រាជធានីភ្នំពេញ ៖ ច្បាប់ចរាចរណ៍បានកម្រិតមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទផ្ទុកទំនិញលើសចំណុះ ឬដឹកទំនិញសំពីងសំពោងខុសលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយ តែយានយន្តល្មើសទាំងនោះនៅហាក់ដូចជាមិនខ្លាចញញើតនឹងច្បាប់បើកបរនេះទេ ជាក់ស្តែងដូចម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅមួយគ្រឿងនេះបានដឹកកន្ត្រកជ័រសំពីងសំពោងដែលអ្នកជិះស្ទើររកកន្លែងអង្គុយមិនកើត បានបើកប៉ះរថយន្តឡិចស៊ីស RX 300 ពណ៌ស្ករមួយគ្រឿង បណ្តាលឱ្យក្រពឹតទ្វារហើយសងការខូចខាតចំនួន២៥
ដុល្លារ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣៥នាទីល្ងាចថ្ងៃទី១៨ សីហា នៅតាមវិថីឧកញ៉ាទេពផន កែងផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក តែហេតុការណ៍នេះ ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ ។សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ស្ករមួយគ្រឿងជិះគ្នាបីនាក់ប្តីប្រពន្ធ និងកូន ធ្វើដំណើរតាមវិថីឧកញ៉ាទេពផន ក្នុងទិសដៅពីកើតទៅលិច ដោយបត់ទៅស្តាំចូលផ្លូវលេខ២៧១ ។ គាប់ជួនពេលនោះ មានម៉ូតូឌ្រីមសេ១២៥ ដឹកកន្ត្រកជ័រសំពីងសំពោងធ្វើដំណើរស្របគ្នា ក៏បានប៉ះទ្វាររថយន្តបណ្តាលឱ្យក្រពឹត តែម៉ូតូពុំបានដួលឡើយ ។
នៅល្ងាចនោះ គេឃើញភាគីទាំងពីរមានទំនាស់ពាក្យសម្តីគ្នាដោយភាគីខាងរថយន្តបានទារ ថ្លៃខូចខាតចំនួន៤០ដុល្លារ ហើយភាគីខាងម៉ូតូបានហៅថៅកែមកដោះស្រាយព្រមទាំងនិយាយពាក្យមិនសមរម្យជាច្រើន ធ្វើឱ្យខាងរថយន្តខឹង ។ ការចរចាគ្នាពេញដោយកំហឹង តែចុងបញ្ចប់ភាគីខាងម៉ូតូបានចេញថ្លៃជួសជុលចំនួន២៥ដុល្លារទៅខាងរថយន្ត ។
គួរបញ្ជាក់ថា ម៉ូតូនោះដឹកកន្ត្រកជ័រសំពីងសំពោង ហើយអ្នកបើកបរជិះតែចុងកែបស្ទើរតែទប់ខ្លួនពុំជាប់ដែលការដឹកបែបនេះមិនគួរឱ្យមាននោះទេ ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃថែមទៀត ជាពិសេស គឺប៉ះពាល់ច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងធ្ងន់ធ្ងរសូមមេត្តាពិនិត្យមើលផង ៕




ចែករំលែកព័តមាននេះ