​​អញ ។ ខណៈ​​នោះ​ឈ្មោះ វុទ្ធា មិនបាន​តប​វិញ​ទេ​ខ្លួន​ក៏​ដក​​កាំភ្លើង​​​ខ្លី​ម៉ាក​​កា​៥៤​​ពី​ចង្កេះ​​ស្ទុះ​ទៅ​​វាយ​ក្បាល​​វុទ្ធា ទើប​មាន​ការ​​តបត​គ្នា​​ធ្វើឱ្យ​ផ្ទុះ​អាវុធ​​​១គ្រាប់​បណ្តាលឱ្យ​ឈ្មោះ​ វុទ្ធា​រង​របួសរួច​សាន សុផល ក៏​គេច​ខ្លួន​​តែ​ម្តង​ទៅ។

គួរ​​រំលឹក​ថា កា​រ​រៀប​រាប់​​​​ខាងលើ​​​នេះ​វា​ខុស​គ្នា​​ពី​ការ​ទទួល​ព័ត៌មាន​​​ក្រោយ​ពេល​កើតហេតុ​​ដែលប្រភព​​បានឱ្យ​ដឹងថា រវាង​ខ្មាន់​កាំភ្លើង​ និង​ជន​រងគ្រោះ​​​​​គឺ​ថាមិត្តភក្តិ​​ និង​គ្នា​ ហើយខ្មាន់​កាំភ្លើង​នេះ​តាម​​សុំ​ស្នេហ៍​នាង​ជា​សង្សារ​​របស់​មិត្ត​ភក្តិ​​​​ហើយ​នាង​បាន​ប្រាប់​ប្រុស​ស្នេហ៍​​របស់​ខ្លួន​ទើប​មានការ​​​ស្តី​បន្ទោស​​ហើយក៏​មាន​​​កំហឹង​​​នឹង​គ្នា​ដោយសារ​​​តែ​រឿង​ដណ្តើម​​ស្រី​ស្នេហ៍​ ។

លុះ​នៅ​ម៉ោង​​៤និង​៣០​នាទី​​​ថ្ងៃទី​​១៧ សីហា ​២០១២ ​នេះ​ត្រូវ​សមត្ថកិច្ច​​នគរបាល​​​ព្រហ្មទណ្ឌ​​កម្រិត​ធ្ងន់​​​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន ​នៅមុខ​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​​ភ្នំពេញ ខណៈ​​ជន​សង្ស័យ​ខាង​លើ​កំពុង​​​ធ្វើ​ដំណើរ​​​ទៅ​លេង​ផ្ទះមិត្តភក្តិ​​ ។ ក្រោយ​ពី​​ឃាត់​ខ្លួន​​​ជនសង្ស័យ​​ជាខ្មាន់​កាំភ្លើង​​ដែល​បាញ់​ប្រហារ​មិត្តភក្តិ​​​ ត្រូវ​សមត្ថកិច្ច​​​នគរ​បាល​​ការិយាល័យ​​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​​​កសាង​សំណុំរឿង​​បញ្ជូន​​ទៅកាន់​សាលា​​​ដំបូង​រាជធានី​តាម​ផ្លូវ​ច្បាប់ ៕