ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៨ សីហា លោកស្រី យិន សុគន្ធារី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងចម្រុះចុះទៅឆែកឆេរផ្ទះក្នុងដីឡូត៍មួយកន្លែងដែលសង្ស័យថា មានឃ្លាំងលាក់ទុកឈើគ្រញូងខុសច្បាប់ ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឆែកឆេររកឃើញឈើគ្រញូងដែលស្តុកទុកក្នុងឃ្លាំងដ៏ធំមួយរបស់ឈ្មួញឈ្មោះ ព្រេម រ៉ាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ ប្រកបមុខរបររកស៊ីឈើគ្រញូង រស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។ សមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញឈើគ្រញូងមានចំនួន៥១៨ដុំស្មើនឹង១.៨៩៥គីឡូក្រាម ហើយត្រូវបានដឹកយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខេត្ត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា ការចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ ព្រេម រ៉ាវុធ នេះគេមិនឃើញវត្តមានជននោះនៅផ្ទះទេ ទំនងជាដឹងខ្លួនមុនហើយរត់គេចខ្លួន ។ ពេលនោះគេឃើញតែម្តាយក្មេក និងបងប្អូនប្រុសមួយចំនួននៅចាំផ្ទះហើយលោកស្រីព្រះរាជអាជ្ញារងបានឱ្យសមត្ថកិច្ចកោះហៅម្ចាស់ផ្ទះចំនួន៣នាក់ក្នុងនោះរួមទាំងម្តាយក្មេករបស់ឈ្មោះ ព្រេម រ៉ាវុធ ផងដែលនៅចាំផ្ទះឱ្យមកបំភ្លឺនៅសាលាដំបូងខេត្ត ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋជាអ្នកជិតខាងនិយាយថា ឈ្មោះ ព្រេម រ៉ាវុធ នេះជាឈ្មួញដ៏ធំមួយដែលរកស៊ីឈើគ្រញូងក្នុងខេត្តបន្ទាយមានជ័យច្រើនឆ្នាំមកហើយ ។ សកម្មភាពរបស់ឈ្មួញរូបនេះគឺធ្វើឡើងតាមរូបភាពដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗមានដូចជា ឡង់គ្រីស័្សរ ឬកាមរីបាឡែន ជាដើម ដែលគេដឹងថា ឈើគ្រញូងទាំងនោះ ដឹកចេញពីប្រទេសថៃតាមច្រកព្រំដែន និងច្រករបៀងមួយចំនួន ក្នុងភូមិសាស្ត្រស្រុកថ្មពួក បឹងត្រកួន និងស្រុកអូរជ្រៅ ឃុំអូរបីជាន់ ជាដើម ។ ជាងនេះទៀត ជួនកាលគេដឹកពីខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប គឺសុខសប្បាយរហូតមិនដែលមានសមត្ថកិច្ចណានៅតាមដងផ្លូវរំខានដល់ការដឹកឈើយកមកស្តុកទុកយ៉ាងច្រើននេះទេ ។ ការដឹកជញ្ជូនភាគច្រើនធ្វើឡើងនៅពេលយប់ជ្រៅ គ្រាដែលសមត្ថកិច្ចមានការឆកល្វែង ហើយឈើទាំងនេះតាមការឱ្យដឹងគឺគេដឹកបន្តទៅខេត្តកំពង់ចាម និងទៅព្រំដែនវៀតណាម ។
ការចុះប្រតិបត្តិការរបស់សមត្ថកិច្ចចម្រុះដែលដឹកនាំដោយព្រះរាជអាជ្ញារងនៅពេលនេះ មជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យបានលើកឡើងថា វាជាការយឺតពេលបន្តិចហើយព្រោះឈ្មួញម្នាក់នេះបានធ្វើសកម្មភាពរកស៊ី ឈើគ្រញូងខុសច្បាប់ច្រើនឆ្នាំមកហើយ ដែលឈើគ្រញូងរាប់សិបគីបត្រូវបានដឹកជញ្ជូនយកទៅកាន់ប្រទេសវៀតណាម ។ ជាមួយគ្នានោះពួកគាត់ដាក់ការសង្ស័យថា ទំនងជាមេឈ្មួញឈ្មោះ ព្រេម រ៉ាវុធ បានផ្តល់ផលប្រយោជន៍ទៅឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនហើយមើលទៅ ទើបកន្លងមកបានជាអាចធ្វើសកម្មភាពយ៉ាងរលូនរហូតមកដល់ពេលនេះ ៕




ចែករំលែកព័តមាននេះ